អង្គការឧតុនិយមពិភពលោក (WMO) បានរាយការណ៍ថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសបន្តឈានដល់កម្រិតកំណត់ត្រា ទោះបីជាមានការបិទសកម្មភាពសង្គមដោយសារជំងឺកូវីដ១៩ក្តី។ កាលពីចុងខែវិច្ឆិកា អង្គការ WMO បានចេញផ្សាយព្រឹត្តិបត្រឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំស្តីពីកំហាប់កាបូនឌីអុកស៊ីតក្នុងបរិយាកាស និងឧស្ម័នផ្ទះកញ្ចក់សំខាន់ៗផ្សេងទៀត។
វិធានការបិទសកម្មភាពសង្គមដោយសារតែជំងឺកូវីដ១៩ បានកាត់បន្ថយកម្រិតបំពុលខ្យល់នៅក្នុងក្រុងសំខាន់ៗក្នុងប្រទេសឥណ្ឌា ចិន និងកន្លែងផ្សេងៗទៀត។ ទោះជាយ៉ាងនេះក្តី អង្គការ WMO បានឲ្យដឹងថា វិធានការនេះ បរាជ័យក្នុងការទប់ស្កាត់ការកើនឡើងដោយឥតឈប់ឈរនៃឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យបង្កើនកម្តៅក្នុងបរិយាកាស និងបង្កើនល្បឿននៃការឡើងកម្តៅភពផែនដី។
ការកើនឡើងសីតុណ្ហភាព កំពុងបង្កឱ្យមានហេតុការណ៍អាកាសធាតុហួសហេតុជ្រុល ការរលាយទឹកកក ការកើនឡើងកម្រិតសមុទ្រ និងការកើនឡើងជាតិអាស៊ីតនៅក្នុងទឹកសមុទ្រ។ លោក Petteri Taalas អគ្គលេខាធិការអង្គការ WMO បាននិយាយថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ មិនមែនជាដំណោះស្រាយសម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុទេ។ ខណៈដែលការបញ្ចេញកាបូនឌីអុកស៊ីតបានធ្លាក់ចុះក្នុងរយៈពេលបិទសកម្មភាពសង្គមនេះ លោកអគ្គលេខាធិការបានប្រាប់ VOA ថា ការណ៍នេះ នឹងមានផលប៉ះពាល់តិចតួចណាស់ទៅលើការកើនឡើងកម្តៅភពផែនដី និងការបម្រែបម្រួលអាកាសធាតុ។
លោកបានថ្លែងក្នុងន័យដើមថា «នៅឆ្នាំនេះ យើងបានឃើញការធ្លាក់ចុះនៃការបញ្ចេញឧស្ម័ននេះចន្លោះពី ៤ ទៅ ៧ ភាគរយ ដោយសារតែការបិទសកម្មភាពសង្គមដោយសារជំងឺកូវីដ១៩ ប៉ុន្តែនេះនឹងមិនផ្លាស់ប្តូរទិដ្ឋភាពជារួមនោះទេ ដោយសារតែវត្តមានរបស់កាបូនឌីអុកស៊ីតនៅក្នុងបរិយាកាសមានរយៈពេលយូរណាស់»។
កាបូនឌីអ៊ុកស៊ីតស្ថិតនៅក្នុងបរិយាកាសយ៉ាងច្រើនសតវត្សរ៍ ហើយស្ថិតនៅក្នុងសមុទ្រកាន់តែយូរជាងនេះ។ អ្នកស្រី Oksana Tarasova ដែលជាប្រធានផ្នែកស្រាវជ្រាវបរិស្ថាន និងបរិយាកាសនិយាយថា អត្រានៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បច្ចុប្បន្ន គឺមានល្បឿនលឿនខ្លាំងណាស់។
អ្នកស្រីបានថ្លែងក្នុងន័យដើមថា «យើងបានឃើញការផ្លាស់ប្តូរទាំងនេះ ប៉ុន្តែការផ្លាស់ប្តូរទាំងនោះបានកើតឡើងរួចហើយ នៅពេលដែលអាកាសធាតុទាំងមូលផ្លាស់ប្តូរពីបរិយាកាសដែលមានភាពត្រជាក់ទៅបរិយាកាសកណ្តាល ហើយការណ៍នេះបានកើតឡើងចន្លោះពី ១០០ ទៅ ២០០ ឆ្នាំ។ មនុស្សយើងបានធ្វើរឿងនេះ គ្រាន់តែជាមួយនឹងការបញ្ចេញឧស្ម័នប៉ុណ្ណោះ។ យើងបានធ្វើរឿងនេះក្នុងរយៈពេល ៤ ឆ្នាំ»។
កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៦ មានបំណងកម្រិតការកើនឡើងសីតុណ្ហភាពសាកលលោកឱ្យស្ថិតក្នុងកម្រិត ១,៥ អង្សាសេលើកម្រិតមុនយុគឧស្សាហកម្មនៅត្រឹមឆ្នាំ ២០៥០។ លោក Taalas និយាយថា វាទំនងថា គេមិនអាចឈានដល់គោលដៅនេះបានទេនៅពេលនោះ។ លោកនិយាយថា ប្រទេសចិន សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងបានប្តេជ្ញាចិត្តដើម្បីក្លាយជាប្រទេសមិនមានឧស្ម័នកាបូននៅត្រឹមឆ្នាំ ២០៦០។
ប្រទេសទាំងនេះទទួលខុសត្រូវលើការបញ្ចេញឧស្ម័នសាកលលោកចំនួន ៥០%។ មន្ត្រីអង្គការសហប្រជាជាតិនិយាយថា ពួកគេរំពឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលជាអ្នកឈ្នះក្នុងការឆ្នោតសហរដ្ឋអាមេរិក នឹងធ្វើការប្តេជ្ញាចិត្តស្រដៀងគ្នានេះដែរ៕