ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមយុទ្ធយោធា​ធំមួយ​ធ្វើ​ឡើងនៅ​ថៃ​ទោះ​បី​ស.រ.អា.​ព្រួយ​បារម្ភ​អំពី​របប​យោធាក៏ដោយ


កង​កម្លាំង​យោធា​ថៃ​ ថតរូប​ក្រោយ​មាន​ការ​ហាត​សម​អំពី​វិធី​ជម្លៀស​ប្រជាជន​ស៊ីវិល។
កង​កម្លាំង​យោធា​ថៃ​ ថតរូប​ក្រោយ​មាន​ការ​ហាត​សម​អំពី​វិធី​ជម្លៀស​ប្រជាជន​ស៊ីវិល។

នៅ​មានភាព​តានតឹង​តទៅ​ទៀតរវាងក្រុម​ប្រឹក្សា​យោធានៃ​ប្រទេស​ថៃ​ដែល​បាន​ក្តាប់​អំណាចពី​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​ប្រទេស​នេះ​កាល​ពី​ខែ​ឧសភា​មុន​និង​ស.រ.អា.​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​ច្បាប់អាជ្ញា​សឹក​និង​ការ​វិល​ត្រទ្បប់​មក​វិញ​នៃ​ការគ្រប់គ្រង​បែប​ប្រជាធិបតេយ្យ​។​ ការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ក្នុងសមយុទ្ធហ្វឹកហ្វឺន​យោធា​ពហុជាតិ​ប្រចាំឆ្នាំនៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ។

មាន​ការ​រង្គើ​ផែនដី​ខ្លាំង​មួយ​នៅក្នុង​ប្រទេសអាស៊ី​មួយ​នេះ។ ​ប្រទេស​នានា​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ជួយ​សង្គ្រោះជន​ជាតិ​បស់​គេ​ដែល​មាន​ការភ័យ​ខ្លាច​និង​នាំ​យក​ពួក​គេ​ចេញ​ពី​គ្រោះថ្នាក់។​ នេះ​ជា​ឆាក​ដែលត្រូវ​បាន​រៀបចំ​ឲ្យ​មាន​ទ្បើង​នៅ​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅក្នុង​សមយុទ្ធ​យោធាមួយ​ឈ្មោះ​ Cobra Gold។

សមយុទ្ធ​ពហុជាតិ​ប្រចាំឆ្នាំ​នេះ​ដែល​មានធ្វើ​ជាង​៣០ឆ្នាំមក​ហើយ​នោះ​ នៅ​ឆ្នាំ​នេះ​មាន​ទាក់ទិន​នឹង​អ្នក​ចូលរួម​និង​ពួក​អ្នក​សង្កេតការ​ប្រមាណ​៦ពាន់​៧រយ​នាក់​មក​ពី​ប្រទេសជាតិ​២៤។​

ក៏ប៉ុន្តែ​សមយុទ្ធ​នៅ​ឆ្នាំ២០១៥​នេះ​សឹង​តែ​មិន​អាច​កើត​មានបាន។ ស.រ.អា.បាន​ពិចារណា​យ៉ាង​ខ្លាំង​អំពី​ការ​លប់​ចោល​សមយុទ្ធ​នេះ​នៅ​ក្រោយ​ពួក​យោធា​នៃ​ប្រទេស​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​កាល​ពី​ឆ្នាំ​ទៅមិញ។ ​នៅ​ទីបញ្ចប់​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​សមយុទ្ធ​ Cobra Gold​ នេះ។

លោក​ Gregory Poling ​ជា​អ្នកវិភាគ​នៅ​ឯមជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ខាង​យុទ្ធសាស្ត្រ​និង​ខាង​អន្តរជាតិ​ហៅ​កាត់ថា CSIS ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ លោក​និយាយ​ថា​ ស.រ.អា.​ចង់​បញ្ជូន​សារ​មួយ​ទៅ​ឲ្យ​ប្រទេស​ថៃ។ ​«ស.រ.អា.នៅ​តែ​ជា​មិត្ត​យូរយា​មក​ហើយ​មួយ​នៃ​ប្រទេស​ថៃ។ ​ប្រទេស​ថៃជា​សម្ព័ន្ធមិត្ត​យូរបំផុត​របស់​យើង​ក្នុង​ទ្វីបអាស៊ី ​ក៏​ប៉ុន្តែ​ក៏​មាន​សញ្ញា​មួយនៃ​ការ​មិន​សប្បាយ​ចិត្ត​ជា​មួយ​រដ្ឋប្រហារ​នោះដែរ‍»។

លោក​ឧត្តមនាវី​ត្រី​ Wannapol Glormgeao ​នៃ​កង​រាជនាវី​ថៃ​បាន​សម្តែង​ការ​ធូរ​ចិត្ត​ដោយ​សមយុទ្ធ​ Cobra Gold​ បាន​ប្រព្រឹត្តិ​ទៅ​តាម​ការកំណត់​ក្នុង​ឆ្នាំ​២០១៥​នេះ។ តែយ៉ាង​ណា​ក៏​ដោយ​ក៏​លោក​បាន​សោក​ស្តាយ​អំពី​ការ​គ្មាន​ផ្នែក​ទាហាន​ជើង​ទឹក​ទ្បើងគោក។​

ឧត្តមនាវី​ត្រីរូបនេះ​នៃ​កង​ទ័ព​ជើង​ទឹក​ថៃ​បាន​សម្តែង​ការ​អរគុណ​ដល់ប្រទេស​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​សមយុទ្ធនេះ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ សមយុទ្ធនេះ​«មាន​សារៈសំខាន់​សម្រាប់​ប្រទេស​នីមួយៗ​ក្នុងការ​កែ​លម្អ​ការ​កសាង​ទំនាក់​ទំនង​និង​ក្នុង​ការ​ប្តូរ​ការពិសោធន៍​រវាង​គ្នាផ​ងដែរ។»

លោក​ពន្យល់​ថា ​ការ​ធ្វើ​ដូច​ហេតុការណ៍​ទាំង​នេះ​មានសារៈសំខាន់​សម្រាប់​កិច្ច​ប្រតិបត្តិការ​យោធា​មែន​ទែន។

លោក​ Hector Contreras ​អនុសេនិយ​ឯក​នៃ​កង​ទាហាន Marine ស.រ.អា.ដែល​ជា​មេ​បញ្ជាការ​នៃ​បេសកកម្ម​យោធា​ស.រ.អា.​សម្រាប់​ការ​ជម្លៀស​ពួក​ជន​ស៊ីវិល​យល់​ស្រប​ជាមួយ​ការ​យល់​ឃើញ​របស់​លោក ​Wannapol Glormgeao។

លោក​បាន​មាន​ប្រសាសន៍​ថា៖«ប្រសិនបើ​មាន​កិច្ចប្រតិបត្តិការ​ពិតប្រាកដ​មួយ​កើតមាន​ទ្បើង​ដូចជា​ការផ្តល់​ជំនួយ​មនុស្សធម៌​និង​ការផ្តល់​ជំនួយ​សង្គ្រោះ​គ្រា​មាន​មហន្តរាយ​ជាដើម​ យើង​ដឹង​ថា​យើង​មាន​ដៃគូ​នៅ​ក្នុង​តំបន់​នេះ​នៃពិភព​លោកដូច​ជាថៃ ​ជប៉ុន​ជាដើម​ដែល​អាច​ធ្វើជា​ដៃគូ​ជាមួយ​យើង​បាន​ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​យើង​ដើម្បី​ជួយ​ប្រជារាស្ត្រ​ក្នុង​មូលដ្ឋាន‍»។

តើ​នៅ​ឆ្នាំ​ក្រោយ​សមយុទ្ធ​ Cobra Gold ​នឹង​មាន​សភាព​ដូច​នៅឆ្នាំ​នេះ​ឬទេ​ ជា​ពិសេស​ប្រសិន​បើ​ប្រទេស​ថៃ​នៅ​តែ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​យោធា​ត​ទៅ​ទៀតនោះ?​ អ្នក​វិភាគ ​Gregory​ Poling ​នៃមជ្ឈមណ្ឌល CSIS និយាយ​ថា ​វា​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន។

«រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​អន្ទះសា​ចង់​ឃើញ​ពិតប្រាកដ​នៅ​ពេល​ណា​ក្រុម​យោធា​ថៃ​គ្រោង​នឹង​ថយ​ជំហាន​និង​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​លាស់​ថា​ យើង​ចង់​ឲ្យ​មាន​តុល្យភាព​បន្តិច។​ ក៏​ប៉ុន្តែ​យើង​រំពឹង​ថា​នឹង​ឃើញ​មាន​ការ​វិលត្រទ្បប់​ទៅ​កាន់​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​វិញ​នៅ​ចុង​ឆ្នាំ​២០១៥​ឬ​នៅ​ដើម​ឆ្នាំ២០១៦‍»។

ពួក​អ្នក​គាំទ្រ​ឲ្យមាន​ការ​ធ្វើ​សមយុទ្ធ​ Cobra Gold ​ត​ទៅ​ទៀត​បាននិយាយ​ថា ​ប្រសិន​បើ​ពួក​យោធា​ស.រ.អា.​ជ្រើស​រើស​មិន​ធ្វើការ​ទាក់ទង​ជាមួយ​ប្រទេស​ថៃ​ ក្រុម​ប្រឹក្សា​យោធា​ថៃ​អាច​ស្វះស្វែង​ឲ្យ​មានចំណង​ទាក់ទង​ជិតស្និទ្ធ​ជាងមុន​ជា​មួយ​ប្រទេសចិន៕

ប្រែសម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG