ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​រាយការណ៍​ពិសេស​UN ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ជួប​លោក​  កឹម សុខា


រូបឯកសារ៖ លោក​ កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះជាតិ​ ជម្រាប​សួរ​អ្នកគាំទ្រ​គណបក្ស​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​វិញ​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះជាតិ​ ជម្រាប​សួរ​អ្នកគាំទ្រ​គណបក្ស​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​វិញ​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)

ចៅក្រម​ស៊ើបសួរ​តុលាការ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ ​រ៉ូណា​ ​ស្មីត​ ​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ជួប​ជាមួយ​លោក​ ​កឹម សុខា​ ​ប្រធាន​ក្រុម​ជំទាស់​ដែលកំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​លោក​ ម៉ាមូដ ហ្កាហ្កា (​Mahmoud Gahga) ​អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប្រាប់​ ​VOA​ ​តាមរយៈ​សារ​អេឡិចត្រូនិច ​ឬ​អ៊ីមែល​នា​ល្ងាច​ថ្ងៃអង្គារ​នេះ​ ​ដោយ​ស្រង់​យក​សម្តី​របស់​អ្នកស្រី​ ​រ៉ូណា ស្មីត​ថា៖​

«សំណើ​របស់ខ្ញុំ​សុំ​ជួប​ជាមួយ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​បដិសេធ​ដោយ​ចៅក្រម​ស៊ើបសួរ»។

យ៉ាងណា​ក្តី លោក​ ​ Mahmoud Gahga​ ​មិនបាន​ឆ្លើយតប​នឹង​សំណួរ​បន្ថែម​របស់​ ​VOA​ ​ពាក់ព័ន្ធ​នឹង​ការ​បដិសេធ​នេះ​ទេ។​

បើ​តាម​មន្រ្តី​ផ្នែក​ព័ត៌មាន​ ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ នា​ល្ងាច​ថ្ងៃអង្គារ​នេះ​ថា​ក្នុង​កាលវិភាគ​នៃ​ដំ​ណើរ​ទស្សន​ស្ស​កិច្ច​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នកស្រី​មាន​គម្រោង​ជួប​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប៉ុន្តែ​លោក​ថា​គម្រោង​នេះ​ត្រូវ​បាន​លុបចោល។

​អ្នករាយការណ៍​ពិសេស​របស់​ ​អ.ស.ប.​ ​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១១​ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី២៩​ ​តុលា​ ​ដល់​ថ្ងៃទី៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ច័ន្ទ​ ​អ្នកស្រី​បាន​និង​កំពុង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​រដ្ឋាភិបាល​ ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​តំណាង​អង្គទូត​នានា​នៅ​កម្ពុជា។​ ​អ្នក​ស្រី​បាន​បញ្ជាក់​ក្នុង​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ ​នា​ពេល​កន្លង​មក​ថាដំណើរ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ​២០១៨​នេះ​ អ្នកស្រី​នឹង​ផ្តោត​លើ​ការ​វិនិយោគ​និង​ស្ថាន​ភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។​

​លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រាប់​ ​VOA​ ​តាមរយៈ​សារ​អេឡិច​ត្រូ​និច​តេឡេ​ក្រាម​ថា​ចៅ​ក្រមស៊ើប​សួរ​បាន​ទទួល​នូវ​លិខិត​ស្នើសុំ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ​ដោយ​បាន​សម្រេច​មិនអនុញ្ញាត​លើ​ការ​ស្នើ​សុំ​នេះ​ ​ដោយ​អះអាង​ថា ​ចៅ​ក្រម​ស៊ើប​កំពុង​ស៊ើបសួរ​ករណី​លោក​ ​កឹម សុខា។

​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ថ្លែង​ស្រដៀងគ្នា​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះថា​ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​រាយការណ៍​ពិសេស​ចូល​ជួប​ជាមួយ​លោក​ ​កឹម សុខា​ ​គឺ​ជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ប្រាប់​ ​VOA​ ​ថាការណ៍​នេះ​ដោយ​សារ​តែលោក​ ​កឹម សុខា​ ​ នៅ​កំពុង​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ ​ដូច្នេះ​លោក​ថា​ ​មិន​មាន​ជន​ណា​អាច​ចូល​ជួប​លោក​ ​កឹម សុខា​ ​ដោយ​មិន​មានការ​អនុញ្ញាត​ពី​តុលាការ​នោះ​ទេ។

​លោក​មាន​ប្រសាសន៍​ថា៖​

«ជនសង្ស័យ​ស្ថិត​ក្រោម​អាណត្តិ​ ​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​តុលាការ គ្មាន​នរណា​ទៅ​ជ្រៀតជ្រែក​បាន​ទេ​ ​លើកលែងតែ​ដំណើរការ​យុត្តិធម៌​ហួសពី​ដែន​សមត្ថកិច្ច​របស់​តុលាការ​ត្រូវ​បាន​បញ្ចប់​ភារកិច្ច​ហើយ​ ​ទើបបាន​នាយក​រដ្ឋមន្រ្តី​អាច​មាន​សិទ្ធិ​ទៅតាម​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ»។

​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគ​ណ​បក្ស​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី១០​ ​ខែកញ្ញា ​ឆ្នាំ២០១៨ បន្ទាប់ពី​លោក​ជាប់ឃុំ​អស់​រយៈពេល​ជាង១ឆ្នាំ ដោយ​តុលាការ​ចោទ​លោក​ថា បាន​ឃុបឃិតជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន។

​ប្រធាន​គណបក្សជំទាស់​រូប​នេះ​ត្រូវ​បាន​នាំចេញ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​ ​បញ្ជូន​ទៅកាន់​ផ្ទះ​របស់​លោក​ក្នុង​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​ ​ដោយមាន​ការ​យាមកាម​ ​និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លោក​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នកគាំទ្រ​ ​ឬមិន​អាច​ចេញពី​បរិវេណ​ដែល​កំណត់​ជុំវិញ​ផ្ទះ​របស់​លោក​នោះ​ទេ។

​ក្រោយពី​មានការ​ដោះលែង​លោក កឹម សុខា​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ​ ​តែ​សម្រេច​ឃុំ​លោក​ក្នុង​ផ្ទះ​ជំនួស​វិញ​នោះ គេ​ឃើញ​សហគមន៍​អន្តរជាតិ​ជាច្រើន​បាន​រិះគន់​ជាបន្តបន្ទាប់​លើ​ចំណាត់ការ​នេះ ព្រមទាំង​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោ​ក​កឹម សុខា​ឲ្យ​មាន​សេរីភាព​ពេញលេញ។​ ​យ៉ាងណា​ក្តី ក្រុម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បានការ​ពារ​ការ​ឃុំខ្លួន​លោក កឹម សុខា​ ​ថា​ជា​ការអនុវត្ត​ផ្លូវច្បាប់​របស់​កម្ពុជា​ ​ទៅតាម​បែបបទ​នៃ​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ។

​ក្រៅពី​ការ​បដិសេធ​ការ​ស្នើ​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បដិសេធ​មិន​ឲ្យ​ប្រតិភូ​សហភាព​អន្តរ​សភា​ជួប​ជាមួយ​លោក​ ​កឹម សុខា​ ​ជា​បន្តបន្ទាប់​ផង​ដែរ។

​លោក​ ​អំ សំអាត​ ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រាប់​ ​VOA​ ​ថា​ អាជ្ញាធរ​កម្ពុជា​គួរតែ​អនុញ្ញាត​ឲ្យ​មាន​ជំនួប​រវាង​អ្នក​រាយការណ៍​ពិសេស​ ​របស់​អង្គការសហប្រជាជាតិ​ ជា​មួយ​លោក​ ​កឹម សុខា​ ​ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព​និង​ការវាយតម្លៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។

​លោក​បញ្ជាក់​ថា៖​

«យើង​ជា​សង្គម​ស៊ីវិល​យើង​នៅតែ​ព្រួយបារម្ភ​ ​ព្រោះ​ខ្លាច​លោ​មា​នការ​រិះគន់​ជា​បន្ត​ទៀត ពីព្រោះ​គេ​ថា​វា​អាច​អត់មាន​តម្លាភាព​ ​ឬក៏​អី​ ​នៅ​ក្នុង​ការ​ដែល​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មក​បំពេញបេសកកម្ម​នៅ​ប្រទេស​ក​កម្ពុជា​ ​ហើយ​នៅពេល​ដែល​ចេញ​របាយ​ការណ៍​ចុងក្រោយ​អាច​នឹង​មាន​បញ្ហា​ចម្រូងចម្រាស​ ​ឬក៏​មិន​ត្រូវ​បាន​ទទួលស្គាល់​ដោយ​រដ្ឋាភិ​បាល​ ​ដូច​ពេល​មុនៗ​ហ្នឹង»។

​តាមព័ត៌មាន​ដែល​ VOA​ ទទូល​បាន​ ​ឱ្យដឹង​ថា​ក្នុង​ថ្ងៃ​ទីពីរ​នៃ​ទស្សនកិច្ចរយៈ​ពេល​១១​របស់​អ្នក​រាយការណ៍​ពិសេស​ ​របស់​អង្គការ​សហប្រជាជាតិ​ ​អ្នកស្រី​ ​រ៉ូណា ស្មីត​ ជួប​មន្ត្រី​សិទ្ធ​មនុស្ស​ជា​បន្តបន្ទាប់​ហើយ​ក៏​គ្រោង​ណាត់​ជួប​ជាមួ​យ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ជា​ច្រើនរូប​ ​និងក្រុម​ជំទាស់។​ អ្នកស្រីក៏គ្រោងធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដើម្បី​ពិភាក្សា​អំពី​របក​គំហើញ​បឋម​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី៨ខែវិច្ឆិកា​ ​ដែល​ជាថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១១​ថ្ងៃ​របស់​អ្នកស្រី​ក្នុង​ប្រទេស​កម្ពុជា។​ ​របាយ​ការណ៍​ស្តីពី​ការ​វិវឌ្ឍ​នៃ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក៏​គ្រោង​នឹង​រៀបរៀង​ឡើង​ហើយ​ដាក់ជូន​អង្គការ​សហប្រជាជាតិ​ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG