ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករាយការណ៍​ពិសេស​អ.ស.ប. ស្នើ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ផ្តល់​ការសន្និដ្ឋាន​ចុងក្រោយ​លើ​កិច្ចស៊ើបអង្កេត​លោក កឹម សុខា


រូបឯកសារ៖ លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ចូលរួម​នៅក្នុង​សន្និសីទ​កាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​របស់​លោកស្រី​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ចូលរួម​នៅក្នុង​សន្និសីទ​កាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​របស់​លោកស្រី​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩។ (AP Photo/Heng Sinith)

លោក​ស្រី ​រ៉ូណា ស្មីត​ (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.)​ទទួល​បន្ទុក​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ ស្វាគមន៍​ចំពោះការ​ស្តារ​សេរីភាព​ខ្លះ​សម្រាប់​លោក​ កឹម សុខា ប៉ុន្តែ​បានស្នើ​ជា​ថ្មី​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចេញ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​លើ​កិច្ច​ស៊ើប​អង្កេត​សំណុំ​រឿង​របស់​លោក ​កឹម សុខាឲ្យបាន​ឆាប់ៗឬ​ក៏​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​មេ​បក្ស​ជំទាស់​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល VOA ​ទទួលបាន​នៅ​ថ្ងៃអង្គារ​ ទី​១២ ខែ​វិច្ឆិកា​នេះ​ លោកស្រី​ស្មីត​បាន​កត់​សម្គាល់​ថា​ ការ​លើក​លែង​ឲ្យ​លោក​ កឹម សុខា​ ផុតពី​ការ​ជាប់​ឃុំ​ក្នុង​ផ្ទះ​ ជា«ការ​វិវត្ត​វិជ្ជមាន​មួយ»។

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រីស្មីត បានថ្លែង​បញ្ជាក់​ថា​ លោក​ស្រី សោក​ស្តាយ​ដែល​បទ​បញ្ជា​របស់​តុលាការ​បន្ត​រឹត​ត្បិត​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ​របស់​លោក​កឹម សុខា​ ជា​ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​សេរីភាព​ក្នុងការ​ជួបជុំ។

លោក​ស្រី​ស្មីត ​បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែលនោះ​ក្នុងន័យ​ដើម​ថា៖

«ខ្ញុំ​បញ្ជាក់ជា​ថ្មី​នូវ​ការ​អំពាវនាវ​របស់​ខ្ញុំ​ សុំ​ឲ្យ​មាន​ការ​ចេញ​សេចក្តី​សន្និដ្ឋាន​យ៉ាង​ឆាប់​រហ័ស​ចំពោះការ​ស៊ើប​អង្កេត​ករណី​របស់​លោក ​កឹម សុខា​ ឬ​ក៏[ឲ្យ​មាន​]​ការ​ទម្លាក់​ចោលបទ​ចោទ​ប្រឆាំង​នឹង​រូប​លោក»។

អ្នក​ជំនាញ​ការ​សិទ្ធិមនុស្ស​អ.ស.ប.​ រូបនេះ​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​អាក្រក់​ដែល​បន្ត​កើត​មាន​នោះ​ គឺ​មនុស្ស​ចំនួន​៨៥​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​ ក្រោម​ហេតុផល​នយោបាយ។ លោកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​រាល់​គណបក្ស​នយោបាយ​ទាំង​អស់ឲ្យ​បន្ធូរ​បន្ថយ​ស្ថានភាព​តាន​តឹង​និង​ស្វែង​រក​ការ​សន្ទនា​ឈាន​ដល់​ការ​បង្កើត​ឲ្យ​មានបរិយាកាស​សុខសាន្ត​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​មតិនយោបាយ​ចម្រុះ។

រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)

លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​យល់​ថា​ សេចក្តីអធិប្បាយ​នានា​របស់​លោក​ស្រី​ស្មីត​គ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​យោបល់​ ហើយ​ក៏​មិន​មាន​សម្ពាធ​អី​មក​លើ​នីតិ​វិធី​ច្បាប់​របស់​ប្រទេស​កម្ពុជា​នោះ​ដែរ។

«ក្តីបារម្ភ​របស់​គាត់​ អាហ្នឹង​គឺ​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ​ណ៎ា! ក៏​ប៉ុន្តែ​អ្វីៗ​ត្រូវ​អនុលោម​ទៅ​តាម​បញ្ញត្តិ​ច្បាប់​និង​នីតិវិធី​ច្បាប់​ ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា»។

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​បញ្ជាក់​ទៀត​ថា លោក​ កឹម សុខា​ នៅតែ​ត្រូវបន្តដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ដដែល​ ដូច្នេះ​ការទម្លាក់​ចោលបទ​ចោទ​ឬយ៉ាង​ណា​នោះ​ ក៏​មាន​តែ​ផ្អែក​ទៅ​លើ​សិទ្ធិ​អំណាច​របស់​តុលាការ​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ស្នើ​ប្រទេស​កម្ពុជា​ឲ្យទម្លាក់​ចោល​បទ​ប្រកាន់​នឹង​លោក​កឹម សុខា។

នៅ​ក្នុង​សេចក្តី ​ប្រកាស​មួយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ​ខែវិច្ឆិកា​នេះ​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះនិយាយ​ថា​ «សហភាព​អឺរ៉ុប​គួរ​តែ​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​សិទ្ធិ​សេរីភាព​របស់​លោក ​កឹម សុខា»។

រូបឯកសារ៖ លោក​ Brad Adams ​នាយក​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សប្រចាំ​តំបន់​អាស៊ី។​
រូបឯកសារ៖ លោក​ Brad Adams ​នាយក​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សប្រចាំ​តំបន់​អាស៊ី។​


លោក​ Brad Adams ​នាយក​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សប្រចាំ​តំបន់​អាស៊ី​ បាន​អធិប្បាយ​ក្នុង​សេចក្តី​ប្រកាស​នោះ​តាម​ន័យ​ដើម​ថា៖

«សហភាព​អឺរ៉ុប​ និង​រដ្ឋាភិបាល​បរទេស​ផ្សេង​ទៀត​ មិន​គួរ​ត្រូវ​ឲ្យ​គេ​បោក​បាន​ទេ​ ប៉ុន្តែ​គួរ​តែ​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ និង​អ្នក​ឯ​ទៀត​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ដើម្បី​ឲ្យ​ពួក​គេ​បាន​អនុវត្ត​សិទ្ធិ​នយោបាយ​ឡើង​វិញ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​អះអាង​ថា​ សេចក្តី​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ​មាន​ចរិត​នយោបាយ​ និង​មានបំណង​វាយ​ប្រហារ​មកលើ​រដ្ឋាភិបាល​ដោយ​គ្មាន​មូលដ្ឋាន​គតិយុត្តិ​នោះ​ទេ។

តុលាការ​កម្ពុជា​ ផ្តល់​សេចក្តី​ពន្យល់ថា ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ចំពោះ​លោក ​កឹម សុខា​នោះ​ ​គឺផ្អែក​លើ​ហេតុផល​សុខភាពនិង​ការ​សហការ​ល្អ​របស់​លោក​ កឹម ​សុខា ជាមួយ​តុលាការ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានីរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ។

ក្រោយ​ទទួលបាន​ការសម្រាល​លក្ខខណ្ឌ​ក្នុងការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​នោះ​ លោក​កឹម សុខា​ បាន​ទទួល​ជួប​ពិភាក្សា​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ស្ថានភាព​ផ្ទាល់​ខ្លួន​របស់​លោក​ជាមួយ​ឯកអគ្គរដ្ឋ​ទូតប្រទេស​បស្ចិមប្រទេស​ចំនួន​បួនរូប​ រួមមាន​ឯកអគ្គរដ្ឋ​សហរដ្ឋ​អាមេរិក​លោក​ Patrick Murphy ឯកអគ្គរដ្ឋ​ទូត​ប្រទេស​បារាំង​លោក​ស្រី​ អេវ៉ា ង្វៀន ប៊ិញ​ (Eva Nguyen Binh) និង​ឯកអគ្គរដ្ឋ​ទូត​ប្រទេស​អាល្លឺម៉ង់លោក ​Christian Berger ហើយ​និង​ឯកអគ្គរដ្ឋ​ទូត​ប្រទេស​អូស្ត្រាលី​ លោកស្រី Angela Corcoran

លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។
លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។

ការ​សម្រេច​របស់​តុលាការ​កម្ពុជា​ដែលអនុញ្ញាត​ឲ្យ​លោក​ កឹម សុខា​ បាន​ដើរ​ចេញ​ពី​ផ្ទះ​ ធ្វើ​ឡើង​ពីរ​ថ្ងៃ​មុន​សហភាព​អឺរ៉ុប​ចេញ​របាយការណ៍​លើក​ទី​២ វាយ​តម្លៃ​លើ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​» ឬ​ហៅ​ថា​ EBA​ និង​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារនេះ។

គេ​មិន​ទាន់​ដឹង​ថា​របាយការណ៍​វាយ​តម្លៃ​លើក​ទី​ពីរ​នេះ​មាន​ខ្លឹមសារ​លម្អិត​អ្វី​ខ្លះ​ទេ ប៉ុន្តែ​ក្នុងពេល​កន្លង​មក​សហភាព​អឺរ៉ុប​បានកំណត់ការ​ស្តារ​សិទ្ធិ​នយោបាយ​ទាំង​ស្រុង​របស់​លោក ​កឹម សុខា​ជា​សម្បទាន​មួយដើម្បី​ទុក​រក្សា​ EBA។

លោក​ស្រី​ Maja Kocijancic ជា​អ្នកនាំពាក្យ​ផ្នែក​កិច្ច​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​។
លោក​ស្រី​ Maja Kocijancic ជា​អ្នកនាំពាក្យ​ផ្នែក​កិច្ច​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​។

តែទោះជាយ៉ាង​ណា​ ​លោក​ស្រី​ Maja Kocijancic អ្នកនាំពាក្យ​ផ្នែក​កិច្ច​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ចំៗ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ សហភាព​អឺរ៉ុប​ «រំពឹង​ថា​លោក​កឹម សុខា​ នឹង​ត្រូវ​បាន​ដោះលែង​ទាំង​ស្រុង​ ហើយ​សិទ្ធិ​នយោបាយ​របស់​គាត់​ត្រូវ​តែផ្តល់​ឲ្យវិញ​ ដែល​នឹង​អាច​ឲ្យ​គាត់​ចូលរួម​ជីវិត​នយោបាយ​បាន​ពេញ​លេញ។

លោក​ស្រី​បាន​ថ្លែង​បន្ថែម​ក្នុងសេចក្តី​ការណ៍​ដែល​ចេញកាលពី​ថ្ងៃច័ន្ទ​ថា៖«​យើង​ក៏រំពឹង​ថា​ អាជ្ញាធរ​កម្ពុជា​ នឹង​ផ្តល់សិទ្ធិ​នយោបាយ​ដល់​រាល់​សមាជិក​បក្ស​ជំទាស់​ដែល​ត្រូវ​បាន​គេហាម​ឃាត់​ពី​ជីវិត​នយោបាយ​ និង​ដោះលែង​គ្រប់​សកម្មជន​ អ្នកគាំទ្រ​ និង​សមាជិក​បក្ស​ប្រឆាំង​ដែល​ត្រូវបាន​ដាក់​ឲ្យ​ជាប់​ឃុំ​កាល​ពី​ពេល​ថ្មីៗ​នេះ»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG