ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​រិះគន់​ដល់​អ្នករាយការណ៍​ពិសេស​អ.ស.ប.​ចំពោះ​ការអធិប្បាយ​លើ​ការបោះឆ្នោត


រូបឯកសារ៖ អ្នកស្រី រ៉ូណា ស្មីត (ឆ្វេង) អ្នករាយការណ៍​ពិសេស​របស់​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្វើ​សន្និ​សីទ​ព័ត៌មាន អំពី​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១៤ ខែ​ មីនា​ ឆ្នាំ​​ ២០១៨។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ អ្នកស្រី រ៉ូណា ស្មីត (ឆ្វេង) អ្នករាយការណ៍​ពិសេស​របស់​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្វើ​សន្និ​សីទ​ព័ត៌មាន អំពី​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១៤ ខែ​ មីនា​ ឆ្នាំ​​ ២០១៨។ (ហ៊ុល រស្មី/VOA)

អ្នកស្រី​ រ៉ូណា ស្មីត​ ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ​(អ.ស.ប.)​ ​បានផ្តល់​ការ​អធិប្បាយ​តាម​ទំព័រ​ហ្វេសប៊ុក​ថា ​ជា​ការណ៍​ដែល​គួរឲ្យ​ព្រួយ​បារម្ភ​ដែល​មាន​របាយ​ការណ៍​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​ដក​ហូត​សេវា​សាធារណៈ​ ពី​អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់អំណាច។ រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ការអាក់អន់​ចិត្ត​ ហើយ​អះអាង​ថា ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​ទទួល​បាន​សេវា​សាធារណៈ ដោយ​គ្មាន​ការប្រកាន់​និន្នាការ​នយោបាយ។

​រដ្ឋាភិបាល​កម្ពុជា​សំដែង​ការ​មិនសប្បាយ​ចិត្ត​ ​ចំពោះ​សេចក្តី​អធិប្បាយ​របស់​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​(Rhona Smith)​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​បាន​បង្ហាញ​ការ​បារម្ភ​របស់​អ្នកស្រី​ ​ចំពោះ​ភាព​ស្របច្បាប់​នៃ​ការ​មិន​ចូល​រួមការ​បោះឆ្នោត​ ​និង​ការ​ចោទ​ប្រកាន់​ថា​ នឹង​មិនមាន​ការ​ផ្តល់​សេវា​សាធារណៈ​ ​ដល់​អ្នក​ទាំងឡាយ​ណា​ ដែល​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ដែល VOA បាន​ទទួល។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោតជាតិលើក​ទី​៦​ នៅ​ថ្ងៃ​អាទិត្យ​ទី២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ។​ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​នោះ មាន​សំឡេង​ឃោសនា​ជា​ច្រើន​ធ្វើ​ឡើង​ដោយ ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាចដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​បោះឆ្នោត​ដើម្បី​រក្សា​បាន​ស្ថិរភាព​សង្គម​ និង​ការ​អភិវឌ្ឍ​ ខណៈ​ដែល​ក្រុម​មេដឹកនាំ​និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​បើក​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​ ដែល​ពួក​គេ​ចោទ​ថា​ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។​

សេចក្តី​ប្រកាស​របស់​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​ចោទ​ថា​ ការ​ថ្លែង​កត់​សម្គាល់​របស់​អ្នកស្រី​ស្មីត​នានា​បាន​បង្ក​ឲ្យ​មានការ​ចោទ​សួរ​អំពី​ភាព​លម្អៀង​និង​ការ​វិនិច្ឆ័យ​ទុក​ជាមុន​ដោយមិន​មាន​ហេតុផល​ច្បាស់​លាស់​ ​នៅ​ក្នុង​បរិបទ​នៃ​ការ​បោះឆ្នោត​ដែល​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​នៅ​កម្ពុជា។​

ក្រសួង​ក៏​បាន​លើក​ឡើង​ថា​ ការ​អំពាវនាវ​របស់​អ្នករាយការណ៍​ពិសេសេ​ មាន​លក្ខណៈ​គាំទ្រ​ ដល់​យុទ្ធនាការ​ដែល​សម្រប​សម្រួល​ដោយ​លោក​ ​សម រង្ស៊ី​ ​និង​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​ស្រប​ច្បាប់​រួច​ទៅ​ហើយ​នោះ​ និង​ដែល​កំពុង​ព្យាយម​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ប្រកួត​ប្រជែង​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដោយ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បោះឆ្នោត​ធ្វើពិហការ​ការ​បោះ​ឆ្នោត​និង​បង្ហាត់​បង្ហាញ​ឲ្យពួកគេធ្វើ​ឲ្យ​ខូច​សន្លឹក​ឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ចុះថ្ងៃទី​២៣​ ខែ​កក្កដា ឆ្នាំ​២០១៨ បានសរសេរ​តាម​ន័យ​ដើម​ថា៖​

«មិន​ដូច​ប្រទេស​ខ្លះ​នោះ​ទេ​ កម្ពុជា​ មិនមាន​ច្បាប់ណា ដាក់​ទោស​ដល់​អ្នក​ដែល​មិន​បាន​ទៅ​បោះឆ្នោត​នោះទេ។​ ទោះ​ជា​យ៉ាង​ណា​ ច្បាប់​បោះឆ្នោត​របស់កម្ពុជាដាក់ទោស​តែ​អ្នកដែល​ទប់​ស្កាត់​អ្នក​ដទៃ​មិន​ឲ្យ​បោះឆ្នោត​ ដូច​ដែល​មានចែង​នៅ​ក្នុងមាត្រា​១៤២​នៃ​ច្បាប់​បោះឆ្នោត​ តែ​ប៉ុណ្ណោះ»។​

​ក្រសួង​ការបរ​ទេស​កម្ពុជា​បាន​ថ្លែង​បន្ត​ក្នុង​សេចក្តី​ប្រកាសខ្លួន​តាម​ន័យ​ដើម​ថា៖​

«អ្នក​រាយការណ៍​ពិសេស​ ​ហាក់ដូច​ជា​មើល​មិនឃើញ​ពី​ទង្វើ​ប្រជា​និយម​ដ៏​គ្រោះថ្នាក់​របស់​លោកសម រង្ស៊ី​ ​និង​ក្រុម​របស់​គាត់​ ដែល​បាន​អំពាវនាវ​ឲ្យ​យោធា​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ អុច​អាល​ឲ្យ​មានការ​ស្អប់​ខ្ពើម​ពូជសាសន៍​និង​ជន​បរទេស​ ព្រម​ទាំង​បង្ក​គំនិត​ជាតិ​និយម​ជ្រុល​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ទំនាក់​ទំនង​សន្តិភាព​ជាមួយ​ប្រទេស​ជិត​ខាង​មួយ​របស់​កម្ពុជា។ ការប្រព្រឹត្ត​បែប​នេះ​ ពុំ​មាន​ជា​លក្ខណៈ​លទ្ធិប្រជាធិបតេយ្យ​ ទាល់​តែ​សោះ​ ហើយដែលត្រូវ​ទទួលបាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។

កាល​ពីថ្ងៃ​ទី​២០ ខែ​កក្កដា​ ការិយាល័យ​ឧត្តម​ស្នង​ការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ហៅកាត់​ថា​ OHCHR បាន​ស្រង់​ប្រសាសន៍​របស់​ អ្នកស្រី​រ៉ូណា ស្មីត​ដែល​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​លើ​អ្នក​បោះឆ្នោត មក​បញ្ជាក់​លើ​ទំព័រ ហ្វេស ប៊ុក​របស់​ខ្លួន។

តាម​ទំព័រហ្វេសប៊ុក​របស់​ ​OHCHR​ ​បានបញ្ជាក់​ឲ្យដឹងថា​ អ្នករាយការណ៍​ ពិសេស បាន​សម្តែង​កង្វល់​អំពីរបាយការណ៍​នានា​របស់​តំណាង​រដ្ឋាភិបាល​ដែល​លើក​ឡើង​ថា ការ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​គឺ​ខុស​ច្បាប់ ហើយ​ថា​អាច​នឹង​មាន​ការ​ដាក់​ពិន័យ​លើ​មនុស្ស​ដែល​ផ្ញើ​សារ​អំពី​ការ​មិនបោះ​ឆ្នោត​ឲ្យ​គណបក្ស​ណាមួយ​ ឬ​ការ​ធ្វើ​ពហិការ​មិន​បោះឆ្នោត។ គួរឲ្​យ​ព្រួយ​បារម្ភ​ដូច​គ្នានេះ​ដែរគឺ​ថា​ ​មាន​របាយការណ៍​ដែល​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​ដក​ហូត​សេវា​សាធារណៈ​ពី​អ្នក​ដែល​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។ នេះ​គ្រាន់​តែ​បង្កើត​ឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច​និង​ការ​ភាន់ច្រឡំ​ប៉ុណ្ណោះ។

អ្នកស្រី​ស្មីត​ បាន​ថ្លែងបន្ថែម​ក្នុងន័យដើមថា៖​

«ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជៀស​វាង​ការ​រើសអើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​និង​សូម​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឲ្យ​ថ្កោលទោស​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​បំភិត​បំភ័យ​ដល់​អ្នក​បោះឆ្នោត​និង​សូម​ឲ្យ​បញ្ជាក់​អះ​អាង​ថា​ ការអំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​ដែល​មិន​មែន​ជា​កាតព្វកិច្ច​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បាន»។

ក្រសួង​ការបរទេស​កម្ពុជាបាន​វាយ​បក​ទៅ​អ្នកស្រី​ស្មីត​ថា​ ចំពោះ​របាយការណ៍​ដែល​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​មិន​ផ្តល់​សេវា​សាធារណៈ​ដល់​អ្នក​ដែល​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​សូមបញ្ជាក់​ជាថ្មី​ម្តងទៀត​ថា​ រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ធានា​ផ្តល់​ដល់​ប្រជាជនកម្ពុជា​ទាំងអស់​នូវ​សេវា​សាធារណៈ​ ដោយ​មិន​គិត​ពីនិន្នាការ​នយោបាយ​ និង​ឋានៈ​សង្គម​របស់​ពួកគេ​ឡើយ។

ក្រសួង​ការបរទេស​ក៏​បាន​ព្រមាន​អ្នកស្រី​ស្មីត​ «ឲ្យ​គោរពឲ្យបាន​ហ្មត់​ចត់​នូវ​ ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​ដែល​មាន​អាណតិ្ត​នៅក្នុងកិច្ច​ដំណើរ​ការ​ពិសេស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​និង​កូនសៀវភៅ​ណែនាំ​អំពី​ប្រតិបត្តិការ​នៃ​នីតិវិធី​ពិសេស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស»។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​បន្ថែម​ពី​លោក​ ជុំ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​បាន​ទេ​ នៅថ្ងៃ​អង្គារ​នេះ។

លោក​ ​Simon Walker​ ​អ្នកតំណាង​ការិយាល័យ​ឧត្តម​ស្នង​ការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​តាម​សារអេឡិចត្រូនិក​ឬEmail​ ថា​អ្នករាយ​ការណ៍ពិសេស​ដូច​ជា​ អ្នកស្រី​ស្មីត​មិនមែន​ជា​បុគ្គ​លិក​របស់​អ.ស.ប.ទេ​ ហើយ​ក៏​មិន​ចំណុះ​ឲ្យ​រដ្ឋាភិបាល​ និង​អង្គការ​ណា​នោះដែរ។ កិច្ចការ​របស់​ពួកគេ​ និង​ទំនាក់​ទំនង​របស់​ពួក​គេ​ជាមួយ​រដ្ឋាភិបាល​និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ដំណើរការការិយាល័យ​ឧត្តម​ស្នង​ការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ទំនាក់ទំនង​ការងាររបស់​ការិយាល័យ​នេះ​ ជាមួយ​រដ្ឋាភិបាល​និង​ភាគីផ្សេង​ទៀត។ ទាក់​ទិន​នឹង​ដំណើរ​ការ​បោះឆ្នោត​នោះ ​អ.ស.ប.​ នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ​ សង្ឃឹម​ថា​ នឹង​មាន​ការ​បោះឆ្នោត​ដែល​អាច​ទុក​ចិត្ត​បាន​ និង​ដែល​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ ហើយ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​និន្នាការ។

ក្នុង​ពេល​ប្រទេស​កម្ពុជា​ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នៅ​ចុង​ខែ​កក្កដា​នេះ​ ក្រុម​តំណាង​រាស្ត្រ​របស់​សភា​ម៉ាឡេស៊ី​មួយចំនួន​ ​ក៏​បាន​ទទូច​ស្នើ​រដ្ឋាភិបាល​ខ្លួន​ឲ្យ​មាន​វិធាន​ការ ​ដែល​អាច​នាំឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​មុន​។

លោក Wong Chen សមាជិក​របស់​គណបក្ស​យុត្តិធម៌​ប្រជាជន​នៃ​ក្រុម​សម្ព័ន្ធ​គណបក្ស​កាន់​អំណាច​ ​Pakatan Harapan​ ​បាន​បង្ហាញ​ពីការ​បារម្ភ​របស់​លោក​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជានិង​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ខ្លួន​ក្នុង​បញ្ហា​នេះ នៅ​ពេលគណបក្ស​ប្រឆាំង​ដ៏​សំខាន់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ និងមន្ត្រី​ជា​ច្រើន​របស់​គណបក្ស​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យធ្វើ​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ​ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​កម្ពុជា​ដែល​មាន​សមាជិក​ភាគ​ច្រើន​មក​ពី​គណ​បក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​តែង​តែ​ច្រាន​ចោល​ការ​រិះគន់​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​នានា​ដែល​រាប់​បញ្ចូល​ទាំង​អ្នកស្រី​ រ៉ូណា ស្មីត​ ​(Rhona Smith)​ ប្រេសិត​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​បាន​ប្រកាស​ច្បាស់ៗ​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​មិន​មែន​ជាការ​បោះឆ្នោត​ពិត​ប្រាកដ​នោះ​ឡើយ​ គ្រា​ដែលគណ​បក្ស​ប្រឆាំង​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នោះ។

នៅ​គ្រាការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​ចូលមក​ដល់​នោះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប)បាន​បន្ត​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ ដាស់​តឿន​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ នៅ​ចុង​ខែកក្កដា​នេះ ដើម្បី​អនាគត​គ្រួសារ​ និង​សង្គម​ជាតិ​កម្ពុជា។​ គ.ជ.ប​ ក៏បាន​ផ្ញើសារ​ព្រមាន​មេ​ភូមិ​និង​ជំនួយ​ការ​មេភូមិ​ថា​ គ្មាន​សិទ្ធិ​កត់ត្រា​ ឬ​សួរ​អ្នក​ភូមិ​អំពី​គោល​នយោបាយ​ ដែល​ពួក​គាត់​បោះឆ្នោត​គំាទ្រ​ឡើយ។

មាត្រា​១៤២​ នៃច្បាប់​ស្តីពីការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ បាន​ចែង​ថា៖ «ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ ប្រាំ​លានរៀល (ឬ​ប្រមាណ​ជា​១២៤០ដុល្លារអាមេរិក​)​ ទៅ​ ២០លាន​រៀល​ (ឬប្រមាណ​ជា​៥០០០​ដុល្លារ​អាមេរិក) ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ ចំពោះ​ជនណា​ ដែល​តាម​គ្រប់​ម​ធ្យោបាយ​ទុច្ចរិត»​ ដោយ​ក្នុង​នោះ​មាន​ការ​ រារាំង​ប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មិន​ឲ្យ​ទៅ​បោះឆ្នោត​ បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​បាន​ បង្ក​ការ​រំខាន​មិន​ឲ្យ​រាប់​សន្លឹក​ឆ្នោត​បាន​ និង​ទិញ​សន្លឹក​ឆ្នោត​ដោយ​សម្ភារៈ ​ឬ​ដោយ​ប្រាក់​កាស៕​

XS
SM
MD
LG