ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ.ស.ប ៖ ​កម្ពុជា​នឹង​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ពេញ​មួយ​អាណត្តិ​ ហើយ​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​បែប​សេរីនិយម​ពហុបក្ស


រូប​ឯកសារ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់​ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)
រូប​ឯកសារ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់​ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បញ្ចុះបញ្ចូល​អន្តរជាតិ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ក្រោយ​ការ​បោះឆ្នោត​ ដែល​មាន​ការរិះគន់​ខ្លាំង​ពី​ស.រ.អា​និង​ សហភាព​អឺរ៉ុប​ ប្រទេស​លោក​ខាងលិច​ជាច្រើន​នោះ។

លោកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ(អ.ស.ប.)​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ចោទ​សួរ​អំពី​ភាព​ «ពិតប្រាកដ‍» នៃ​ជ័យជម្នះ​ដែល​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ឈ្នះ​ភ្លូកទឹក​ភ្លូកដី ​ចេញពី​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០១៨​ ក្រៅ​ពី​បង្ហាញ​ឲ្យ​ឃើញ​ថា ​កម្ពុជា​នឹង​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ពេញ​មួយ​អាណត្តិ​ថ្មី​ ហើយ​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​បែប​សេរីនិយមពហុបក្ស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃពុធ។

លោកស្រី ​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖

‍«ដូច្នេះ​ប្រទេស​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​យ៉ាង​ជាក់ស្តែង ​ហើយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​ត្រូវ​ដាក់​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈ​ពេល​៥​ឆ្នាំ​ទៀត ​គឺ អាណត្តិ​នៃ​សភា​បច្ចុប្បន្ន»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ​ឆ្នាំ​២០១៨ ​នៅសំឡេងឆ្នោត​ច្រើន​លើស​លុប ​នៅ​ពេល​មាន​គណបក្ស ​១៩​ទៀត ​ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​ប្រកួត​ប្រជែង ​ក្នុង​ការបោះឆ្នោត។ ​នៅ​ទី​ចុង​បញ្ចប់​គណបក្ស​ប្រជាជន​ទទួល​បាន​អាសនៈ​សរុប​ចំនួន​១២៥ ​ក្នុង​រដ្ឋសភា ​ដែល​រឿង​នេះ​ ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំង​ពី​ប្រទេស​លោក​ខាងលិច​ និង​មន្ត្រី​អ.ស.ប​ ផ្នែក​សិទ្ធិ​មនុស្ស​ថា ជា​ការ​បោះឆ្នោត​«មិន​ពិត​ប្រាកដ‍»។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​គឺ ​លោក​ ស្រី​ រ៉ូណា ស្មីត​ បាន​ចោទ​សួរ​ជា​ថ្មី​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា​ ហើយ​នឹង​«ភាព​ពិតប្រាកដ‍» ​នៅ​ពេល​លោកស្រី​ ដាក់​របាយការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប​អំពី​ការ​ដែល​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ក្រុម​ជំទាស់​ ចាប់​លោក​ប្រធាន ​កឹម សុខា ​ដាក់​គុក​ពី​បទ​ចោទ​ក្បត់​ជាតិ ​រឿង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​រឹតត្បិត​សេរីភាព​ព័ត៌មាន​ និង​សង្គម​ស៊ីវិល ​ជាដើម ​មុន​ការ​បោះឆ្នោត​សាកល។ ​លោកស្រី​បន្ត​ថា៖

«ការ​ដេញ​ដោល ​នយោបាយ ​ពហុភាគី​គឺ​ជា​កត្តា​ចាំបាច់​មួយ​ដើម្បី​មាន​ការ​ប្រកួត ប្រជែង​នៅ​គ្រប់​ការ​បោះឆ្នោត»។

លោកស្រី រ៉ូណា ស្មីត​ ដែល​កោត​សរសើរ​ពី​ការ​បោះឆ្នោត​នានា​ ដែល​ប្រព្រឹត្ត​ទៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ​ឆ្នាំ២០១៨​ ថា ​មាន​ការ​រីក​ចម្រើន​យ៉ាង​ប្រសើរ​ឡើង​នោះ បាន​បញ្ជាក់​ទៀត​ថា៖

«ខ្ញុំ​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើត​បរិយាកាស​ប្រសើរ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ប្រតិបត្តិការ។ ​រឿង​នេះ​គឺជា​ជំហាន​សំខាន់​ក្នុង​ការ​បង្កើត​លំហ​សេរីភាព សម្រាប់​ការ​សួរ​ដេញ​ដោល​ ឲ្យ​បាន​យល់​ដឹង​អំពី​បញ្ហា​ប្រឈម​នានា ​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​ និង ​សន្តិភាព​ជា​និរន្តរ‍៍»។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បញ្ចុះបញ្ចូល​អន្តរជាតិ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ក្រោយ​ការ​បោះឆ្នោត​ ដែល​មាន​ការរិះគន់​ខ្លាំង​ពី​ស.រ.អា​និង​ សហភាព​អឺរ៉ុប​ ប្រទេស​លោក​ខាងលិច​ជាច្រើន​នោះ។

គណៈ​ប្រតិភូ​ជាច្រើន​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​ចូល​រួម​ថ្លែង​សុន្ទរកថា​នៅ​បុរី​ញូវយ៉ក​ ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​លើក​ទី​៧៣ ​ចាប់ពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃ​ទី​៣០ ​ខែ កញ្ញា​ និង​កិច្ចប្រជុំ​តំបន់ ​ហើយ​នឹង​សាកល​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG