ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កម្ពុជា៖ កឹម ​សុខា​អាច​ធ្វើ​ដំណើរ​ក្នុង​ស្រុក​តែ​មិន​អាច​ទៅ​ក្រៅ​ស្រុក​និង​ធ្វើ​នយោបាយ


មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា បាន​បង្ហោះ​រូប​ថត​ចាស់​មួយ​ដោយ​ភ្ជាប់​​សារ​មួយ​​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​ពី​សាលា​ដំបូងរាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (Facebook)
មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា បាន​បង្ហោះ​រូប​ថត​ចាស់​មួយ​ដោយ​ភ្ជាប់​​សារ​មួយ​​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​ពី​សាលា​ដំបូងរាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (Facebook)

ការ​សម្រេច​របស់​តុលាការ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​សហគមន៍​អឺរ៉ុប​ចេញ​របាយការណ៍​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​​​​និង​មួយ​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​បក្សប្រ​ឆាំង​លោក ​សម រង្សី ​និង​ក្រុម​របស់​លោក​បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​ម៉ាឡស៊ី​។

លោក ​កឹម​ សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ​ហើយ​ដែល​បក្ស​របស់​លោក​ត្រូវ​បានរំលាយ​ចោល​ត្រូវ​បាន​ ​តុលាការ​អនុញ្ញាតឲ្យ​ចេញ​ពី​ផ្ទះ​និង​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ តែ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ពីប្រទេស​កម្ពុជា​និង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់មន្ត្រី​តុលាការ​កម្ពុជា។

ការ​សម្រេច​របស់​តុលាការ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​សហគមន៍​អឺរ៉ុប​ចេញ​របាយការណ៍​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង​មួយ​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​បក្សប្រ​ឆាំង​លោក ​សម រង្សី ​និង​ក្រុម​របស់​លោក​បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​ម៉ាឡស៊ី​ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ​កាន់​តែខ្លាំង​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

លោក​ កឹម ​សុខា​ បាន​សរសេរ​នៅ​លើ​ទំព័រ ​Facebook ​របស់​លោក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ក្រោយ​ទទួល​បាន​ការ​សម្រេច​របស់​តុលាការ​ថា៖​ «ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ចៅ​ក្រម​ក្នុង​ថ្ងៃ​នេះ ​មិនមែន​ជា​ការ​លើកលែង​ការ​ចោទ​ប្រកាន់​ឡើយ​ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ក្នុង​នាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់​ដែល​ត្រូវ​បាន​រង​ការ​ឃុំ​ខ្លួន​ទាំង​គ្មាន​កំហុស​២​ឆ្នាំ​មក​ហើយ​ ខ្ញុំ​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​រូបខ្ញុំ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​រំពឹង​ថា ​សេចក្តី​សម្រេច​ក្នុង​ថ្ងៃ​នេះ​គឺ​ជា​ជំហ៊ាន​ទី​១​ ប៉ុន្តែ​រូបខ្ញុំ​ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​តែ​ត្រូវ​ការ​ដំណោះស្រាយ​និង​យុត្តិធម៌​ពិត​ប្រាកដ»។

លោក ​អ៊ី រិន ​អ្នក​នាំពាក្យ​តុលាការ​ក្រុងភ្នំពេញ​ ប្រាប់​ VOA ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក ​កឹម សុខា​ នឹង​មាន​សិទ្ធិ​ធ្វើ​ដំណើរ​បាន​តែ​ក្នុង​ប្រទេស​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា លោក ​កឹម សុខា ​មិន​អាច​ឈានជើង​ចេញ​ពី​ប្រទេស​កម្ពុជា​បាន​ទេ។

«អ៊ីចឹង​គាត់​អាច​ដើរ​ហើរ​នៅ​ក្នុង​ប្រទេស​អី​បាន​ធម្មតា​ គាត់​អាច​ធ្វើ​ដំណើរ​អី​ក្នុង​ប្រទេស​ ព្រោះ​គេ​ហាមតែ​មិន​ឲ្យ​ចេញ​ក្រៅប្រទេស»។

