ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​បន្ត​ទទូច​ឱ្យ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​លោក កឹម សុខា


លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​ នៅ​​ព្រឹក​ថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ​/​VOA)

សហភាព​អឺរ៉ុប ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជាផ្តល់សិទ្ធិ​នយោបាយ​ទាំងស្រុង​ដល់​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបន្ទាប់ពី​តុលាការ​បាន​ដោះលែង​លោក​ចេញ​ពីការឃុំឃាំង​ក្នុង​លំនៅដ្ឋាន​ដោយ​មាន​លក្ខខណ្ឌ​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ។

លោកស្រី ម៉ាចា កូស៊ីចាន់ស៊ីក (Maja Kocijancic) ​អ្នកនាំពាក្យ​សម្រាប់​នាយកដ្ឋាន​គោល​នយោ​បាយកិច្ចការ​បរទេស​ និង​សន្តិសុខ​របស់សហភាព​អឺរ៉ុប។
លោកស្រី ម៉ាចា កូស៊ីចាន់ស៊ីក (Maja Kocijancic) ​អ្នកនាំពាក្យ​សម្រាប់​នាយកដ្ឋាន​គោល​នយោ​បាយកិច្ចការ​បរទេស​ និង​សន្តិសុខ​របស់សហភាព​អឺរ៉ុប។

លោកស្រី ម៉ាចា កូស៊ីចាន់ស៊ីក (Maja Kocijancic) ​អ្នកនាំពាក្យ​សម្រាប់​នាយកដ្ឋាន​គោល​នយោ​បាយកិច្ចការ​បរទេស​និង​សន្តិសុខ​របស់សហភាព​អឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា៖

«សហភាព​អឺរ៉ុប​សូម​បញ្ជាក់​ជាថ្មី​ពី​សារៈសំខាន់​នៃ​សកម្មភាព​បន្ទាន់​ដែល​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធ្វើ​គឺ បើក​លំហរ​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ​ បង្កើត​លក្ខខណ្ឌ​ចាំបាច់​ឱ្យ​មាន​គណបក្ស​ប្រឆាំង​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ដែលគួរឱ្យ​ទុកចិត្ត​បាន​និង​បង្កើត​ដំណើរការ​ផ្សះផ្សារជាតិ​តាម​រយៈ​ការ​ចរចា​ពិតប្រាកដ​និង​មាន​ការចូលរួម​គ្រប់​ភាគីទាំងអស់។ ជាពិសេស​ យើង​រំពឹង​ថាលោក​កឹម សុខា ​នឹង​ត្រូវ​បានដោះលែង​ទាំងស្រុង​ហើយ​សិទ្ធិ​នយោបាយ​របស់​លោក​ត្រូវ​បាន​ស្តារឡើងវិញ​ដើម្បី​ឱ្យ​លោក​ដើរ​តួនាទី​ពេញលេញ​ក្នុង​ឆាកនយោបាយ‍»។

តុលាការ​រាជធានី​ភ្នំពេញ​បាន​ផ្តល់​សេរីភាពដល់​លោកកឹមសុខា​មួយ​ជំហានកាលពី​ថ្ងៃអាទិត្យដោយ​ដោះលែង​លោក​ឱ្យ​នៅក្រៅឃុំ​ឃាំង​ក្នុង​លំនៅដ្ឋាន​ប៉ុន្តែ​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​និង​ធ្វើ​សកម្មភាព​នយោបាយ។

សហភាព​អឺរ៉ុប​បាន​ចាត់​ទុកថា​នេះ​គ្រាន់តែជា ​«ជំហាន​ទីមួយ​ឆ្ពោះទៅ​គោលដៅ​ត្រឹមត្រូវ‍»​ហើយ​ក៏​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​សិទ្ធិ​នយោបាយ​ដល់មន្ត្រី​ទាំងអស់​របស់​អតីតគណបក្ស​ប្រឆាំង​នេះ​ក៏ដូចជា​ការដោះលែង​អ្នកទោស​នយោបាយ​ដែល​កំពុង​ជាប់ឃុំឃាំង។

សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​ពី​ការដាក់ឬ​មិន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា​នៅ​សប្តាហ៍​នេះ​តាម​រយៈ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» (EBA) ​ដោយ​សារតែ​ការធ្លាក់​ចុះ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង​២ឆ្នាំ​កន្លង​មកនេះ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ​កាលពី​ជាង​២ឆ្នាំមុន​ហើយ​បាន​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន​១១៨នាក់​មិន​ឱ្យ​ធ្វើ​នយោបាយដែល​នាំ​ឱ្យ​ពួកគេ​ខ្លះ​បាន​រត់ភៀសខ្លួន​ចេញពី​ប្រទេស​។ រហូត​មក​ដល់​ពេលនេះ​មាន​អតីត​សកម្មជន​និង​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​៥០នាក់​ត្រូវ​បាន​តុលាការ​ឃុំឃំាង​ពីបទចូលរួម​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុនសែន​។ ជាពិសេស​ក្រោយពី​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​បាន​ប្រកាស​ពី​គម្រោង​វិល​មក​ប្រទេស​កម្ពុជា​នៅថ្ងៃទី​៩ខែ​វិច្ឆិកា៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG