ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម​ សុខា​ ចាប់ផ្តេីម​ជួប​ជាមួយ​អ្នក​ការទូត​បារាំង​និង​អាមេរិក​នៅ​ព្រឹក​នេះ


លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។ (ទុំ ម្លិះ/VOA)

លោក​កឹម​ សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ នឹង​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​បស្ចឹម​ប្រទេស​ពីររូប​នៅ​ថ្ងៃចន្ទនេះ​ ក្រោយ​ពេល​តុលាការ​បាន​ដោះលែង​លោក ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ ឬ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ នេះបេី​តាម​ការ​បញ្ជាក់​របស់​លោក​មុត​ ចន្ថា ​មន្ត្រី​អតីត​នាយក​ឧទ្ទកាល័យ​លោក​កឹម សុខា។​

ឯកអគ្គរដ្ឋទូត​ទាំងពីរ​នោះ​គឺ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​ឯកអគ្គ​រដ្ឋទូតអាមេរិក​ Patrick Murphy ប្រចាំ​កម្ពុជា។

លោក​មុត​ ចន្ថា បាន​អះអាង​ថា​ នេះ​ជា​ការ​ចាប់ផ្តេីម​កិច្ច​ការងារ​របស់​លោក ក្រោយ​ពេល​លោក​កឹម ​សុខា បាន​ទទួល​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ ​ហេីយ​ឯកអគ្គដ្ឋទូត​នឹង​ចូល​មក​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​កឹម ​សុខា។​ ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​កើត​ឡើង ស្រប​ពេល​ដែល​លោក សម​ រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​និង​សមាជិក​បក្ស​ផ្សេងៗ​ទៀត​ដែល​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ បាន​ព្យាយាម​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​មិន​បាន​សម្រេច​តាម​ការ​គ្រោង​ទុក។

លោក​ មុត​ ចន្ថា ​អតីត​នាយក​ឧុទ្ទកាល័យ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាននៅ​មុខ​ផ្ទះ​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
លោក​ មុត​ ចន្ថា ​អតីត​នាយក​ឧុទ្ទកាល័យ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាននៅ​មុខ​ផ្ទះ​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក​កឹម ​សុខា​ ត្រូវបាន​ដោះលែង​និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ក្រោយពី​ក្រុម​មេធាវី​បាន​ស្នេីសុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​កឹម ​សុខា ​ដោយ​យោង​ថា​ថិរវេលា​នៃ​ការ​ឃុំខ្លួន​ដោយ​គ្មាន​ការ​កាត់ទោស​បាន​លេីស​កំណត់​ជាង​ពីរឆ្នាំ​ ហេីយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​លេី​លោក​កឹម ​សុខា។ ប៉ុន្តែ​តុលាការ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដោយ​ផ្អែក​លើ​ហេតុផល​សុខភាព​និង​ការ​សហការ​ល្អ​របស់​លោក​កឹម ​សុខា ជាមួយ​តុលាការ។ នេះបេី​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ។

នៅក្នុង​សារ​របស់​លោក​លេី​ទំព័រ​ហ្វេសប៊ុក លោក​កឹម​ សុខា​ បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ សហ​មេធាវី​ការពារ​សិទ្ធិ​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ លើកលែង​បទ​ចោទ​មក​លើ​រូប​លោក​ តែ​លោក​ថា «ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ចៅក្រម​ក្នុង​ថ្ងៃនេះ (អាទិត្យ) មិនមែន​ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ឡើយ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ»។

លោក​កឹម ​សុខា បាន​បន្ថែម​ថា «ក្នុងនាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់​ដែល​ត្រូវបាន​រង​ការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​២ឆ្នាំ​មក​ហើយ ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​មក​លើ​រូបខ្ញុំ។ ខ្ញុំ​រំពឹង​ថា​សេចក្តី​សម្រេច​ក្នុង​ថ្ងៃនេះ​គឺជា​ជំហាន​ទី១ ប៉ុន្តែ​រូបខ្ញុំ​ក៏​ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​នៅតែ​ត្រូវការ​ដំណោះស្រាយ​និងយុត្តិធម៌​ពិត​ប្រាកដ»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG