ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចោទ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ ​ថា​តែង​វាយ​ប្រហារ​កម្ពុជា​និង​មិន​សម​ជា​មន្ត្រី​អ.ស.ប.


រូបឯកសារ៖ លោក​ ផៃ​​ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសន៍​ដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានី​​ភ្នំពេញ​​, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ ផៃ​​ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសន៍​ដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានី​​ភ្នំពេញ​​, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/ VOA)

ក្រោយ​គណបក្ស​ប្រជាជនកម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​លើក​ទីប្រាំ​មួយ​​ ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ បាន​ចោទ​ជា​សំណួរ​អំពី «ភាព​ត្រឹម​ត្រូវ​ពិត​ប្រាកដ»​ ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្តក្នុង​ខែ​កក្កដា​នោះ។ មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ប្រមាណ​៨០​ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ ជា​ចម្លើយ​ត្រឹមត្រូវ​មួយ​ដល់​អ្នក​រាយការណ៍​របស់​អង្គការ​សហប្រជាជាតិ។​

បន្ទាប់​ពី​មាន​ការរិះគន់​ពីសំណាក់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អ្នកស្រី​ រ៉ូណា ស្មីត​ ​(Rhona Smith)​ ​អំពី​ការបាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​បែប​សេរី​និយម​ពហុបក្ស​ ​ក្រោយការ​បោះ​ឆ្នោត​ជាតិលើក​ទីប្រាំ​មួយ​ដែលគ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​នោះ​ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​វាយ​បក​ភ្លាម​ៗ​ថា​ ​ពលរដ្ឋ​កម្ពុជា​បានប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ពេញ​លេញ​ក្នុងការ​ជ្រើស​រើស​អ្នកកាច់​ចង្កូត​ប្រទេស​របស់​ខ្លួន​។

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​បានច្រាន​ចោល​ការ​អះអាងរបស់​អ្នកស្រី​ស្មីត​ ដោយ​លោក​បាន​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ​យ៉ាង​ដូច្នេះ៖​

«បាទ! ​ ​គាត់​អត្ថាធិប្បាយ​ហ្នឹង​គ្រាន់​តែ​ គាត់​មាន​និន្នាការ​នយោបាយ​មួយ​ គាត់​អត់​ទទួល​ស្គាល់​នូវ​ភាព​ជាក់​ស្តែង​ ហើយ​ចំពោះ​អ្វីដែល​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​ជា​លទ្ធផល​ចេញ​ទៅ​បោះឆ្នោត​ ៨០ភាគ​រយ​ចេញ​ទៅ​បោះឆ្នោត​ ​ទោះបី​គាត់​ លោក​ស្រីហ្នឹង​ មិន​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ក៏​ដោយ​ ​ក៏ប្រ​ជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​បោះឆ្នោត​៨០​ភាគរយ​ ​នៅក្នុងចំនួន​៨០​ភាគរយ​ហ្នឹង​ គឺមាន​៧០​ភាគរយ​ហ្នឹង​ជា​ អ្នកបោះឆ្នោត​ឲ្យ​គណ​បក្ស​ប្រ​ជាជន»។​

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ​(OHCHR)​ ​បាន​ចេញ​សេច​ក្តី​ប្រកាសមួយ​ ​ដោយ​លើក​ឡើង​ពី​ការ​អធិប្បាយ​របស់​អ្នកស្រី ស្មីត​ ដែល​បាន​ចោទ​សួរ​អំពី​ភាព«ពិត​ប្រាកដ»​ ​នៃ​ជ័យជម្នះ​ដែល​គណបក្ស​គ្រប់គ្រង​ប្រទេស​ ​បាន​ឈ្នះ​ភ្លូកទឹក​ភ្លូកដី ​ចេញ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃទី​២៩​ ខែ​កក្កដា​ ​ឆ្នាំ​២០១៨។​

ក្នុងសេចក្តី​សេចក្តី​ប្រកាស​នោះ​ ​អ្នកស្រី​ស្មីត​បាន​បញ្ជាក់​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​មួយ​នេះ ​ទទួល​បាន​អាសនៈសភា​ទាំងអស់​នៅ​ក្នុង​ការ​បោះឆ្នោត។​

