តុលាការនៅប្រទេសថៃបានចេញសេចក្តីសម្រេចថា គ្រួសារមួយដែលមានសមាជិក១៧នាក់ ដែលជាប់ការសង្ស័យថាជាជនមូស្លីមអ៊ុយហ្គ័រ (Uighur) ត្រូវស្ថិតនៅក្រោមការឃុំឃាំងបណ្តោះអាសន្ន រហូតដល់ពេលសញ្ជាតិរបស់ពួកគេត្រូវបានបញ្ជាក់។ រឿងក្តីនេះបានបង្កឲ្យមានការប្រឈមគ្នារវាងប្រទេសតួកគី និងចិន ខណៈដែលប្រទេសថៃហាក់ដូចជាស្ទាក់ស្ទើរនឹងការធ្វើសេចក្តីសម្រេចចិត្តមួយដែលអាចនឹងធ្វើឲ្យប្រទេសណាមួយនៅក្នុងចំណោមប្រទេសទាំងពីរខាងលើច្រាលកំហឹង។
តុលាការនៅប្រទេសថៃបានបដិសេធទឡ្ហីករណ៍គ្រួសារជនភៀសខ្លួនដែលថា ការឃុំខ្លួនដោយមិនមានពេលវេលាជាក់លាក់ក្នុងរាជាណាចក្រថៃ គឺខុសច្បាប់។
តុលាការបានបន្តថា អាជ្ញាធរប្រទេសថៃត្រូវតែបន្តឃុំខ្លួនពួកគេរហូតដល់អាជ្ញាធរទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណដែលផ្ញើមកទាំងពីប្រទេសចិន និងតួកគី។
មេធាវីរបស់គ្រួសារនោះ លោក Worasit Piriyawiboon បានថ្លែងថា សមាជិកទាំង១៧នាក់មានសាច់ញាតិ និងផ្ទះមួយខ្នងនៅប្រទេសតួកគី ហើយសញ្ជាតិរបស់ពួកគេគួរតែមិនមែនជាប្រធានបទជម្លោះតទៅទៀតទេ។
មេធាវីរូបនោះបានបន្តទៀតថា ពួកគេមានលិខិតឆ្លងដែនពីក្រសួងមហាផ្ទៃរបស់ប្រទេសតួកគី ដែលធ្វើឲ្យពួកគេជា«ប្រជាពលរដ្ឋផ្លូវការនៃប្រទេសតួកគី»។
ប៉ុន្តែរដ្ឋាភិបាលចិនបានអះអាងថា ជនភៀសខ្លួនទាំងនោះ គឺមកពីតំបន់ Xinjiang នៃប្រទេសចិន ហើយត្រូវតែបញ្ជូនត្រលប់ទៅមាតុប្រទេសវិញ។
អ្នកនាំពាក្យនៃក្រសួងការបរទេសរបស់ប្រទេសថៃ លោក Sek Wannamethee បានប្រាប់វីអូអេថា រដ្ឋាភិបាលនឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការក្នុងការឃុំខ្លួនពួកគេបណ្តោះអាសន្ន។
«ពួកគេត្រូវតែស្នាក់នៅប្រទេសថៃដើម្បីបញ្ជាក់សញ្ជាតិ។ ដូចនេះ គ្មានអ្វីត្រូវបានកែប្រែទេ»។
សមាជិក១៥នាក់នៃគ្រួសារ Teklimankan ត្រូវបានឃាត់ខ្លួនដោយប៉ូលិសមួយឆ្នាំមុន បន្ទាប់ពីបានធ្វើអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសកម្ពុជាទៅប្រទេសថៃ។ ចាប់ពីពេលនោះមកទល់បច្ចុប្បន្ន ក្រុមគ្រួសារនោះបានបង្កើតកូន២នាក់ហើយ។
មេធាវីនៃគ្រួសារនោះ និយាយថាក្រុមគ្រួសារ Uighursត្រូវតែចំណាយថ្លៃរស់នៅក្នុងមណ្ឌលឃុំឃាំង ក៏ដូចជាម្ហូបអាហារ ទឹក និងឱសថ ក្នុងករណីចាំបាច់។
នាយករងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំទ្វីបអាស៊ី លោក Phil Robertsonបាននិយាយថា សេចក្តីសម្រេចរបស់តុលាការប្រទេសថៃ ដែលមិនដោះលែងពួកគេទៅអាជ្ញាធរប្រទេសតួកគី គឺ«គួរឲ្យព្រួយបារម្ភជាខ្លាំង»។
«យើងកំពុងនិយាយអំពីក្មេងតូចៗ។ យើងកំពុងនិយាយអំពីទារក ដែលត្រូវបានថ្កោលទោសឲ្យស្នាក់នៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ ដែលណែនណាន់តាន់តាប់ និងគ្មានអនាម័យ ដោយមិនមានពេលវេលាច្បាស់លាស់។ នេះគឺពីព្រោះរដ្ឋាភិបាលប្រទេសថៃមិនចង់ជឿជាក់លើរដ្ឋាភិបាលប្រទេសតួកគី ដែលនិយាយថាមនុស្សទាំងនេះជាប្រជាពលរដ្ឋតួកគី»។
លោក Robertson ដែលឆ្លងឆ្លើយមកវីអូអេពីទីក្រុងប៊ែឡាំង បានកត់សម្គាល់ថាសេចក្តីសម្រេចរបស់រដ្ឋាភិបាលប្រទេសថៃក្នុងករណីដែលទទួលការតាមដានយ៉ាងជិតដិតនេះ មានផលប៉ះពាល់ទៅដល់ជនរងការឃុំឃាំងកាន់តែច្រើនជាងនេះទៅទៀត មិនត្រឹមតែគ្រួសារតែមួយនេះទេ។
«នៅពេលនេះ មានមនុស្សប្រមាណជាង៣០០នាក់ ដែលស្ថិតក្នុងស្ថានភាពជាប់គាំងបែបនេះ ដែលបានបង្អាកកិច្ចប្រឹងប្រែងវិលត្រលប់ទៅប្រទេសតួកគីវិញនៃក្រុមមនុស្ស ដែលបានអះអាងថាខ្លួនជាប្រជាពលរដ្ឋតួកគី ក៏ដូចជាក្រុមមនុស្សដែលទទួលបានការធ្វើបទសម្ភាសន៍ និងវាយតម្លៃដោយរដ្ឋាភិបាលតួកគី។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលតួកគីបាននិយាយថា «ពិតណាស់ ពួកគេជាប្រជាពលរដ្ឋយើង ហើយយើងចង់ឲ្យពួកគេត្រលប់ទៅវិញ»។
ដោយរងសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំង ប្រទេសនៅអាស៊ីមួយចំនួនដែលរួមមានកម្ពុជា ម៉ាឡេស៊ី បាគីស្ថាន និងថៃ បានបញ្ជូនជនភៀសខ្លួន Uighursទៅប្រទេសចិន។
តាមការប៉ានប្រមាណ នៅមាន Uighurs ប្រហែល១០លាននាក់ទៀតកំពុងរស់នៅខេត្ត Xinjiang។ ជនកុលសម្ព័ន្ធភាគតិចដែលនិយាយភាសា Turkic មិនទាន់ទទួលយកច្បាប់ចាត់ឡើងដោយរដ្ឋាភិបាលចិននៅឡើយទេ ដែលត្រូវបានចោទប្រកាន់ពីការគាបសង្កត់វប្បធម៌ និងសាសនារបស់ជនកុលសម្ព័ន្ធ Uighurs ៕
ប្រែសម្រួលដោយ វិញ សុជាតា