លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បន្តទទួលជួបឯកអគ្គរដ្ឋទូតបស្ចឹមប្រទេសពីររូបបន្ថែមទៀតនៅថ្ងៃអង្គារនេះ ក្រោយពេលតុលាការបានដោះលែងលោក ដោយមានភ្ជាប់លក្ខខណ្ឌ ឬបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ នេះបេីតាមការបញ្ជាក់របស់លោកមុត ចន្ថា មន្ត្រីអតីតនាយកឧទ្ទកាល័យលោកកឹម សុខា។
ឯកអគ្គរដ្ឋទូតទាំងពីរនោះគឺលោក Christian Berger នៃប្រទេសអាល្លឺម៉ង់ដែលត្រូវជួបនៅព្រឹកនេះ និងលោកស្រី Angela Corcoran នៃប្រទេសអូស្ត្រាលីនឹងជួបនៅពេលរសៀល។
លោកមុត ចន្ថា បានអះអាងថា នេះជាការចាប់ផ្តេីមកិច្ចការងាររបស់លោក ក្រោយពេលលោកកឹម សុខា បានទទួលការបន្ធូរបន្ថយលក្ខខណ្ឌ ហេីយឯកអគ្គដ្ឋទូតនឹងចូលមកជួបសម្តែងការគួរសមជាមួយលោកកឹម សុខា។
លោកកឹម សុខា ត្រូវបានដោះលែងនិងបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីក្រុមមេធាវីបានស្នេីសុំឲ្យមានការដោះលែងលោកកឹម សុខា ដោយយោងថាថិរវេលានៃការឃុំខ្លួនដោយគ្មានការកាត់ទោសបានលេីសកំណត់ជាងពីរឆ្នាំ ហេីយមិនមានភស្តុតាងដាក់បន្ទុកលេីលោកកឹម សុខា។ ប៉ុន្តែតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌដោយផ្អែកលើហេតុផលសុខភាពនិងការសហការល្អរបស់លោកកឹម សុខា ជាមួយតុលាការ។ នេះបេីតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោកកឹម សុខា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សហមេធាវីការពារសិទ្ធិរបស់លោកបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរ លើកលែងបទចោទមកលើរូបលោក តែលោកថា «ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ (អាទិត្យ) មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ»។
ពេលនេះលោកកឹម សុខា ត្រូវតុលាការហាមមិនឲ្យធ្វេីនយោបាយ មិនឲ្យចេញក្រៅប្រទេស និងត្រូវសហការជាមួយតុលាការ។ ប៉ុន្តែលោកអាចដេីរចេញពីផ្ទះ និងជួបជុំពលរដ្ឋ ក្រុមគ្រួសារបានលេីកលែងតែសកម្មភាពនយោបាយដែលគ្មានការបញ្ជាក់ថាជាអ្វីពិតប្រាកដដែលជាសកម្មភាពនយោបាយ បេីមិនដូច្នោះទេតុលាការអាចឃុំលោកវិញ។
លោកកឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតបារាំងនិងអាមេរិក កាលពីថ្ងៃចន្ទ ហេីយបញ្ជាក់ថា សេរីភាពរបស់លោកនៅរងការរឹតត្បិត មិនអាចនិយាយអ្វីបាន ដោយសារថាការហាមមិនឲ្យធ្វេីនយោបាយរបស់តុលាការនោះមិនបញ្ជាក់ឲ្យបានច្បាស់ថាជាសម្មភាពអ្វី ហើយបទចោទមកលើរូបលោកក៏មិនទាន់ត្រូវបានទម្លាក់ចោល។
អ្នកកាទូតនានាដែលបានជួបរួមទាំងលោកឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy បានជំរុញឲ្យមានការទម្លាក់បទចោទទាំងអស់ប្រឆាំងនឹងលោកកឹម សុខា និងមន្ត្រីរបស់លោកទាំងក្នុងនិងក្រៅប្រទេស ពាក់ព័ន្ធនឹងអ្វីមួយដែលថាលោកត្រូវបានចោទថាបានឃុបឃិតជាមួយជនបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅលេីហ្វេសប៊ុករបស់លោក លោកកឹម សុខា បានសរសេរថា «ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»៕