ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Biden ធ្វើដំណើរ​ទៅ​ចូលរួម​ការពិភាក្សា​ជាមួយ​អង្គការ​អូតង់​ស្តីពី​អ៊ុយក្រែន ហើយនឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប្រ៊ុចសែល​នៅ​ថ្ងៃ​ពុធ​នេះ​ ជា​ទីកន្លែង​ដែល​លោក នឹង​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់ ​និង​អឺរ៉ុប ​ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ការដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន។

លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន បាន​និយាយ​ថា «លោក​ប្រធានាធិបតី នឹង​ចូលរួម​ជាមួយ​ដៃគូ​របស់​យើង​នៅ​ក្នុង​ការដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​រុស្ស៊ី​ ហើយ​នឹង​រឹតបន្តឹង​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ដើម្បី​បង្ក្រាប​លើ​ការគេចវេះ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ពី​ការអនុវត្ត​ឲ្យ​បាន​ខ្លាំងក្លា»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy មាន​គម្រោងថ្លែង​សុន្ទរថា​តាម​អនឡាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ ទៅកាន់​សន្និសីទ​កំពូល​អង្គការ​អូតង់ ហើយ​លោក បាន​ថ្លែង​មុន​ជំនួប​នោះ​ថា លោករំពឹង​ថា មេដឹកនាំ​បស្ចឹម​ប្រទេស​ នឹង​បន្ថែម​ការដាក់​ទណ្ឌកម្ម​ និង​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ដល់​អ៊ុយក្រែន។

ជិត​មួយ​ខែ​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន មាន​ការចង្អុលបង្ហាញ​ថា កងទ័ព​អ៊ុយក្រែន នឹង​បន្ត​ការវាយ​ប្រហារ​សំដៅលើ​កងទ័ព​រុស្ស៊ី ហើយ​ក្នុង​ករណី​ខ្លះ ដណ្តើម​យក​ទីកន្លែង​ដែល​បាន​បាត់បង់​មកវិញ។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា កងទ័ព​របស់​ខ្លួន​បាន​ដណ្តើម​យក​តំបន់​ Makariv វិញ​ដែលស្ថិត​នៅជាយ​ក្រុង​រដ្ឋធានី​កៀវ បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​មក។

យោធា​អ៊ុយក្រែន ក៏​ហាក់ដូចជា​ចាប់ផ្តើម​វាយប្រហារ​តបត​វិញ​នៅ​ក្នុង​ទីក្រុង Izyum ភាគ​ខាង​កើត​ដែល​ស្ថិត​នៅ​ចម្ងាយ១២០គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Kharkiv និង​នៅ​ក្នុង​តំបន់​នានា​នៅ​ជិត​ទីក្រុង Kherson នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​ការខំប្រឹងប្រែង​របស់​អ៊ុយក្រែន ក៏ប៉ុន្តែ មន្ត្រី​ទាំង​នោះ បាន​និយាយ​ថា នៅ​ក្នុង​ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស សន្ទុះ​នោះ ទំនង​មាន​ការផ្លាស់ប្តូរ។

មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់ម្នាក់​របស់​អាមេរិក​ដែល​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ការពិភាក្សា​រឿង​ការងារស៊ើបការណ៍​សម្ងាត់ បាន​បញ្ជាក់​ថា នាវា​រុស្ស៊ី​នៅ​ក្នុង​សមុទ្រ Azov បាន​ចាប់ផ្តើម​បាញ់​ផ្តក់​លើ​ទីក្រុង Mariupol របស់​អ៊ុយក្រែន​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការវាយ​ប្រហារ​អស់​ជាច្រើន​ថ្ងៃ។

ក៏ប៉ុន្តែ មន្ត្រី​រូប​នោះ បាន​និយាយ​ថា ការស៊ើបការណ៍​សម្ងាត់ ប្រាប់​ឲ្យ​ដឹង​ថា ការឈ្លានពាន​របស់​រុស្ស៊ី បាន​ក្លាយ​ជា​ការសុបិន្ត​អាក្រក់​ខាង​ភស្តុភា ដោយ​កងទ័ព​រុស្ស៊ី​កំពុង​ខិតខំ​ជម្នះ​ការខ្វះ​ប្រេង​ឥន្ធនៈ ម្ហូប​អាហារ ​និង​គ្រាប់​រំសេវ។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក និយាយ​កាលពី​ថ្ងៃអង្គារ​ថា ការខ្វះ​ភស្តុភា​ទាំង​នោះ អាច​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​រុស្ស៊ី បាន​ប្រើ​កាំជ្រួច​មីស៊ីល​លឿន​ជាង​សំឡេង (Hypersonic) ដើម្បី​កម្ទេចកន្លែង​ផ្ទុក​សម្ភារយោធា​អ៊ុយក្រែន៕

អ្នក​យកព័ត៌មាន​របស់​វីអូអេប្រចាំនៅអង្គការ​សហប្រជាជាតិ​អ្នក​ស្រី Margaret Besheer រួមចំណែក​នៅក្នុង​សេចក្តី​រាយការណ៍​នេះ ហើយ​ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP AFP និង Reuters។

XS
SM
MD
LG