ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ.ស.ប.៖ ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ជន​ស៊ីវិល​នៅ​អ៊ុយក្រែន​ អាច​ឈាន​ដល់​កម្រិត​ឧក្រិដ្ឋកម្ម​សង្គ្រាម


រូបឯកសារ៖ ទិដ្ឋភាព​អគារ​ដែល​រង​ការខូចខាត បន្ទាប់ពី​ការបាញ់​ផ្លោងដែល​ត្រូវ​បានគេ​និយាយ​ថា ដោយ​កង​កម្លាំង​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Kharkiv ដែល​ជា​ទីក្រុង​ធំ​ទីពីរ​របស់​អ៊ុយក្រែន កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២២។

ខណៈ​ដែល​ចំនួន​ជន​ស៊ីវិលស្លាប់​និង​របួស​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​នានា​បាន​ព្រមាន​ថា ការវាយ​ប្រហារ​ដោយ​គ្មានការ​រើសមុខលើ​ជន​ស៊ីវិល​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​នៅ​អ៊ុយក្រែន អាច​ឈាន​ដល់​កម្រិត​នៃ​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។ គិត​មក​ត្រឹម​ពេល​នេះ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គ ការ​សហប្រជាជាតិ បាន​កត់​ត្រា​ចំនួន​មនុស្ស​ស្លាប់​និង​របួស​សរុប ១.៥៦៤ នាក់​ដែល​ក្នុង​នោះ មាន​អ្នក​ស្លាប់៥៦៤ និង​អ្នក​រង​របួស៩៨២នាក់ ចាប់តាំង​ពី​រុស្ស៊ី​បាន​ឈ្លាន​ពាន​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។

ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​នានា​របស់​អង្គការ​សហប្រជាជាតិ កំពុង​អំពាវនាវ​ឲ្យ​មាន​ការបញ្ឈប់​ជា​បន្ទាន់​ដល់ការវាយ​ប្រហារ​នានា​លើ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​កត់​សម្គាល់​ថា ចំនួន​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​ទំនង​មាន​ច្រើន​ជាង​តួលេខ​ដែល​ត្រូវ​បាន​រាយការណ៍។

អង្គការ​សុខភាព​ពិភពលោក បាន​ផ្ទៀង​ផ្ទាត់​ការវាយប្រហារ​ចំនួន២៦លើក​ទៅ​លើ​មន្ទីរ​ពេទ្យ​និង​អាគារ​សុខាភិបាល​នានា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់១២នាក់ និង​របួស៣៤នាក់។

តួលេខ​នៃ​ការ​វាយ​ប្រហារ​នេះ​រួមបញ្ចូល​ទាំង​ការវាយប្រហារ​តាម​ផ្លូវ​អាកាស​ដ៏​ប្រល័យ​មួយ ទៅ​លើ​មន្ទីរ​ពេទ្យ​សម្ភព​កាល​ពី​ថ្ងៃ​ពុធនៅ​ទីក្រុង​កំពង់ផែ Mariupol ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់៣នាក់និង​បណ្ដាល​ឲ្យ​របួស១៧នាក់​ផ្សេង​ទៀត។

អាគារ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រង​ការ​វាយ​ប្រហារ​នៅពេល​ថ្មីៗនេះ ជា​វិទ្យាស្ថាន​ចិត្តសាស្ត្រ​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង Kharkiv។ អាជ្ញាធរ​អ៊ុយក្រែន និយាយ​ថា មនុស្ស៣៣០ នាក់​បាន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នៅពេល​ដែល​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​រងការវាយ​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ហើយ​មនុស្ស៧៣នាក់​ត្រូវ​បាន​ជម្លៀស​ចេញ។ លោក Tarek Jasarevic អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​ពី​ទីក្រុង Lviv នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន​ថា ការស៊ើប​អង្កេត​កំពុង​ត្រូវ​ធ្វើ​ឡើង​លើ​ការវាយ​ប្រហារ​ទាំង​នេះ។ លោក​បាន​ថ្លែង​ថា៖

«យើង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការវាយ​ប្រហារ​ទៅ​លើ​អាគារ​សុខាភិបាល បុគ្គលិក​សុ ខាភិបាល​និង​អ្នក​ជំងឺ។ នេះ​ជា​ការរំលោភ​បំពាន​ជាក់ស្ដែង​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ ការវាយ​ប្រហារ​នេះ ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​ការទទួលបាន​ការថែទាំ​ផ្នែក​សុខភាព។ វា​បង្ក​គ្រោះ ថ្នាក់​ដល់​ជីវិត​អ្នកជំងឺ​និង​បុគ្គលិក​សុខាភិបាល»។

ប្រទេស​រុស្ស៊ី បាន​បដិសេធ​ថា ខ្លួន​មិន​បាន​យក​ជន​ស៊ីវិល​អ៊ុយក្រែន​ជា​គោលដៅ​នៃ​ការវាយប្រហារ​នោះ​ទេ ហើយ​បាន​អះអាង​ទៀត​ថា រុស្ស៊ី កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​ប្រឆាំង​នឹង​អ្នក​ជាតិនិយម​អ៊ុយក្រែន ​និង​ពួក​ណាស៊ី។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​រាយការណ៍​ថា ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​និង​រង​បួស​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​អ្វី​ដែល​ជា​ការវាយប្រហារ​ដែល​ហាក់​ដូចជា​គ្មាន​រើសមុខ។ ការិយាល័យ​នោះ បាន​ថ្លែង​ទៀត​ថា កង​កម្លាំង​រុស្ស៊ី បាន​ប្រើ​គ្រឿង​ផ្ទុះ​នៅ​ក្នុង ​ឬ​នៅ​ក្បែរ​តំបន់​ដែល​មាន​មនុស្ស​រស់នៅ។ ក្រៅពី​ការវាយ​ប្រហារ​ពី​លើ​អាកាស ការិយាល័យ​នេះ​បាន​រាយការណ៍​ទៀត​ថា ពួក​អ្នក​ប្រយុទ្ធ​រុស្ស៊ី បាន​វាយប្រហារ​លើ​តំបន់​ដែល​មាន​អ្នកស្រុក​រស់​នៅ​ និង​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល ដោយ​ប្រើ​កាំជ្រួច​មីស៊ីល កាំភ្លើង​ធំ​និងគ្រាប់​រ៉ុកកែត។

លោក​ស្រី Liz Throssel អ្នក​នាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា មាន​សេចក្ដីរាយការណ៍​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ថា កង​កម្លាំង​រុស្ស៊ី បាន​ប្រើ​គ្រាប់​បែក​ចង្កោម​នៅ​ក្នុង​ករណី​ជាច្រើន រួមទាំង​ទៅ​លើ​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ផង។ លោក​ស្រី បាន​កត់​សម្គាល់​ថា ការវាយប្រហារ​បែប​នេះ​រំលោភ​លើ​ច្បាប់​សង្គ្រាម។

លោក​ស្រី បាន​ថ្លែង​ថា៖ «ការស្លាប់​និង​របួស​ជន​ស៊ីវិល កំពុង​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដូច​ដែល​យើងកំពុង​ឃើញ​នៅពេល​ដែល​មនុស្ស​ទូទៅ​កំពុង​ទទួល​រង​ការឈឺ​ចាប់។ យើង​សូម​រំឭក​ដល់​អាជ្ញាធរ​រុស្ស៊ី​ថា ការផ្ដោត​ការវាយប្រហារ​លើ​ជន​ស៊ីវិល ​ឬ​ទីតាំង​ស៊ីវិល​ក៏​ដូចជា​ការបាញ់ផ្តក់​លើ​ទីក្រុង ភូមិដ្ឋាន​នានា​និង​ការវាយប្រហារមិន​រើសមុខ ជាអ្វី​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ហើយ​សម្មភាព​ទាំង​នេះ​ស្មើ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម»។

ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ បាន​រាយការណ៍​ថា ជន​ភៀសខ្លួន​អ៊ុយក្រែន​ជាង២លាន៥សែន​នាក់ បាន​រត់គេច​ខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាងដើម្បី​សុវត្ថិភាព។ ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ទៀត​ថា អត្រា​នៃ​ជនភៀសខ្លួន​ច្រើន​ដូច្នេះ អាច​ធ្វើ​ឲ្យ​ចំនួន​ជន​ភៀសខ្លួន​ដែល​រត់​ចេញ​ពី​អ៊ុយក្រែន មាន​លើស​ពី៤លាន​នាក់៕

ប្រែសម្រួល​ដោយលោក ​នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG