ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ របប​យោធា​ថៃ​ជា​គំរូ​មិន​ល្អ​ដល់​អាស៊ាន


លោក​ឧត្តមសេនីយ៍​ Prayuth Chan-ocha ចូល​រួម​កិច្ច​ប្រជុំ​​អាស៊ាន​នៅ​ទី​រដ្ឋធានី​ណៃពិដោ​​ប្រទេស​មីយាន់ម៉ា កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ស្ថេរភាព​នៅ​ក្នុង​ប្រទេស​ថៃដែល​កើត​ចេញ​ពី​ការ​គ្រប់គ្រង​អំណាច​របស់​របប​យោធា​ថៃ​ជា​សារ​មួយ​មិន​ល្អ​សម្រាប់​ប្រទេស​អាស៊ាន​ជិត​ខាង​ដែល​កំពុងធ្វើ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ដេត សុខឧត្តម ព្រឹទ្ធបុរស​ផ្នែក​កិច្ចការ​សិក្សាធិការ​នៃ​សាកលវិទ្យាល័យ​ហ្សាម៉ាន់។

លោក​ ដេត សុខឧត្តម ដែល​បាន​ស្រាវជ្រាវ​អំពី​នយោបាយ​ថៃ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​វិទ្យុ«វេទិកា​អាស៊ាន‍»​ (Hello VOA) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែ​មីនា ឆ្នាំ​២០១៥ ថា៖

«ក្នុង​ករណី​ដែល​យោធា​ថៃ​គាត់​កាន់​(អំណាច)​ទៅ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កន្លះ​ទៅ​មុខ​ទៀត ហើយ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​មាន​ស្ថេរភាព​ជាង​កាល​ពី​មុន​យោធា​កាន់​នោះ អញ្ចឹង​វា​នឹង​ផ្ញើ​សារ​អាក្រក់​មួយ​ដល់ប្រទេស​ជុំ​វិញ ជា​ពិសេស​គឺ​ប្រទេស​ភូមា​ហ្នឹង​ឯង។‍»

អ្នក​វិភាគរូប​នេះ​ពន្យល់​ថា ​រដ្ឋប្រហារ​ថៃ​ជា​គំរូ​មិន​ល្អ​ពីព្រោះ​ប្រទេស​ជិត​ខាង​ដូច​ជា​ភូមា ដែល​គេ​ស្គាល់​ថា​ជា​ប្រទេស​មីយ៉ាន់ម៉ា ប្រទេស​កម្ពុជា ព្រម​ទាំង​ប្រទេស​ឡាវ​ដែល​ប្រកាន់​របប​កុម្មុយនិស្ត​ផង​នោះ ប្រទេស​ទាំង​នេះ​អាច​លើក​យកករណីប្រទេស​ថៃ​ជា​លេស​ដើម្បី​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ប្រជាធិបតេយ្យ​ និងពី​ផល​ប្រយោជន៍​នៃ​ស្ថេរភាព​ដែល​កើត​ចេញ​ពី​របប​ដែល​មាន​និន្នាការ​ផ្តាច់ការ​។

ដោយ​ស្ថិត​នៅ​ចំ​ទីតាំង​ដ៏​មាន​យុទ្ធសាស្ត្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ថៃ​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាង​ប្រទេស​ជិត​ខាង​ខ្លួន​ទាំង​បួន​បញ្ជូល​គ្នា គឺ​សេដ្ឋកិច្ច​កម្ពុជា ឡាវ ភូមា និង​វៀតណាម។ ប្រទេស​ថៃ​ក៏​ជា​ប្រទេស​តែ​មួយ​គត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​ដែល​ជា​សមាជិក​ស្ថាបនិក​នៃ​សមាគម​អាស៊ាន ហើយ​ធ្លាប់​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​អង្គការ​តំបន់​នេះ រួម​ទាំង​ក្នុងកិច្ចការប្រជាធិបតេយ្យ​ផង។

​ប៉ុន្តែ​ភាព​សកម្ម​របស់​ប្រទេស​ថៃ​នៅ​ក្នុង​កិច្ចការ​អាស៊ាន​ត្រូវ​ថយ​ចុះ​ដោយ​សារ​ការ​ផ្ទុះ​ឡើង​នូវ​ភាព​តានតឹង​ខាង​នយោបាយ​ក្នុង​ស្រុក នៅ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ចេញ​ពី​តំណែង។ លោក​ ដេត សុខឧត្តម បាន​ចាត់​ទុក​លោក ថាក់ស៊ីន ថា​ជា​តួ​អង្គនយោបាយ​តែ​មួយ​គត់​ដែល​អាចមាន​កម្លាំង​ប្រឆាំង​នឹងស្ថាប័ន​យោធា​ថៃ​ដែល​ជា​តួ​អង្គ​នយោបាយ​ខ្លាំង​ជាង​គេ។​ នៅ​ឆ្នាំ​២០០៩ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​រំខាន​ដោយ​បាតុករ​ដែល​ជា​អ្នក​គាំទ្រ​លោក​ថាក់ស៊ីន។

លោក​បណ្ឌិត ដេត សុខឧត្តម ព្រឹទ្ធបុរស​ផ្នែក​កិច្ចការ​សិក្សាធិការ​នៃ​សាកលវិទ្យាល័យ​ហ្សាម៉ាន់​ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី«បញ្ហា​នយោបាយ​ថៃ​និង​ផលប៉ះពាល់​ដល់​សមាហរណកម្ម​អាស៊ាន‍‍»​នៅ​ក្នុង​កម្មវិធី​«វេទិកា​អាស៊ាន‍»​នៃ​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក​បណ្ឌិត ដេត សុខឧត្តម ព្រឹទ្ធបុរស​ផ្នែក​កិច្ចការ​សិក្សាធិការ​នៃ​សាកលវិទ្យាល័យ​ហ្សាម៉ាន់​ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី«បញ្ហា​នយោបាយ​ថៃ​និង​ផលប៉ះពាល់​ដល់​សមាហរណកម្ម​អាស៊ាន‍‍»​នៅ​ក្នុង​កម្មវិធី​«វេទិកា​អាស៊ាន‍»​នៃ​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក ដេត សុខឧត្តម ថ្លែង​ថា​ខណៈ​ដែល​ប្រទេសមីយ៉ាន់ម៉ា​និង​កម្ពុជា​កំពុង​ឆ្លង​កាត់​ដំណើការ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ ប្រព័ន្ធ​នយោបាយ​របស់​ថៃ​អាច​ជួយ​រារាំង​ដោយ​ប្រយោល​ដល់​ដំណើរការ​ទាំង​នេះ។ អ្នក​វិភាគ​រូប​នេះមិន​រំពឹង​ថា​នឹង​មាន​ការ​អន្តរាគមន៍​ចំពោះ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​ពី​សំណាក់​ប្រទេស​អាស៊ាន​ដទៃ​ទេ រួម​ទាំង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​គេ​តែង​ចាត់​ទុក​ថា​ជា​ប្រទេស​ទទួល​ជោគជ័យ​ក្នុងដំណើរការ​ទៅ​កាន់​លទ្ធិប្រជាធិបតេ្យ​នៅ​ក្រោយ​ពី​មាន​របប​យោធាមាន​អំណាច។

លោកស្រី Yenny Wahid កូនស្រី​របស់​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក អាប់ឌុ​លរ៉ាម៉ាន វ៉ាហ៊ីដ (Abdurrahman Wahid) បាន​ប្រាប់​ VOA ថា​ប្រទេស​ឥណ្ឌូនេស៊ី​ទំនង​នឹង​មិន​ប្រើប្រាស់​លក្ខណៈ​ខ្លួនជា​ប្រទេស​ធំ​ជាង​គេក្នុង​តំបន់​ដើម្បី​លូកលាន់​ក្នុង​នយោបាយ​ថៃ​ទេ ប៉ុន្តែ​នឹង​ដើរ​តួ​ជា​«គំរូ‍​ប្រជាធិបតេយ្យ»​សម្រាប់​ប្រទេស​អាស៊ាន​ផ្សេង​វិញ។

លោកស្រី​ថ្លែង​ថា៖ «ខ្ញុំ​មិន​គិត​ថា​យើង​អាច​និយាយ​ថា ​វិធី​ដែល​បាន​ជោគជ័យ​នៅ​ឥណ្ឌូនេស៊ីអាច​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ផ្សេង​ទៀត​បាន​ទេ‍។‍»

លោកស្រី​ថ្លែង​ថា​ សមាគម​អាស៊ាន​ជា​ទូទៅសង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​ជា​ជាង​បញ្ហា​ការ​ជ្រៀតជ្រែក​នយោបាយ​ប្រទេស​សមាជិក​របស់​ខ្លួន។ លោក​ស្រី​ថ្លែង​អំពី​គោលការណ៍មិន​ជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃ​ក្នុង​នយោបាយ​ថា៖ «មេដឹកនាំ​ជាច្រើន​រួម​ទាំង​ឪពុក​របស់​ខ្ញុំ​ផង (ប្រធានាធិបតី​ឥណ្ឌូនេស៊ី) បាន​ព្យាយាម​អនុម័តប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការ​ប្រឆាំង​មេដឹកនាំ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត។‍»

លោក​ ដេត សុខឧត្តម ថ្លែង​ថា​ថ្វីបើ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្លាស់​ប្តូរ​ទៅ​រក​ប្រជាធិបតេយ្យ​ឆាប់​ជាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​ក្តី ក៏​ជោគជ័យ​នេះ​មាន​កម្រិត។ លោក ដេត សុខឧត្តម​ បាន​លើក​ឧទាហរណ៍​ពី​ការ​សិក្សា​ថ្មី​មួយ​ដែល​បង្ហាញ​ថា​ការ​បោះឆ្នោត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​រួម​ទាំង​ប្រទេស​ឥណ្ឌូនេស៊ី​ផង មាន​គុណភាព​ទាប​នៅ​ឡើយ​ ហើយមិន​ប្រសើរ​ជាង​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​ប៉ុន្មាន​ទេ។

អ្នក​វិភាគ​រូប​នេះ​និយាយ​ថា​នៅ​ទី​បំផុតផល​ប៉ះពាល់​ពី​នយោបាយ​ប្រទេស​ដែល​សំខាន់​ដូច​ប្រទេស​ថៃ​នឹង​ជា​បញ្ហា​ដែល​តំបន់​អាស៊ាន​ទាំង​មូល​ត្រូវ​ដោះស្រាយ៖

«ជា​ធម្មតា​នៅ​ក្នុង​តំបន់​មួយដែល​សមមូល​គ្នា ធ្វើ​ការ​ជាមួយ​គ្នា កាល​ណា​នៅ​ក្នុង​ផ្នែកណា​មួយ​នៃ​តំបន់​នោះ​មាន​បញ្ហា​ ជា​ធម្មតា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ជះ​ដល់​ទាំង​អស់​គ្នា។‍»

XS
SM
MD
LG