ប្រធានក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាចនៃប្រទេសថៃនិយាយថា លោកបានសុំឲ្យព្រះមហាក្សត្រនៃប្រទេសនោះអនុញ្ញាតិឲ្យដកច្បាប់អាជ្ញាសឹកដែលត្រូវបានដាក់បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំទៅចេញ។
នាយករដ្ឋមន្រ្តី Prayuth Chan-ocha បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ព្រះមហាក្សត្រ Bhumibol Adulyadej នឹងត្រូវសម្រេចថាតើលប់ចោលច្បាប់អាជ្ញាសឹកនេះឬក៏អត់ ទោះជាយ៉ាងណាក៏ដោយជំហាននេះត្រូវបានគេមើលឃើញថាគ្រាន់តែជាការបង្គ្រប់កិច្ច។
ច្បាប់អាជ្ញាសឹកបានផ្តល់អំណាចដ៏ច្រើនដល់ក្រុមយោធាដើម្បីបង្រ្កាបសេរីភាពនៃការនិយាយស្តី បង្ក្រាបលើគូប្រកួតប្រជែងខាងនយោបាយ ហើយនិងរារាំងការប្រមូលផ្តុំមនុស្សចាប់ពី៥នាក់ឡើងទៅ។
មេដឹកនាំយោធារូបនេះបាននិយាយថា បញ្ជារថ្មីដាក់ជំនួសច្បាប់អាជ្ញាសឹកនឹងត្រូវចេញនៅពេលឆាប់ៗនេះ ហើយនឹងត្រូវផ្អែកលើមាត្រាទី៤៤នៅក្នុងរដ្ឋធម្មនុញ្ញអន្តរកាល ដែលផ្តល់អំណាចយ៉ាងខ្លាំងដល់ក្រុមយោធា។
នាយករដ្ឋមន្រ្តីថៃនិយាយថា ក្រិត្យថ្មីនឹងនៅតែអនុញ្ញាតិឲ្យជនស៊ីវិលត្រូវកាត់ទោសនៅតុលាការយោធា។
ក្រុមយោធាបានដណ្តើមយកអំណាចកាលពីខែឧសភាឆ្នាំទៅ បន្ទាប់ពីលោកស្រី Yingluck Shinawatra ត្រូវបានដកចេញពីអំណាចដោយបញ្ជាររបស់តុលាការ។នេះជារដ្ឋប្រហារលើកទី១២របស់ក្រុមយោធានៅក្នុងរយៈពេល៨០ឆ្នាំចុងក្រោយនេះ។
ក្រុមមេដឹកនាំយោធាបាននិយាយថា រដ្ឋប្រហារនេះជាការចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីមានការតវ៉ាប្រឆាំងដោយហិង្សាអស់រយៈពេលជាច្រើនខែប្រឆាំងនឹងលោកស្រី Yingluck។
ប្រទេសថៃត្រូវបានគេឃើញថាមានភាពចលាចលខាងនយោបាយអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatraដែលជាបងប្រុសបង្កើតរបស់លោកស្រី Yingluck ដែលត្រូវទម្លាក់ចេញពីដំណែងដោយរដ្ឋប្រហារយោធាបន្ទាប់ពីរងការចោទប្រកាន់ពីបទពុករលួយ ប្រើអំណាចហួស ហើយនិងមិនគោរពព្រះមហាក្សត្រ។
លោក Thaksin នៅតែមានប្រជាប្រិយភាពដ៏ខ្លាំងក្នុងចំណោមប្រជារាស្រ្តទីជនបទ ហើយគណបក្សដែលលោកត្រួតត្រា បានទទួលជ័យជម្នះគ្រប់ការបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ២០០១មក៕