ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy បន្ត​ស្នើសុំ​ឲ្យ​មាន​ជំនួប​ចរចាជាមួយ​លោក Putin


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​សុន្ទរកថា​ក្នុង​ទីក្រុង​កៀវ នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​សុន្ទរកថា​ក្នុង​ទីក្រុង​កៀវ នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅល្ងាច​ថ្ងៃចន្ទ​ម្សិល​មិញ បាន​បន្តស្នើ​សុំ​ឲ្យ​មានជំនួប​ចរចាដោយ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដោយ​ប្រកាស​ថា ការផ្តល់​ឋានៈភាព​ដល់​បូរណភាព​ទឹក​ដី​ដែល​មាន​ជម្លោះ អាច​លើក​យក​មក​ពិភាក្សាគ្នា និងអាច​អាស្រ័យ​ទៅ​លើ​ការធ្វើ​ប្រជាមតិ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Zelenskyy បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ជួប​ជាមួយ​លោក Putin នៅ​ក្នុង​ទម្រង់​ណា​មួយក៏​បាន​ដើម្បី​ពិភាក្សាបញ្ចប់​សង្គ្រាម​ឈ្លានពាន​ដែល​មាន​រយៈពេល​ជិត​មួយ​ខែ​នេះ​ ដែល​បាន​បំផ្លាញ​ទីក្រុង​ជា​ច្រើន​របស់អ៊ុយក្រែន។

លោក Zelenskyy បាន​បន្ត​ទៀត​ថា សូម្បី​ឋានៈភាព​នៃ​តំបន់ Crimea ដែល​កំពុង​គ្រប់គ្រង​ដោយ​រុស្ស៊ី​ និង​ទឹកដី​បំបែក​ខ្លួនដែល​គាំទ្រ​ដោយ​រុស្ស៊ី​ក្នុង​តំបន់ Donbas ក៏​អាច​លើក​យក​មក​ពិភាក្សាគ្នា​បាន​ដែរ។

លោក​បន្តទៀត​ថា «នៅ​ក្នុង​កិច្ចប្រជុំ​ចរចាលើក​ដំបូង​របស់​លោក​ជា​មួយប្រធានាធិបតីរុស្ស៊ី​ ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​លើក​យក​បញ្ហា​ទាំង​នេះ មក​និយាយ​គ្នា»។

លោក​បន្ថែម​ទៀត​ថា «ពុំមាន​ការអំពាវនាវ​ ឬ​សុន្ទករថា​ជា​ប្រវត្តិសាស្ត្រនោះ​ឡើយ។ ខ្ញុំ នឹង​ពិភាក្សា​បញ្ហា​ទាំង​អស់​ឲ្យ​បាន​លម្អិត​ជា​មួយ​លោក Putin»។

រុស្ស៊ី បាន​ប្រកាស​តំបន់ Crimea ថា​ ជាផ្នែក​មួយនៃ​ទឹកដី​របស់​រុស្ស៊ី និង​បានទទួល​ស្គាល់ឯករាជ្យភាព​របស់​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង Luhansk ដែល​ប្រកាស​ដោយ​ខ្លួនឯង​នៅ​ភាគ​ខាង​កើតរបស់​អ៊ុយក្រែន​ផង​ដែរ។

តំបន់​ទាំង​៣​នេះ ជាផ្នែក​មួយ​របស់​អ៊ុយក្រែន បន្ទាប់ពី​ការដួល​រលំ​នៃ​អតីត​សហភាព​សូវៀត ហើយ​បាន​ក្លាយ​ទៅ​ជា​វិបត្តិ​អស់​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​ និង​បាន​បណ្តាល​ឲ្យ​មាន​ការ​ចូល​ឈ្លានពាន​ និង​សង្គ្រាម​ដ៏​ពេញ​ទំហឹងមួយ​ក្នុង​ប្រទេស​អ៊ុយក្រែន​ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​មក។

លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Suspilne ថា «ប្រសិន​បើ​ខ្ញុំ​មានឱកាស ​ហើយរុស្ស៊ី​មាន​បំណង​នោះ ​យើង​នឹង​ពិនិត្យ​មើល​នូវ​រាល់​សំណួរ​ទាំង​អស់»។

លោក​បន្ត​ទៀត​ថា «តើ​យើង​អាច​ដោះ​សា្រយ​បញ្ហា​ទាំង​អស់​បាន​ដែរ​ឬទេ? គឺមិន​អាច​ទេ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ក៏​យើង​មានអាច​មាន​ឱកាស​ដើម្បីបញ្ចប់​សង្គ្រាម​បាន​ដែរ»។

បើ​ទោះ​បី​ជា​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ បាន​បង្ហាញ​ពី​សញ្ញា​ដែល​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការចរ ចារពី​ឋានៈភាព​នៃ​តំបន់​ទាំង​បី​នេះ​ក្តី ក៏​លោក​បាន​លើក​ឡើង​ជា​ច្រើន​ដង​ថា ទឹក​ដីទាំង​នេះ​ ជា​ផ្នែក​មួយ​របស់​អ៊ុយក្រែន​ ហើយ​ប្រទេស​លោក​ នឹង​មិន​ប្រគល់ទឹក​ដី​ទាំង​នោះ​ឡើយ៕

XS
SM
MD
LG