ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​រាយការណ៍​ពិសេស​ ​អ.ស.ប.​ចាត់​ទុក​ការ​បោះឆ្នោត​ខែ​កក្កដា​ថា​ ​«មិន​ពិតប្រាកដ»​ ​បើ​គ្មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម


A couple takes a selfie at Nokonoshima Island Park on Nokonoshima Island, in Hakata Bay, Fukuoka prefecture, Japan, as the early-blooming cosmos flowers cover the park's 10,000-square-foot slope in pink and purple.
A couple takes a selfie at Nokonoshima Island Park on Nokonoshima Island, in Hakata Bay, Fukuoka prefecture, Japan, as the early-blooming cosmos flowers cover the park's 10,000-square-foot slope in pink and purple.

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​អ្នកស្រី រ៉ូណា ស្មីត បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ លុបចោល​បម្រាម​ហាម​ឃាត់​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​១១៨​នាក់​ មិន​ធ្វើ​នយោបាយ​ និង​សង្កត់​ធ្ងន់​ថា​ ការ​បោះឆ្នោត​ខាង​មុខ​នេះ​គឺជា​ការ​បោះឆ្នោត​បោក​បញ្ឆោត​ បើ​គ្មាន​គណបក្សប្រឆាំង​ចូល​រួម​ទេ​នោះ។​ ប៉ុន្តែ មន្ត្រី​អ្នក​នាំ​ពាក្យ​គ.ជ.ប.​ បាន​ថ្លែង​ថា ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ទោះបី​មិន​មាន​វត្តមាន​របស់​​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ។​

មេ​ដឹក​នាំ​កម្ពុជា​និង​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​(អ.ស.ប.​) បាន​ប្រកាស​ជំហរ​ផ្ទុយ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ ចំពោះ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៨​ ​ដែល​កាន់តែ​ខិត​ចូល​មក​ដល់។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះអាង​ថា​ ការ​បោះឆ្នោត​មិន​អាច​ពន្យារពេល​បាន​ទេ ខណៈ​ដែល​អ្នកស្រី ​រ៉ូណា ស្មីត​ (Rhona Smith)​ ប្រេសិត​ពិសេស​របស់​អ.ស.ប.​បានអំពាវ​នាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ពិតប្រាកដ​មួយ​ ពោល​គឺ​ត្រូវ​មានការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៧។​

អ្នកស្រី រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ដែល​បាន​បន្ត​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​និង​នយោបាយ​កម្ពុជា​យ៉ាង​ដិតដល់​នោះ​ បានថ្លែង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ការ​បោះឆ្នោតនៅ​ពេល​ខាង​មុខ​ គឺជា​ការ​បោះឆ្នោត​មិន​ពិត​ប្រាកដ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ត្រូវ​បាន​ផាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ។

អ្នកស្រី​ត្រូវ​បាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖​

«​ការ​បោះឆ្នោត​មួយ​មិន​អាច​ក្លាយ​ជា​ការ​បោះឆ្នោត​ពិតប្រាកដ​បាន​ទេ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម»។

អ្នក​ស្រី​ ស្មីត ​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់​ និង​លុបចោល​ការ​ហាម​ឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ឧត្ដម​ស្នងការ​អ.ស.ប.​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​យប់​ថ្ងៃ​ចន្ទ។

អ្នកស្រី​ ស្មីត ​បាន​បញ្ជាក់​បន្ថែម​តាម​ន័យ​ដើម​ថា៖​

«អ្នក​ដែល​គ្រប់​គ្រង​ប្រទេស​បច្ចុប្បន្ន​នៅ​មាន​ឱកាស​ចុង​ក្រោយ​មួយ​ ដើម្បី​បង្វែរទិសដៅ​បច្ចុប្បន្ន​ ហើយ​ងាក​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ពហុបក្ស​ និង​ការ​បោះឆ្នោត​ពិតប្រាកដ​ដែល​មាន​ចែង​ដោយ​រដ្ឋ​ធម្មនុញ្ញ ដោយ​ធានា​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់»។

​ការ​អំពាវនាវ​របស់​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃ​ចន្ទ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​តែ​មួយ​ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)​ ប្រកាស​ទទួល​ពាក្យ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​និង​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។​ តាម​ការ​បញ្ជាក់របស់​គ.ជ.ប. ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​និង​បេក្ខជន ​នឹង​ត្រូវ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៤​ ​ខែ​ឧសភា​ខាង​មុខ។

យ៉ាង​ណា​មិញ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​គាំទ្រ​ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោតដោយ​ គ.ជ.ប.​ ដោយ​លោក​ថ្លែង​ថា​ នឹង​មិន​មាន​ការ​ប្រែប្រួល​ជា​ដាច់ខាត។ ការ​អធិប្បាយ​របស់​លោក​ ហ៊ុន សែន​ បាន​ធ្វើ​ឡើង​មុន​ប៉ុន្មាន​ម៉ោង​នៃ​ការ​ចេញសេចក្ដី​ប្រកាស​របស់​អ្នកស្រី​ស្មីត។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​ លោក ហ៊ុន​ សែន​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​និង​ជា​មេដឹកនាំ​របស់​កម្ពុជា​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​បាន​មាន​ប្រសាសន៍​ថា​ បើ​ចង់​មានការ​ពន្យារពេល​បោះឆ្នោត​លុះ​តា្រ​តែ​មាន​ការ​កែ​ច្បាប់​រដ្ឋធម្មនុញ្ញ។​

«បើ​ចង់​ពន្យារ​ទៅ​កែ​រដ្ឋធម្មនុញ្ញ​ បើ​ចង់​ពន្យារ​ទៅ​កែ​ច្បាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​គ្មាន​សិទ្ធិ​ និង​ពន្យារ​ទេ​ព្រោះ​ នីតិវិធី​នេះ ​គាត់ដាក់​ចេញ​ដោយ​ផ្អែក​លើ​ច្បាប់​ដែល​យើង​ចេញ»។

លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​ថ្លែង​ចំ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ​ តែ​លោក​បាន​ថ្លែង​ក្នុង​ន័យ​ធៀប​ថា​ ខ្មោច​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ មិន​អាច​រស់​រាន​មាន​ជីវិត​វិញ​បាន​ទេ។

លោក ហ៊ុន សែន​ ថ្លែង​ថា៖​

«ខ្មោច​ដែល​វា​ងាប់​ហើយ​នោះ​ គេ​យក​ទៅ​កប់​ដុត​ មិន​ដឹង​ឆ្អឹង​នៅ​ឯណា​ វា​មិន​រស់​ឡើង​វិញ​ទេ។ វា​មាន​តែ​អ្នក​ដែល​បក្ស​នយោបាយ​ពិតប្រាកដ​តែ​ប៉ុណ្ណោះ​ ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ពិត​ប្រាកដ​នោះ។ ​អីចឹង​ស​ ខ្មៅ​វា​បាន​ឃើញ​ហើយ»។

លោក​ ហ៊ុន សែន​ បាន​ច្រាន​ចោល​ការ​ឃោសនា​ថា​ ប្រសិន​បើ​លោក​មិន​ពន្យារពេល​ការ​បោះឆ្នោត​នោះ​ លោក​នឹង​ត្រូវ​បាន​គេ​ចាប់​ខ្លួន។​ លោក​បាន​គំរាមបញ្ជា​កងទ័ព​ប្រឆាំង​នឹង​ជន​ណា​ដែល​មាន​ចេតនា​ចង់​ចាប់​ខ្លួន​លោក​ក្នុង​ប្រទេស​កម្ពុជា​ ​ប្រសិន​បើ​លោក​មិន​ព្រម​លើក​ពេល​ការ​បោះឆ្នោត។

​សេចក្ដីប្រកាស​របស់​ការិយាល័យ​ឧត្តម​ស្នងការអ.ស.ប.​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បានពណ៌នា​ពី​ការ​បង្ក្រាប​ខាង​នយោបាយ​កាល​ឆ្នាំ​មុន​ថា​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ត្រូវ​បាន​រំលាយ​ហើយ​សមាជិក​ចំនួន​១១៨​នាក់​នៃ​គណ​បក្ស​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាពនយោបាយ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ។​

អាសនៈ​ទាំង​អស់​របស់​គណបក្ស​នេះ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​សមាជិកមក​ពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ផ្សេង​ទៀត ដែល​មិន​ត្រូវ​បាន​ពល​រដ្ឋ​បោះឆ្នោត​ឲ្យ​នោះ​ទេ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ​បាន​រៀបរាប់​បន្ត​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​ គឺ​លោក​ កឹម សុខា​ ត្រូវ​បាន​ឃុំ​ខ្លួន​ តាំង​ពី​ខែ​កញ្ញា​ ហើយ​បច្ចុប្បន្ន​គាត់​នៅ​បន្តជាប់​ពន្ធនាគារ​នៅ​ឡើយ​ពី​បទ​អំពើ​ក្បត់​ជាតិ​ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ដែល​លោក​និយាយ​នៅ​ក្នុង​ឆ្នាំ​២០១៣​ ​ស្ដីពី​យុទ្ធ​សាស្ត្រ​នយោបាយ​ថ្នាក់​មូលដ្ឋាន​របស់​គាត់ ដើម្បី​ប្រជែង​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន។​ អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​នេះ​ម្នាក់​ទៀត​ គឺ​លោក​សម រង្ស៊ី​ កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ប្តឹង​ចោទប្រកាន់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា។

សេចក្ដីប្រកាស​របស់​អ្នកស្រី ស្មីត បាន​បន្ថែម​ថា​ សមាជិក​គាំទ្រ​ជាច្រើន​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ភៀសខ្លួន​ផង​ដែរ​ទៅ​ក្រៅ​ប្រទេស​ ដោយ​ភ័យ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​និង​ការ​បៀតបៀន​ផ្សេងៗ។​ អ្នក​ខ្លះ​បាន​ជាប់​ពន្ធនាគារ​ផង​ដែរ​ ​ជាមួយ​អតីតមេដឹកនាំ​គណបក្ស​នយោបាយ​ដទៃ​ទៀត​ រាប់​ទាំង​លោក ​ញឹក​ ប៊ុនឆៃ​ ​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ)​ ​និង​លោក​ ​សួន សេរីរដ្ឋា​ ​នៃ​គណបក្ស​អំណាច​ខ្មែរ។​ ​ក៏​ប៉ុន្តែ​លោក​ ​ញឹក ប៊ុនឆៃ​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ស្ថិតក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ ដោយ​តុលាការ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ដោះលែង​នេះ​ឡើយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។

​លោក​ ហង្ស ពុទ្ធា ​អ្នកនាំពាក្យ​គ.ជ.ប.​មាន​ប្រសាសន៍​ប្រាប់​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ្នកស្រី​ ស្មីត​ ទំនង​មិន​យល់​ពី​ទិដ្ឋភាព​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​មាន​ច្បាប់​ណា​ចែងថា​ បើ​គ្មាន​គណ​បក្ស​ប្រឆាំង​ឈ្មោះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មួយ​បាត់​សុពលភាព​របស់​ខ្លួន​នោះ​ឡើយ។

«ក្នុង​ច្បាប់​ហ្នឹង​គឺ​អត់​មាន​ទេ​ នែ៎!​ ថា​ទាល់​តែ​មាន​គណបក្ស​នេះ គណបក្ស​នោះ​ចូលរួម​បាន​អាចជា​ការ​បោះឆ្នោត​ត្រឹម​ត្រូវ។​ ចឹង​ខ្ញុំ​គិត​ថា​ រាល់​ការ​លើក​ឡើង​របស់​លោក​ស្រី​ គឺ​គ្រាន់តែ​ជា​ទស្សនៈ​ដោយ​ឡែក​មួយ​ដែល​មិនបាន​ឆ្លុះ​បញ្ចាំង​នូវ​ទិដ្ឋភាព​ច្បាប់​ហ្នឹង​ស្ថានភាព​សង្គម​ជាក់​ស្ដែង​ដែល​ប្រជាពលរដ្ឋ​ កំពុង​តែ​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​គ្រប់​ៗគ្នា​ ហើយ​គណបក្ស​នយោបាយ​យ៉ាងហោចណាស់​ ១០​ហើយ​បាន​ បង្ហាញ​ឆន្ទៈ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បាទ»។

លោក​ ​ហង្ស ពុទ្ធា​ បាន​បន្ថែម​ទៀត​ថា​ ការ​ពន្យារពេល​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ​ ដោយ​ហេតុ​ថា​គ.ជ.ប.​ ​គ្មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ពន្យារពេល​ការបោះឆ្នោត​ ដែល​រដ្ឋាភិបាល​ជា​អ្នក​កំណត់​ទៅតាម​ច្បាប់។

នៅ​ពេល VOA​ ​សួរ​លោក​អំពី​ការ​បារម្ភ​នៃ​ការ​ថយ​ចុះ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ ​លោក ហង្ស ពុទ្ធ​ បាន​រំពឹង​ទុក​ថា​ អ្នកបោះឆ្នោត​នឹង​តែ​មាន​ បើ​ផ្អែក​ទៅ​លើ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ដែល​រួមមាន​គណបក្ស​កាន់​អំណាច។​ ​

លោក​លើក​ឡើង​ថា​ ក៏​គ្មាន​ច្បាប់​ណា​ចែង​ថា ការ​បោះឆ្នោត​មួយ​មិន​អាច​យក​ជា​បាន​ប្រសិន​បើ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​មិន​លើស​ពី​៥០​ភាគរយ​នោះ។

បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ ​កឹម សុខា​ ​ក្រោម​ការ​សង្ស័យ​ថា​ លោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ការ​គាប​សង្កត់​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​និង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧​ ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ ដែល​រួមមាន​ស៊ុយអែត អាល្លឺម៉ង់​ ព្រមទាំង​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​និង​ប្រទេស​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ ដោយ​បាន​សម្ដែង​ក្ដី​បារម្ភ​ពី​ការ​ដើរ​ថយក្រោយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅ​មុន​ពេល​មាន​ប្រតិកម្ម​ពីលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​អ្នកស្រី​ ស្មីត​ ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នា​ពេល​ខាងមុខនេះ​ ក្រុម​អ្នក​នយោបាយ​មកពី​គណបក្ស​កាន់​អំណាច​ និង​គណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ បាន​ផ្ដល់​ទស្សនៈ​ផ្សេង​គ្នា​ ដោយ​ខាង​បក្ស​កាន់​អំណាច​ថា​គ្មាន​ការចរចា​ ដើម្បី​សម្រួល​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នោះ​ឡើយ​ ហើយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​គំនាប​សេដ្ឋកិច្ច​ ប្រសិន​បើ​ការ​បោះឆ្នោត​ខែ​កក្កដា​នេះ​ មិនបាន​ផ្ដល់​សេរីភាព​ឲ្យ​ម្ចាស់​ឆ្នោត​សម្ដែង​មតិ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​សម្រាប់​ការ​ដឹកនាំ​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព​គ្នា​នោះ៕​

XS
SM
MD
LG