ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ក្រោយ​ការចូល​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ប្រទេស​ក្នុង​តំបន់​បាល់ទិក​ជំរុញ​ឲ្យ​មាន​វត្តមាន​អចិន្ត្រៃយ៍​របស់​កងកម្លាំង​អូតង់​លើ​ទឹកដី​ខ្លួន


រូបឯកសារ៖ ទាហាន​បារាំង​ម្នាក់ ពាក់​ឯកសណ្ឋាន​ដែល​មាន​ផ្លាក​សញ្ញា​អង្គការ​អូតង់​នៅឯ​មូលដ្ឋាន​ទ័ពអាកាស Amari ប្រទេសអេស្តូនី កាលពី​ថ្ងៃ១៧ ខែមីនា ឆ្នាំ២០២២។

ប្រទេស​តូច​ៗ​នៅ​ក្នុង​តំបន់​បាល់ទិក​ដែល​មានកងទ័ព​តិចខ្លាំង​ជាងប្រទេស​រុស៊្សីដែល​នៅ​ក្បែរ​ខាង​ខ្លួន​នោះ បាន​បន្តជំរុញ​ឲ្យ​អង្គការ​អូតង់ ​បង្កើត​វត្តមាន​កាន់តែ​ធំ​និង​អចិន្រ្តៃយ៍​នៅ​លើ​ទឹកដី​របស់​ខ្លួន​ បន្ទាប់​ពី​រុស្ស៊ី បាន​ចូល​ឈ្លានពានលើ​ប្រទេស​អ៊ុយក្រែន​មក។

ប្រទេស​អេស្តូនី ឡេតូនី ​និង​ប្រទេស​លីទុយអានី​ដែល​មាន​ប្រជាពលរដ្ឋ​សរុប​បញ្ជូល​គ្នា​ប្រមាណ​តែ​៦លាន​នាក់​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រទេស​ក្នុង​អង្គការ​អូតង់ដែល​ងាយ​នឹង​ទទួល​រងគ្រោះ​ខ្លាំង​បំផុត។ ប្រទេស​ទាំង​បី​នេះ បាន​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​នៅ​ឆ្នាំ២០០៤ ក៏ប៉ុន្តែ​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ជា​សមាជិករបស់​អង្គការ​អូតង់​នោះ​តាម​ច្រក​របៀង​តូចចង្អៀតមួយតែ​ប៉ុណ្ណោះ​ដែល​ឆ្លង​កាត់​តំបន់ Kaliningrad របស់​រស្ស៊ី​ដែល​មាន​កងទ័ព​ដ៏ច្រើន​ និង​ប្រទេស​បេឡារុស​ដែល​ជា​សម្ព័ន្ធមិត្តដ៏​ជិត​ស្និទ្ធ​របស់​រុស្ស៊ី។

ប្រទេស​ក្នុង​តំបន់​បាល់ទិក​ទាំង​នេះ​ដែល​ធ្លាប់​ស្ថិត​ក្រោម​ចំណុះ​របស់​អតីត​សហភាព​សូវៀត​ផង​ដែរ​នោះ​ កំពុង​សម្លឹង​មើល​ដោយ​ក្តី​ព្រួយបារម្ភ ខណៈ​ដែល​រុស្ស៊ី បាន​ព្យាយាម​បញ្ចេញ​ឥទ្ធិពល​លើប្រទេស​អឺរ៉ុប​ខាង​កើត។ ទោះ​ជា​យ៉ាង​នេះ​ក្តី ពួក​គេ ទទួល​បាន​ការលើក​ទឹកចិត្ត​ ខណៈដែលប្រទេស​លោក​ខាង​លិច បាន​ពង្រឹង​កម្លាំង​សម្ព័ន្ធភាព​របស់​អង្គការ​អូតង់​នៅ​ក្នុង​ការឆ្លើយតប​ទៅ​នឹងការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

អង្គការ​អូតង់​ពុំ​មាន​កងកម្លាំង​ក្នុង​ផ្នែកខាង​កើតរបស់​សម្ព័ន្ធមិត្ត​រហូត​ដល់​ឆ្នាំ២០១៤ នៅពេល​ដែល​ខ្លួន​បាន​សម្រេច​ចិត្ត​ដាក់​ពង្រាយ​កង​កម្លាំង​ចម្រុះមក​ពី​ប្រទេស​ផ្សេង​ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរវេន​នៅក្នុងប្រទេស​ក្នុង​តំបន់​បាល់ទិក​ និង​ប្រទេស​ប៉ូឡូញ​ដែល​ជា​ការឆ្លើយ​តប​មួយ​នៅ​ពេល​ដែល​រុស្ស៊ី បាន​គ្រប់គ្រង​តំបន់ Crimea របស់​អ៊ុយក្រែន។

មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​បាល់ទិក​ទាំង​នោះ បាន​ជំរុញ​ជា​យូរ​មក​ហើយ​ឲ្យ​មាន​ការដាក់​មូលដ្ឋាន​កងទ័ព​អាមេរិក​ជា​អចិន្រ្តៃយ៍​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ដែល​អាច​ជា​ការកំញើញ​ទៅ​ដល់ការប៉ុនប៉ង​ការឈ្លានពាន​របស់​រុស្ស៊ី។ ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ដើម​ខែ​នេះ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Antony Blinken ទៅកាន់ប្រទេស​ក្នុង​តំបន់​បាល់ទិក​នោះ លោក Blinken បាន​និយាយ​ថា ការដាក់​ពង្រាយ​កងទ័ព​ជា​អចិន្ត្រយ៍​នៅ​ក្នុង​ប្រទេស​បាល់ទិក​ទាំង​នេះ កំពុង​ត្រូវ​បាន​ពិចារណា​ដែលជា​ផ្នែក​មួយ​នៃ​ការសើរើ​ពិនិត្យ​មើល​ឡើង​វិញ​ដ៏​ធំ​របស់​អង្គការ​អូតង់។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏លោក Blinken មិន​បាន​បក​ស្រាយ​លម្អិត​ជុំវិញ​រឿង​នោះ​ទេ​ ហើយ​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​ទៅ​មាន​ការស្ទាក់​ស្ទើរ​ក្នុង​ការដាក់​ពង្រាយ​កងទ័ព​ជា​អចិន្ត្រៃយ៍នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​រុស៊្សី​ដោយបារម្ភខ្លាចប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ៕

XS
SM
MD
LG