ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា រុស្ស៊ី អាច​ប្រើ​ការវាយ​ប្រហារ​តាមប្រព័ន្ធ​កុំព្យូទ័រ​និង​អាវុធ​គីមី


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា នៅ​ឯ​កិច្ចប្រជុំ​ Business Roundtable's CEO ប្រចាំ​ត្រីមាស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Patrick Semansky)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា នៅ​ឯ​កិច្ចប្រជុំ​ Business Roundtable's CEO ប្រចាំ​ត្រីមាស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Patrick Semansky)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ព្រមាន​យ៉ាង​ខ្លាំងថា ​ប្រទេស​រុស្ស៊ី​អាចធ្វើការ​វាយ​ប្រហារ​ប្រព័ន្ធ​កុំព្យូទ័រ​ប្រឆាំង​នឹង​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​ឬ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​ឬ​គីមី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ នៅ​ពេល​ដែល​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ជិត​មាន​រយៈពេល​មួយ​ខែ​ហើយ​នោះ។

លោក Biden បាន​ប្រាប់​ក្រុម​មេដឹកនាំ​ពាណិជ្ជករ​សហរដ្ឋ​អាមេរិក​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មិន​បាន​រំពឹងទុក​ជាមុន​ថា ​ប្រទេស​ជាច្រើន​រួមគ្នា​ប្រឆាំង​នឹង​សកម្មភាព​របស់​រុស្ស៊ី​ខ្លាំងក្លា​ដូច្នេះទេ​ ហើយ​នេះ​ជា«ការបរាជ័យ​របស់​លោក»។

លោក Biden ថ្លែង​ទៀត​ថា៖ «ឥឡូវនេះ លោក Putin កំពុង​និយាយ​អំពី​ព័ត៌មាន​មិន​ពិត​ដែល​លោក​កំពុង​បង្កើត​ឡើង រួមទាំង​លោក​កំពុង​ពោល​អះអាង​ថា យើង​នៅ​ក្នុង​ប្រទេស​អាមេរិក មាន​អាវុធ​ជីវសាស្ត្រនិង​អាវុធ​គីមី​នៅ​ក្នុង​អឺរ៉ុប​ដែល​នេះ​មិន​មែន​ជា​ការ​ពិតនោះ​ឡើយ។ ពួក គេ​ក៏​កំពុង​និយាយ​ដែរ​ថា អ៊ុយក្រែន​មាន​អាវុធ​ជីវសាស្ត្រ​និង​គីមី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​ជា​សញ្ញា​ដ៏​ច្បាស់​ក្រឡែត​ថា លោក Putin កំពុង​ពិចារណា​ប្រើ​អាវុធ​ទាំង២នេះ»។

លោក Biden ក៏​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ដែរ​ថា មាន​ការស៊ើបការណ៍​សម្ងាត់​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន«រក​ជម្រើស​ធ្វើការវាយប្រហារ​ប្រព័ន្ធ​កុំព្យូទ័រ​ដ៏​ខ្លាំង​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ហើយ​លោក Biden បាន​ជំរុញ​ឲ្យ​ផ្នែក​ឯកជន​ពង្រឹង«ការការពារ​ប្រព័ន្ធ​កុំព្យូទ័រ» របស់​ខ្លួន។

លោក Biden បាន​មាន​ប្រសាសន៍​ទៀត​ថា រុស្ស៊ី​អាច​ចាប់​ផ្តើម​ការវាយ​ប្រហារ​បែប​នេះ​ជា​ការ សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិកទៅ​លើ​រុស្ស៊ី។

លោក​បាន​បន្ថែម​ទៀត​ថា «វា​ជា​ផ្នែក​មួយ​នៃ​ល្បិចកល​របស់​រុស្ស៊ី»។

មេដឹកនាំ​សហរដ្ឋ​អាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី​និង​ចក្រភព​អង់គ្លេស បាន​និយាយ​តាម​ទូរសព្ទ​ដែល​ពួក​អស់​លោក បាន​ពិភាក្សា​ក្តីកង្វល់​អំពី​កលល្បិច​ដ៏​ព្រៃផ្សៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ មេដឹកនាំ​ទាំង​នោះ បាន​បង្ហាញការ​បន្ត​គាំទ្របន្តដល់​អ៊ុយក្រែន​ដោយ​ការ​ផ្តល់​ជំនួយ​សន្តិសុខ​និង​មនុស្សធម៌ ហើយ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការខំប្រឹងប្រែង​ខាង​ការទូត​នៅពេល​ថ្មីៗ​នេះ នៅ​ក្នុង​ការគាំទ្រ​ការប្រឹងប្រែងរបស់​អ៊ុយក្រែន​ដើម្បី​ឈោង​ដល់​បទ​ឈប់​បាញ់​គ្នា​មួយ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សេតវិមាន។

នៅ​ចុង​សប្តាហ៍​នេះ លោក Biden នឹង​ចូលរួម​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់ ជំនួប​របស់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង៧ឬG7 និង​ជំនួប​កំពូល​របស់​ក្រុម​ប្រឹក្សា​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​ដែល​ជំនួប​កំពូល​ទាំង​អស់​នេះ ផ្តោតលើ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន មុនពេល​លោក​ប្រធានាធិបតី Biden ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប៉ូឡូញ៕

XS
SM
MD
LG