មន្ត្រី​តុលាការ​កម្ពុជា​រូប​នេះ​ បញ្ជាក់​បន្ត​ទៀតថា​លោក ​កឹម សុខា​ អាច​មាន​សិទ្ធិ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​សាធារណជន​បាន​ តែ​អ្នក​នបោយាយ​ជំទាស់​រូបនេះត្រូវ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​កា​រ​ធ្វើ​នយោបាយ។

«និយាយ​ទៅ​កុំ​តែ​ធ្វើ​សកម្មភាព​នយោបាយ»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក កឹម សុខា​ បាន​ទទួល​ការ​បន្ធូរបន្ថយ​ឲ្យ​បាន​ចេញក្រៅ​គេហដ្ឋាន​របស់​លោក​ ដោយ​យោង​តាម​«បញ្ហាសុខភាព»​របស់​លោក​កឹម សុខា​ និង​ដោយ​សារ​ លោក​បាន​គោរពត្រឹម​ត្រូវ​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោមការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវធី​ក្នុង​តុលាការ។

ទោះយ៉ាង​ណា​ ដូច​ការ​បញ្ជាក់​របស់​លោក​ អ៊ី​ រិន ​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ លោក​កឹម​ សុខា​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ ចំនួន​បី​ គឺ​៖ «មិន​ត្រូវចេញ​ក្រៅ​ព្រំប្រទល់​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច»។

លោក កឹម សុខា ត្រូវ​ចាប់​ខ្លួននៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២​ ឈាន​ចូល​ថ្ងៃ​ទី​៣​ខែ​កញ្ញា ឆ្នាំ​២០១៧ ​ពោល​គឺ​ពីរ​ខែ​មុន​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ។ លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ ​បទ​ចោទ​នេះ​អាច​ឲ្យ​លោក​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​លោក​មាន​កំហុស។

រូប​ឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
រូប​ឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

លោក​ កឹម សុខា ​ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ មុន​នឹងលោក​ត្រូវបានប្តូរ​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្រោម​ការ​ឃ្លាំមើលរបស់​តុលាការ​កម្ពុជា​។

លោក​ អេង ឆៃអ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បង្ហោះ​សារ​តាមគណនីហ្វេសប៊ុក​របស់​លោក​ដោយ​ចាត់​ទុក​ថា​ ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឃ្លាំមើល​លោក ​កឹម សុខា​ របស់​តុលាការ​ទីក្រុង​ភ្នំពេញ​នេះ​ជា​យុទ្ធវិធី ​របស់​គណបក្ស​កាន់អំណាច​ដើម្បី​បំភាន់​មតិ​អន្តរជាតិ​តែ​ប៉ុណ្ណោះ។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​បន្ថែម​ថា៖ «កុំយល់​ច្រឡំ!​ មិន​មែន​ដោះលែង​ទេ​ គ្រាន់​តែ​បន្ធូរ​ពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ឱ្យ​ចេញ​ក្រៅផ្ទះបាន​ ដោយ​មិន​ឱ្យ​ចេញ​ក្រៅប្រទេស​និង​មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ»។

សហគមន៍អន្តរជាតិ​ បានថ្កោល​ទោស​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា​ ដោយ​ពួកគេ​លើក​ឡើង​ថា​ ចំណាត់​ការតុលាការប្រឆាំង​លោក​កឹម សុខា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោបាយ។ រហូត​មក​ដល់​ពេល​នេះ​ ​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​បង្ហាញ​ភស្តុតាង​គ្រប់​គ្រាន់​ ដើម្បីគាំទ្រ​ការ​ចោទប្រកាន់​របស់​តុលាការ​មក​លើ​លោក​កឹម សុខា​ថា​ បាន​រួម​គំនិត​ជាមួយ​រដ្ឋាភិបាល​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែននោះ​ទេ។

ការ​សម្រេច​របស់​តុលាការ​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​កឹម សុខា​ បាន​ដើរ​ចេញ​ពីផ្ទះ​ ធ្វើ​ឡើង​នៅ​ស្រប​ពេល​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ចេញ​សេចក្តី​រាយការណ៍​លើក​ទី​២ វាយ​តម្លៃ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​» ឬហៅថា​ EBA។

​រដ្ឋាភិបាល​ខ្មែរ​មាន​ពេល​បី​ខែ​ បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដើម្បី​ឆ្លើយ​តប​ និង​បន្ត​កិច្ច​សន្ទនា​ជាមួយ​សហគមន៍​អឺរ៉ុប​ក្រោម​ក្រប​ខណ្ឌ ឋានៈ​អនុគ្រោះ​ពន្ធ​ EBAនេះ​ រហូត​ដល់​សហគមន៍​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​២៨​ ចេញ​សេចក្តី​សម្រេច​ចុង​ក្រោយ​លើ​ការ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ​ដដែល​នេះ​ពី​កម្ពុជានៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០។

រូប​ឯកសារ៖ លោក កឹម សុខា ចូល​រួម​ជាមួយ​លោក សម រង្ស៊ី នៅ​ក្នុង​ពិធី​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិមួយ​ក្នុង​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​១០ ខែធ្នូ​ ឆ្នាំ​២០១៤។
រូប​ឯកសារ៖ លោក កឹម សុខា ចូល​រួម​ជាមួយ​លោក សម រង្ស៊ី នៅ​ក្នុង​ពិធី​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិមួយ​ក្នុង​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​១០ ខែធ្នូ​ ឆ្នាំ​២០១៤។

អតីត​សមាជិក​សភា​ប្រទេស​ហ្វ៊ីលីពីន​ លោក​ Teddy Baguilat ​និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) ឬ​ហៅ​កាត់​ថា APHR​ ស្វាគមន៍​ការ​សម្រេច​របស់​តុលាការ​កម្ពុជា​មិន​ឲ្យ​លោក​កឹម សុខា​ជាប់​ឃុំ​ក្នុង​ផ្ទះ​ តែ​ថា​ សិទ្ធិ​ទាំង​ឡាយ​របស់​លោក​កឹម សុខា​ ត្រូវ​តែ​បាន​ស្តាឡើង​វិញ​ទាំងអស់។

លោក​ Teddy Baguilat ​បាន​បញ្ជាក់​ VOA ​តាម​សារ​អេឡិចត្រូនិក​អ៊ីម៉ែល​តាម​អត្ថន័យ​ដើមថា៖​ «ជា​ការ​ពិត​ យើង​ស្វាគមន៍​ភាពប្រសើរ​ឡើង​ណាមួយ​ចំពោះ​លក្ខខណ្ឌ​សម្រាប់​លោក​កឹម សុខា​ ប៉ុន្តែ​ការ​ប្រើពាក្យ​ថា​ ដោះលែង គឺ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ ហើយ​ច្បាស់​ណាស់​នេះ​ជា​ការ​ប៉ុនប៉ង​របស់​លោក​ហ៊ុន សែន​ ដើម្បី​ទប់​មិន​ឲ្យ​មាន​ទណ្ឌកម្ម​អន្តរជាតិ​មក​លើ​លោក​ និង​របប​របស់​លោក​តែ​ប៉ុណ្ណោះ ក្នុង​នោះ​មាន​សហភាព​អឺរ៉ុប​ ដែល​កំពុង​ពិចារណា​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ពីប្រទេស​កម្ពុជា ដោយសារ​តែ​ការ​លោភ​សិទ្ធិមនុស្ស​ក្រោម​រដ្ឋាភិបាល​បច្ចុប្បន្ន»។

លោក​ Teddy​ បាន​បន្ថែម​ថា៖ «អាជ្ញាធរ​កម្ពុជា​ត្រូវ​ស្តាឡើង​វិញ​ជា​បន្ទាន់​នូវ​សិទ្ធិ​របស់​លោក​កឹម សុខា​ ក្នុង​នោះ​មាន​សិទ្ធិ​របស់​គាត់​ ដើម្បី​ធ្វើ​ចលនា​ និង​សិទ្ធិ​ចូលរួម​បំពេញ​កិច្ចការ​សាធារណៈ​ និង​នយោបាយ​ ហើយ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ដែល​មាន​ជាប់​ហេតុផល​នយោបាយ​ប្រឆាំង​នឹង​គាត់។ គាត់​គួរ​តែ​ត្រូវ​បាន​ផ្តល់​នូវ​លទ្ធភាព​ទទួល​បាន​យុត្តិធម៌​ និង​សំណង​ចំពោះ​ការ​ឃុំ​ខ្លួន​គាត់​ដោយ​ខុស​ច្បាប់»។

ចំណែក​លោក​ Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ បាន​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិកអ៊ីម៉ែលជា​ភាសា​អង់គ្លេសនិងត្រូវ​បាន​ប្រែ​សម្រួលជាភាសា​ខ្មែរក្នុង​ន័យ​ដើមថា៖ «ការ​ដោះលែង​លោក ​កឹម ​សុខា​ ពី​ការជាប់ឃុំ​ក្នុងផ្ទះ​គឺជា​ការ​ប៉ុនប៉ង​ចុង​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​កំហឹង​របស់​សហគម​អឺរ៉ុប​មាន​ភាព​ធូរ​ស្រាល​ចំពោះ​វិធី​មិន​ល្អ​ដែល​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​កម្ពុជា​បាន​ធ្វើ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ព្រួយបារម្ភ​ដ​ល់​លើកឡើង​នៅ​ក្នុង​ដំណើរការ ​EBA»។

លោក​បន្ថែម​ថា៖​ «ប៉ុន្តែ​វា​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ទៅ​ហើយ​សម្រាប់​ការកំណត់​ដំបូង​នៅ​ថ្ងៃ​ទី១២​ខែ​វិច្ឆិកា»។

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាននៅ​សហរដ្ឋ​អាមេរិកមួយ​នេះ​ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទម្លាក់ការ​ចោទ​ប្រកាន់​លោក​កឹម សុខា​ទាំង​ស្រុង។

លោក​ Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​គូស​បញ្ជាក់​បន្ថែម​ទៀតថា ​ប្រជាជន​ខ្មែរ​មិន​ត្រូវ​ភ្លេច​ថា​ខណៈពេល​ដែល​លោក​កឹម សុខា​ត្រូវ​បាន​ជាប់​ឃុំ​នៅក្នុងផ្ទះដោយ​អយុត្តិធម៌​ ​អាជ្ញាធរ​កម្ពុជា​បាន​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្សប្រឆាំង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស។ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ។

លោក​ ផែង ហេង ​មេធាវី​ការពារ​ក្តីមួយរូប​របស់​លោក​កឹម​ សុខា ចាត់ទុក​ថា ​ការ​សម្រេច​របស់​តុលាការ​ជា​ជំហាន​វិជ្ជមាន​មួយ​ តែ​នៅមិន​ទាន់​ដល់​កម្រិត​ដែល​ក្រុម​មេធាវី​ចង់បាន​នោះ​ទេ។ លោក​ប្រាប់​ VOA ​នៅថ្ងៃ​អាទិត្យ​នេះ​ថា៖

«ប៉ុន្តែ​អ្វីឲ្យ​ដល់​គោល​ដៅ​គឺ​ថា​ យើង​ចង់​បាន​យុត្តិធម៌​សម្រាប់​ខ្លួន​យើង​ យើង​ចង់​បាន​ស្នើ​សុំ​ឲ្យ​លើក​លែង​ចោទ​ប្រកាន់​យើង​នឹង​នៅ​តែ​ បន្ត​តស៊ូ​ មតិ​តទៅ​ទៀត​ សម្រាប់​នីតិវិធី»។

ទស្សនា៖ បទសម្ភាសន៍ជាមួយ​លោក ផែង ហេង ភ្លាមៗ​ក្រោយ​ការ​ចេញ​ដីកា

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹម សុខា និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ មិនទាន់ពេញចិត្តនៅឡើយ ចំពោះសេចក្តីសម្រេចរបស់តុលាការកម្ពុជា។

កញ្ញា​បាន​បញ្ជាក់​លើ​គណនី Twitter ​របស់​កញ្ញា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ក្រុម​មេធាវី​ការពារ​ក្តីរបស់​ឪពុក​កញ្ញា​ បាន​ដាក់​ពាក្យតវ៉ា​សុំឲ្យ​តុលាការ​កម្ពុជា​ដោះលែង​ឪពុក​កញ្ញា​ឲ្យ​បាន​ស្ថិត​នៅក្រៅ​ឃុំ​បីថ្ងៃ​ មុន​តុលាការ​កម្ពុជា​សម្រេច​ឲ្យ​ឪពុក​កញ្ញា​មាន​សេរីភាព​ចេញ​ពី​ក្រៅ​ផ្ទះ។

កញ្ញា​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរក្នុង​ន័យ​ដើម​ថា៖

«ថ្ងៃនេះ​ តុលាការ​កម្ពុជា​ បាន​សម្រេច​លើកលែង​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយ​ចំនួន​លើការ​ឃុំខ្លួន​គាត់​ក្នុង​ផ្ទះ​ ប៉ុន្តែ​ការ​រឹតបន្តឹង​មួយចំនួន​នៅ​តែ​មាន។ យើង​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើ​រូបគាត់​ និង​ផ្តល់​ឲ្យគាត់​ឡើងវិញ​នូវ​សិទ្ធិនយោបាយ​របស់​គាត់»។

ដោយ​ឡែក​ លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ច្រាន​ចោល​ការ​ទាមទារ​របស់​អង្គការ​សិទ្ធិមនុស្ស​នានា​ដែល​ ស្នើ​ឲ្យមានការ​ទម្លាក់​ចោល​បទប្រកាន់ប្រឆាំង​នឹង​លោកកឹម សុខា។ លោក​មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​ម៉េច​អាច ធ្វើ​តាម​សំណើរបស់​គាត់​បាន​ ព្រោះ​អានេះ​ជា​ ការ​សម្រេច​របស់​តុលាការ​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ»។

បន្ទាប់​ពី​ការ​ដោះលែង​លោក ​កឹម ​សុខា​ ចេញ​ពី​ការ​ឃុំខ្លួន​ឲ្យ​នៅ​ក្នុង​ផ្ទះ​តែ​ស្ថិត​នៅ​ក្រោម​ការ​កំណត់​របស់​តុលាការស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​ ​បានថ្លែង​លើទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «យើង​កត់​សម្គាល់​នូវ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​មាន​កម្រិត​មួយ​នេះ​ ប៉ុន្តែ​យើង​ទទូច​យ៉ាង​ខ្លាំងក្លា​ ឲ្យ​អាជ្ញាធរ​ស្តារ​ឡើង​វិញ​ទាំងស្រុង​នូវ​សេរីភាព​និង​សិទ្ធិ​នយោបាយ​របស់​លោក​ ​ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​លោក​ ដែល​អ្នក​ជា​ច្រើន មើលឃើញ​ថា​មាន​ចរិត​នយោបាយ»។

សហរដ្ឋ​អាមេរិក​ក៏​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ដោះលែងដោយ​ឥត​លក្ខខណ្ឌអ្នក​ទាំងឡាយណា​ ដែល​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ដោយ​សារ​ជំហរ​នយោបាយ ​និង​ដោយ​ខុសច្បាប់​ដោយ​រួមទាំង​អ្នក​សារព័ត៌មាន​ សកម្មជន​សង្គម​ស៊ីវិល​ និង​អ្នក​គាំទ្រ​ ព្រមទាំង​សមាជិក​នៃ​គណបក្ស​នយោបាយ​ប្រឆាំង​នានា។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​លោក Patrick Murphy យល់ថា​ ការសម្រេច​របស់តុលាការ​កម្ពុជា​លើ​ករណីលោក​កឹម សុខា​ ជា​ជំហាន​មួយ​ក្នុង​ទិសដៅ​ត្រឹមត្រូវ​ ក៏​ប៉ុន្តែ​ដើម្បី​បង្ហាញ​ការ​វិវត្ត​ដ៏​ពិត​ប្រាកដ​មួយ​នោះ​ «​សិទ្ធិ និង​សេរីភាព​ពេញ​លេញ​របស់គាត់​ត្រូវ​តែ​បាន​សា្តរ​ឡើងវិញ»។

លោក​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ក្នុង​ន័យ​ដើម​ថា៖​ «ខ្ញុំ​បាន​ជួប​គាត់​នៅ​ក្នុង​ឆ្នាំ​២០១៧​ ហើយ​សង្ឃឹម​ថា​នឹង​ឃើញ​គាត់​បាន​ចូលរួម​ជីវិត​នយោបាយ​ពេញលេញ​ឡើង​វិញ​បាន​ឆាប់ៗ​នេះ»៕

XS
SM
MD
LG