អ្នកស្រី​ត្រូវ​បាន​ស្រង់​សម្តី​តាម​ន័យ​ដើមថា៖

«ដូច្នេះ​ ​ប្រទេសនេះ​ ​បើ​តាមព្រឹត្តន័យ​ ​គឺ​ជារដ្ឋ​មួយ​ឯកបក្ស។​ ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​មាន​ចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ​ត្រូវ​តម្កល់​ទុកមួយ​អន្លើ​ក្នុង​ប្រវត្តិ​សាស្ត្រ​សម្រាប់​រយៈពេល​ ​៥ឆ្នាំ​ ​ទៅ​មុខ​ទៀត​ ​ដែល​ជានីតិកាល​រដ្ឋ​សភា​បច្ចុប្បន្ន​នេះ»។

ក៏​ប៉ុន្តែ​លោក​ ​ផៃ ស៊ីផាន​ ​ថ្លែង​ថា​ពល​រដ្ឋ​ខ្មែរ​ច្រើន​លើស​លុប​បាន​ទទួល​ស្គាល់ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​។

«ប្រជាពល​រដ្ឋ​ខ្មែរ​៩០ភាគរយ​ជាងហ្នឹង​ គឺ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​ ក្នុង​អាណតិ្ត​ទីប្រាំមួយ​ដឹកនាំ​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន សែន​នេះ​ឯង​។ អានេះ​ជា​ចម្លើយ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ ជូន​ចំពោះ​លោកស្រី​ ​ដែលមាន​គំនិត​មិន​ជា​មិត្ត​ជាមួយ​ហ្នឹង​កម្ពុជា​ ជាក់​ស្តែង​នោះទេ»។​

រូប​ឯកសារ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់​ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)
រូប​ឯកសារ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់​ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

ការ​អធិប្បាយ​របស់​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​ទាក់​ទិន​ស្ថានការណ៍​សិទិ្ធ​មនុស្ស​ និង​នយោបាយ​នៅ​កម្ពុជា​ បាន​ធ្វើឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី​៣៥​ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​កាលពីថ្ងៃ​ពុធ។​

ក្នុង​ការ​ប្រជុំ​នោះ​ អ្នកស្រី​ស្មីត​ ក៏​បានលើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាលកម្ពុជា​ ​ឲ្យ​បង្កើត​បរិយាកាស​ប្រសើរ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ប្រតិបត្តិការ។​ ​អ្នក​ស្រី​ចាត់​ទុក​ថា​ នេះ​គឺជា​ជំហាន​សំខាន់​ក្នុង​ការ​បង្កើត​លំហ​សេរីភាព សម្រាប់​ការ​សួរ​ដេញ​ដោរ​ ឲ្យ​បាន​យល់​ដឹង​អំពី​បញ្ហា​ប្រឈម​នានា ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ន៍​ប្រកប​ដោយ​ចីរភាព​ និង ​សន្តិភាព​ជា​និរន្តរ។​

អ្នកស្រី​បាន​បញ្ជាក់ទៀតថា​ ការ​ប្រើ​ច្បាប់​ដើម្បី​រឹតត្បិត​ការ​ជជែក​ពិភាក្សា​ដេញដោល និង​ការ​កំណត់ ​គោល​ដៅទៅ​លើ ប្រព័ន្ធផ្សព្វផ្សាយ ​គូបក្សដិបក្សនយោបាយ អង្គការ​សង្គមស៊ីវិល​ និងបុគ្គល​ឯកជន រួមទាំង តាម​រយៈ​ការប្រើប្រាស់​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ផង​ដែរ​នោះ បាន​ធ្វើ​ឲ្យ​រួម​តូច​នូវ​លំហ​សម្រាប់​ការ​ពិភាក្សា​ដេញដោល​ខាង​នយោបាយ​ពិត​ប្រាកដ​ ដែល​ជា​កត្តា​មួយ​ដ៏​សំខាន់ សម្រាប់​ការ​ទទួល​បាន​នូវ​សិទ្ធិ​ចូលរួមក្នុង​ការ​អនុវត្ត​កិច្ចការ​សាធារណៈ។

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មិន​ពេញ​ចិត្ត​ការ​កត់​សម្គាល់របស់​អ្នកស្រី​ស្មីត​នោះ​ទេ។​

«​គាត់​ជា​មនុស្ស​ម្នាក់​ ដែល​វាយប្រហារ​កម្ពុជា​រហូត​មក​ គាត់​មិន​សម​ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ ដែល​មក​ធ្វើ​ការ​នៅ​ក្នុង​បុព្វហេតុ​នៃ​ការ​ជួយ​ កសាង​ ហើយ​និង​ពង្រឹង​សិទ្ធិ​មនុស្ស​កម្ពុជា​ទេ»។​

បន្ថែម​លើ​ការ​អធិប្បាយ​របស់​អ្នកស្រី​ស្មី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​នយោបាយ​នៅ​កម្ពុជា​ ក្រុម​តំណាង​បណ្តា​ប្រទេស​មួយ​ចំនួន​ បាន​ផ្តល់​ទស្សនៈផ្សេងៗ​គ្នា​អំពី​ស្ថានការណ៍​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។​ ​តំណាង​សហភាពអឺរ៉ុប​និង​ប្រទេស​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ ដែល​បាន​ចូលរួមសម័យ​ប្រជុំពេញ​អង្គ​លើក​ទី៣៥​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ​បាន​បង្ហាញ​មតិ​យល់ស្រប​ទៅ​នឹង​ការថ្លែង​បញ្ជាក់​របស់​អ្នកស្រីស្មីត។​

ក៏​ប៉ុន្តែ​ តំណាង​ប្រទេស​ចិន​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​គោរព​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ​ ដែល​ប្រទេស​ចិន​ចាត់​ទុកថា​ បាន​ធ្វើ​ឡើង​ដោយ​រលូន​ ហើយ​ប្រទេស​ចិន​បន្ត​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​ជ្រើសរើស​គន្លង​អភិវឌ្ឍន៍ដោយ​សេរី​ និង​ស្របទៅតាម​លក្ខខណ្ឌរបស់​ប្រទេសពួកគេ។​

តំណាង​ប្រទេស​ចិន​រូបនោះ​ បានថ្លែង​ដោយមាន​ការ​បក​ប្រែជាភាសា​អង់គ្លេស​ ហើយត្រូវបាន​ប្រែ​សម្រួល​ជាភាសាខ្មែរ​យ៉ាង​ដូច្នេះ៖«ប្រទេសចិន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​គោរព​តាម​បំណង​ប្រាថ្នា​របស់​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ ហើយ​ផ្តល់​នូវការ​ជួយ​មាន​លក្ខណៈ​ស្ថាបនា និងធ្វើ​កិច្ច​ការ​ជាច្រើន​ទៀត​ ដើម្បី​ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ ​ហើយនិង​សន្តិភាព​ និង​ភាព​រុងរឿង​របស់​តំបន់»។​

ក្រោយ​ពី​ការ​ថ្លែង​របស់​តំណាង​ប្រទេស​ចិន​ អ្នកស្រី​ស្មីត​ បាន​ប្រាប់​តំណាង​ប្រទេស​ ​និង​ក្រុមអង្គការ​សង្គមស៊ីវិល ដែល​ចូលរួម​ក្នុង​ការ​ប្រជុំ​ដដែល​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា​ ​អ្នកស្រី​សង្ឃឹម​ថា​ ការ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ទាំងឡាយ​នៅ​កម្ពុជា​នឹង​ធ្វើ​ឡើង​ដោយ​មាន​ «សន្តិភាព​ជាមួយ​យុត្តិធម៌​ ​ការ​អភិវឌ្ឍន៍​ជាមួយ​សេរីភាព​ ​និង​សន្តិសុខ​ផ្អែក​លើ​ការ​គោរពសិទ្ធិមនុស្ស​ជាអន្តរជាតិ​និង​សេរីភាពជាមូលដ្ឋាន»។​

លោក​ ​មាស នី​ ​អ្នកសិក្សា​ស្រាវជ្រាវខាង​ការអភិវឌ្ឍន៍​សង្គម​ ប្រាប់​ ​VOA​ ​ថា​ ​ការអធិប្បាយ​របស់អ្នកស្រី​ស្មីត​ជុំវិញ​ស្ថានភាពសេរីភាព​ និង​សិទ្ធិ​ពលរដ្ឋ​នៅកម្ពុជា​ ​បានធ្វើ​ឡើង​ដោយ​ផ្អែក​លើ​របាយ​ការណ៍​ដែលបានមក​ពីការ​ចុះស្រាវជ្រាវ​ជាក់ស្តែងនៅ​កម្ពុជា។​ ​លោក​ ​មាស នី​ ​ដែល​ជា​អ្នកវិភាគ​ផង​នោះ​ ក៏មានមតិ​ស្របនឹង​ការ​រកឃើញរបស់​អ្នកស្រី​ អំពីអ្វីដែល​បាន​កើត​ឡើង​នៅកម្ពុជា​ ទាក់​ទិន​របប​នយោបាយ​សេរី​ពហុបក្ស។​

«អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​ប្រជាធិបតេយ្យ និង​ពហុបក្ស​ ឥឡូវ​នេះ​គឺ​យើង​ឃើញថា​ អត់​មាន​ពហុបក្ស​ទេ»។​

លោក​ថា​ ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជារាស្ត្រ​ខ្មែរ​ក៏​កំពុង​ប្រឈម​នឹង​ផលវិបាក​ផង​ដែរ។​

«ទីពីរ​ទៀត​ បើយើង​មើល​សេរីភាព​ នៃ​ព័ត៌មាន​ នៃស្អីនេះ​ គឺក៏យើង​ឃើញថា​ វាមានការ​ថយចុះដែរ​តាំងពី​បិទ​ វិទ្យុ​ឯករាជ្យ​។ នេះ​វា​សុទ្ធតែ​បាត់​ហើយ​ ​បើ​យើងមើល​ពី​ការ​ជួប​ប្រជុំ​របស់​ពលរដ្ឋ​អី​នៅតាម​ភូមិ​ តាម​អីហ្នឹង​តែង​តែ​មានការតាមដាន​ ឬ​មាន​ការ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​ពីអាជ្ញាធរ​មូលដ្ឋាន​។ ​បាទ​ អ៊ីចឹង​បើយើង​ទាំងអស់​ហ្នឹង​មក​ប្រៀប​ធៀប​ជាមួយ​រដ្ឋធម្មនុញ្ញ​គឺ​ យើងមានការ​បាត់​បង់​ច្រើន​កន្លែង​ណាស់​ទាក់ទង​នឹង​សេរីភាព​របស់​ពលរដ្ឋ ហើយ​និង​ប្រជាធិបតេយ្យ​បាទ»។​

នៅ​ពេល​កម្ពុជា​កំពុង​ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​នោះ​ លោក​មាស នី​ យល់​ថា កម្ពុជា​នៅ​មិន​ទាន់​ទទួល​រងការ​ឆ្លើយ​តប​ជា​សម្ពាធ​ណា​មួយ​ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​ការទូត​នោះ​ទេពី​សំណាក់​ប្រទេស​នៅ​លោក​ខាង​លិច​ ខណៈ​ដែល​មេដឹកនាំ​ប្រទេស​នេះ​ បាន​បន្ត​ចូល​រួម​ប្រជុំ​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ។

ការ​អធិប្បាយ​របស់​អ្នកស្រី​ស្មីត​អំពី​ភាព​ពិត​ប្រាកដ​នៃ​ការ​ឈ្នះ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ កើត​មាន​ឡើង​ បន្ទាប់​ពី​អ្នកស្រី​បាន​ ដាក់​របាយការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប​អំពី​ការ​ណ៍​ដែល​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ក្រុម​ជំទាស់​ ការ​ចាប់​លោក​ប្រធាន ​កឹម សុខា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ ​ដាក់​គុក​ពី​បទ​ចោទ​ក្បត់​ជាតិ ​រឿង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ការ​រឹតត្បិត​សេរីភាព​ព័ត៌មាន​ និង​សង្គម​ស៊ីវិល ​ជាដើម។​

ដោយ​ឡែក​ គណៈ​ប្រតិភូ​ជាច្រើន​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​ចូល​រួម​ថ្លែង​សុន្ទរកថា​នៅ​បុរី​ញូវយ៉ក​ ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​លើក​ទី​៧៣ ​ចាប់ពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃ​ទី​៣០ ​ខែកញ្ញា​ ​និង​កិច្ចប្រជុំ​តំបន់ ​ហើយ​នឹង​សាកល​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG