ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ប្រកាស​ជា​លើក​ដំបូង​ក្រោយ​រួច​ពី​ការឃុំ​ក្នុង​ផ្ទះ​ថា សេរីភាព​របស់​លោក​នៅ​តែ​ត្រូវ​បាន​រឹតត្បិត


លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​ នៅ​​ព្រឹក​ថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/​VOA)

លោក​ កឹម​ សុខា ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​នៅ​ថ្ងៃច័ន្ទ​នេះ​ ផ្តល់​ការ​អធិប្បាយ​ជា​សាធារណៈលើក​ដំបូង​និងដោយ​ប្រយ័តុ្ន​ប្រយែង​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋ​អាមេរិក​ និង​បារាំង​ប្រចាំ​កម្ពុជា

ថ្លែង​បន្ទាប់​ពី​ជំនួប​របស់​លោក​ជាមួយ​លោក​ Patrick Murphy ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជាប្រហែល​មួយ​ម៉ោង​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌទួលគោក​ ក្នុង​ទីក្រុង​ភ្នំពេញ​ លោក ​កឹម សុខា​ មាន​ប្រសាសន៍​ថា ​លោក​មាន​ចំណូល​ចិត្ត​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ តែ​ខណៈ​ពេល​នេះ​លោក​មិន​ដឹង​ថា​ និយាយ​ដូចម្តេច​ទៅ​កាន់​សាធារណជន​ ដោយសារលោក​ជាប់​បំរាម​តុលាការ​មិន​ឲ្យ​និយាយ​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។

ឯកអគ្គរដ្ឋទូត​ស.រ.អា​ប្រចាំ​នៅ​កម្ពុជា​លោក Patrick Murphyនិង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលាយ ថ្លែង​សារ​ទៅ​កាន់​អ្នកសារព័ត៌មាន ក្រោយពី​ជំនួប​ដំបូង​របស់​ពួកអស់លោក នៅ​គេហដ្ឋាន​របស់​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ឯកអគ្គរដ្ឋទូត​ស.រ.អា​ប្រចាំ​នៅ​កម្ពុជា​លោក Patrick Murphyនិង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលាយ ថ្លែង​សារ​ទៅ​កាន់​អ្នកសារព័ត៌មាន ក្រោយពី​ជំនួប​ដំបូង​របស់​ពួកអស់លោក នៅ​គេហដ្ឋាន​របស់​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

​កំពុង​ឈរ​គៀក​នឹង​លោក​ Patrick Murphy​ ​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ​លោក​ កឹម សុខា​ មាន​ប្រសាសន៍​ដោយ​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ដូច្នេះ​ថា៖

«ដោយសារ​គេ​ហាម​ខ្ញុំ​មិន​ឲ្យ​ធ្វើ​នយោបាយ មិន​ឲ្យ​និយាយ​ពី​រឿង​នយោបាយ​ ហើយ​ខ្ញុំ​មិន​ដឹង​ភាសា​អី​ ដែល​ថា​មិនមែន​នយោបាយ​ទេ​ យើង​មិន​ទាន់​ដឹង​ទេ»។

មេដឹកនាំ​រូប​នេះ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧ បាន​សុំ​ការ​យោគយល់​ពី​ក្រុម​អ្នក​យក​ព័ត៌មាន​ មិន​ឲ្យ​មាន​ការ​សួរ​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​លោក​ ដោយ​លោក​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​ការ​ដាក់​បំរាម​របស់​តុលាការ​ ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​សកម្មភាព​នយោបាយ។ ក្រោយ​ការ​អត្ថាធិប្បាយ​ដ៏​ខ្លី​នេះ លោក​ កឹម សុខា​ ក៏​បាន​ប្រគល់នាទីអត្ថាធិប្បាយ​ទៅ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល​ឈរ​នៅ​ជាប់​លោក។

លោក​ Patrick Murphy​ ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ប្រាប់​ក្រុមអ្នក​កាសែត​ថា ការ​សម្រេច​របស់​តុលាការ​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ កឹម សុខា​ រួច​ពីការ​ជាប់ឃុំ​ក្នុងផ្ទះ​នោះ​ ជា​ជំហាន​វិវត្តន៍​ទៅមុខ​មួយ​ តែ​លោកមាន​ការ​សោក​ស្តាយ​ដែល​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ផាត់​ចោល​កន្លង​មក។

«ខ្ញុំ​សោក​ស្តាយ​ដែល​សិទ្ធិ​សេរីភាព​របស់​គាត់​ត្រូវ​បាន​គេ​បដិសេធ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ»។

បន្ថែម​លើ​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​សិទ្ធិ​នយោបាយ​របស់​លោក​កឹម សុខា​នោះ​ លោក​ឯកអគ្គរដ្ឋទូត​បាន​ផ្តល់​ដំបូន្មាន​ថា​ អាជ្ញាធរ​កម្ពុជា​ត្រូវ​រក​ផ្លូវ​ដើម្បី​ស្តារ​សេរីភាព​របស់​លោក​កឹម សុខា​ ឡើងវិញ​ទាំងអស់។ ហើយ​អាជ្ញាធរ​កម្ពុជា​ក៏​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ​ ចំពោះ​អ្នក​ឯ​ទៀត​ដែល​បាន​បាត់​បង់​សេរីភាព​ផង​ដែរ។

«ដំបូន្មាន​របស់​យើង​ក្នុង​នាម​ជា​មិត្ត​ភក្តិ​របស់​ព្រះ​រាជាណាចក្រកម្ពុជា​គឺ​ថា​ អាជ្ញាធរ​រក​ផ្លូវ​ស្តារ​សិទិ្ធ​សេរីភាព​របស់​លោក​ កឹម​ សុខា​ ឲ្យ​បាន​ឡើង​វិញ​ទាំងស្រុង​ ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​គាត់​ ហើយ​ដូចគ្នា​នេះ​ផង​ដែរ​ យក​ពេល​នេះ​និង​ទី​កន្លែង​នេះ​ ធ្វើ​ឲ្យ​ដូច​គ្នា​ទៅ​នឹង​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​ ដែល​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ត្រូវ​បាន​គេ​បដិសេធ​ចោល​នោះ»។

លោក​ កឹម ​សុខា​ ត្រូវ​បាន​ដោះលែង​និង​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ក្រោយពី​ក្រុម​មេធាវី​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក ​កឹម ​សុខា ​ដោយ​យោង​ថា​ ថិរវេលា​នៃ​ការ​ឃុំខ្លួន​ដោយ​គ្មាន​ការ​កាត់ទោស​បាន​លើសកំណត់​ជាង​ពីរឆ្នាំ​ ហើយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក​ កឹម ​សុខា។

ទោះ​យ៉ាង​ណា​ ​តុលាការ​កម្ពុជា​ ផ្តល់​សេចក្តី​ពន្យល់​ថា ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ចំពោះ​លោក​ កឹម សុខា​នោះ​គឺផ្អែក​លើ​ហេតុផល​សុខភាពនិង​ការ​សហការ​ល្អ​របស់​លោក​កឹម ​សុខា ជាមួយ​តុលាការ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ។

លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ មួយ​ថ្ងៃ​ក្រោយពី​តុលាការ​សម្រេច​ដោះលែង​លោក​ពី​ការឃុំឃាំង​ក្នុង​ផ្ទះ​ដោយ​នៅ​បន្ត​មាន​លក្ខខណ្ឌ​រឹតត្បិត​បន្ត​ទៀត។ (ទុំ ម្លិះ/VOA)
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ មួយ​ថ្ងៃ​ក្រោយពី​តុលាការ​សម្រេច​ដោះលែង​លោក​ពី​ការឃុំឃាំង​ក្នុង​ផ្ទះ​ដោយ​នៅ​បន្ត​មាន​លក្ខខណ្ឌ​រឹតត្បិត​បន្ត​ទៀត។ (ទុំ ម្លិះ/VOA)

នៅ​មុន​ជំនួប​ជាមួយ​ប្រធាន​បេសសកម្ម​ការទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​លោក​ កឹម សុខា​អតីត​អនុប្រធាន​ទីមួយ​រដ្ឋសភា​ ក៏​បានពិភាក្សា​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ជា​មួយ​ឯក​អគ្គរដ្ឋទូត​បារាំង​លោក​ស្រី​ អេវ៉ា ង្វៀន ប៊ិញ​ (Eva Nguyen Binh)។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់លោក ​មុត ចន្ថា​ អតីត​នាយក​ឧទ្ទកាល័យ​លោក​ កឹម សុខា។

លោក​ មុត ចន្ថា​ បា្រប់​អ្នកកាសែត​ថា​ ជំនួប​ពិភាក្សា​រវាង​ឥស្សរជន​ទាំងពីរ​នេះ​ ​ផ្តោត​ជា​សំខាន់​លើ​សុខ​ទុក្ខ​របស់​លោក កឹម សុខា។ ជំនួប​ដដែល​ក៏​មាន​ការ​ផ្លាស់​ប្តូរ​យោបល់​អំពី​ដំណើរ​ការ​កសាង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

«ជា​ការ​ពិត​ យើង​គ្រាន់​តែ​ពិភាក្សា​ពី​ការ​សួរ​សុខ​ទុក្ខ​ ពិភាក្សា​អំពី​សុខភាព​របស់​គាត់​ ស្ថានភាព​ផ្ទាល់​ខ្លួន​របស់​គាត់​ និង​ផ្លាស់​ប្តូរ​ទស្សន​មួយ​ចំនួន​អំពី​ថា​តើ​យើង​នឹង​ត្រូវ​បោះ​ជំហាន​ទៅ​មុខយ៉ាង​ដូចម្តេច​ ទៅ​រក​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក​ស្រី​ អេវ៉ា ង្វៀន ប៊ិញ ​មិនបាន​ផ្តល់​ការ​អធិប្បាយ​ណា​មួយ​ បន្ទាប់​ពី​ជំនួប​របស់​លោក​ស្រី​ជាមួយ​លោក​ កឹម សុខា​នោះ​ទេ។

លោក កឹម សុខា​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ដោយសារ​លោក​បាន​ឃុប​ឃិត​ជាមួយ​រដ្ឋាភិបាល​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

ទោះបីលោក ​កឹម សុខា​ នៅ​ពេល​នេះ​មាន​សិទ្ធិ​ទទួល​ជួប​ភ្ញៀវជាតិ​ និង​អន្តរជាតិ​ក្តី តែ​មេដឹកនាំ​បក្ស​ជំទាស់​រូបនេះ​ នឹង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ ចំនួន​បី​ គឺ៖«មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែន​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច»។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​សិទ្ធិ​ពេញ​លេញ​ដល់​លោក ​កឹម សុខា​ ឲ្យ​បាន​ធ្វើ​នយោបាយ​ឡើង​វិញ។​ ពួកគេ​ថា​ ការ​សម្រាល​លក្ខខណ្ឌ​ត្រឹម​ឲ្យ​អតីត​មេដឹក​នាំគណបក្សសង្គ្រោះ​ជាតិ​រូបនេះ​ ធ្វើ​ដំណើរ​តែក្នុងស្រុក និង​ត្រឹម​តែ​ជា​សាមញ្ញជន​នោះ​ គឺ​មិន​គ្រប់​គ្រាន់​ទេ។​

ដោយ​ឡែក​ លោក​ អេង​ ឆៃ​អ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​សកម្មភាព​នយោបាយ​ចុង​ក្រោយ​របស់​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​លោក​ កឹម សុខា​ បាន​ទទួល​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​បារំាង​ និង​អាមេរិកនៅ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ច័ន្ទ​នេះ។

លោក​ អេង ឆៃអ៊ាង​ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖«ថ្ងៃនេះ នៅ​ប្រទេស​កម្ពុជា​លោក​ប្រធាន​ កឹម សុខា​ បាន​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​បារំាង​និង​សហរដ្ឋ​អាមេរិក។ ឯ​នៅ​ប្រទេស​ម៉ាឡេស៊ី​ លោក​ប្រធាន​ស្តី​ទី​សម រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួប​ជាមួយ​លោក​ Saifuddin Abdullah ​អគ្គលខាធិការ​គណបក្ស​សម្ព័ន្ធ​ម៉ាឡេស៊ី​ កំពុង​កាន់​អំណាច​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG