សហរដ្ឋអាមេរិក បានរួមចំណែកក្នុងការបំពុលក្នុងមហាសមុទ្រដោយប្លាស្ទិកច្រើនជាងការប៉ាន់ស្មានពីមុន។ នេះ បើយោងតាមការសិក្សាថ្មីមួយ។
លោក George Leonard ប្រធានផ្នែកវិទ្យាសាស្ត្រនៅអង្គការ Ocean Conservancy និងជាសហអ្នកនិពន្ធម្នាក់នៃការសិក្សាថ្មីនោះ បាននិយាយក្នុងសម្តីដើមថា៖
«ការបំពុលដោយប្លាស្ទិក គឺជាការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងធំៗចំនួនបីដល់មហាសមុទ្រក្នុងពេលអនាគត»។
លោក Leonard បានថ្លែងបន្តថា៖ «ប្លាស្ទិក អាចជ្រៀតចូលទៅក្នុងបណ្តាញចំណីអាហារនៅក្នុងសមុទ្រ ដែលមានចាប់តាំងពីរុក្ខជាតិផ្លេនតុនតូចៗ រហូតដល់ត្រីដែលយើងបរិភោគ ថនិកសត្វធំបំផុតក្នុងសមុទ្រ បក្សីសមុទ្រ និងអណ្តើកសមុទ្រជាដើម»។
សហរដ្ឋអាមេរិក បង្កើតកាកសំណល់ប្លាស្ទិក ប្រមាណ៤២លានតោនកាលពីឆ្នាំ២០១៦ ដែលជាចំនួនគួរឲ្យភ្ញាក់ផ្អើល និងច្រើនជាងប្រទេសណាៗទាំងអស់ក្នុងពិភពលោក។ នេះ បើយោងតាមអ្នកវិភាគ។
លោក Leonard បានថ្លែងបន្តថា ក្នុងចំណោមកាកសំណល់ខាងលើនេះ កាកសំណល់ជាង២.២ លានតោន បានហូរចូលទៅក្នុងមហាសមុទ្រ។ បើសិនជា វាត្រូវបានគេគរនៅក្នុងបរិវេណនៃសេតវិមាន «វាអាចមានកម្ពស់ប្រហែលនឹងអគារ Empire State» នៅក្នុងទីក្រុងញូវយ៉ក។
ការសិក្សាមួយពីមុនដែលបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវដដែល បានដាក់ចំណាត់ថ្នាក់សហរដ្ឋអាមេរិកលេខរៀងទី២០នៃប្រទេសដែលបានធ្វើឲ្យមានប្លាស្ទិកចូលទៅក្នុងមហាសមុទ្រច្រើនបំផុត ប៉ុន្តែពួកគេចាត់ទុកថា ការទុកដាក់សំរាមជាប្រភពដ៏សំខាន់នៃការបំពុលនេះ។ ប្រភពពីរផ្សេងទៀតនៃការបំពុល រួមមានការចោលសំរាមខុសច្បាប់ និងកាកសំណល់ដែលត្រូវបានដឹកទៅបរទេសដើម្បីកែច្នៃឡើងវិញ ប៉ុន្តែទីបំផុត វាបានបំពុលបរិស្ថាន ហើយការសិក្សាថ្មីនេះបានដាក់ឲ្យសហរដ្ឋអាមេរិកឡើងមកចំណាត់ថ្នាក់ទីបីក្នុងនាមជាប្រទេសដែលបំពុលដោយកាកសំណល់ប្លាស្ទិកខ្លាំងបំផុត។
លោក Jan Dell វិស្វករគីមី និងស្ថាបនិកនៃអង្គការ The Last Beach Cleanup ដែលមិនបានរួមចំណែកក្នុងការស្រាវជ្រាវនោះបាននិយាយថា៖ «ការស្រាវជ្រាវនេះ ពិតជាល្អណាស់ដោយសារវាបានដាក់សហរដ្ឋអាមេរិកមកថ្នាក់លើគេក្នុងបញ្ជី ហើយនិយាយថា «មើលនែ៎ សហរដ្ឋអាមេរិកជាប្រភពធំបំផុតនៃការបំពុលដោយកាកសំណល់ប្លាស្ទិក»។
កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិក បានកែច្នៃកាកសំណល់ប្លាស្ទិកតែ៩ភាគរយប៉ុណ្ណោះ។ ប្រហែលពាក់កណ្តាលនៃចំនួននេះ ត្រូវបានកែច្នៃក្នុងស្រុកនិងពាក់កណ្តាលទៀតដឹកចេញទៅក្រៅប្រទេស។ អ្នកស្រាវជ្រាវនានាប៉ាន់ស្មានថា កាកសំណល់ប្លាស្ទិកជិត១លានតោនរបស់សហរដ្ឋអាមេរិក បានបំពុលបរិស្ថាន តាមរយៈការនាំចេញកាលពីឆ្នាំ២០១៦។
អ្នកស្រី Kara Lavender Law សាស្ត្រាចារ្យផ្នែកស្រាវជ្រាវនៃការសិក្សាវិទ្យាសាស្ត្រមហាសមុទ្រនៃសមាគមអប់រំផ្នែកសមុទ្រ (Sea Education Association) និងជាអ្នកនិពន្ធនាំមុខនៃការសិក្សានោះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«អស់រយៈពេលជាច្រើនឆ្នាំមកហើយ សំរាមប្លាស្ទិកដែលយើងបានចោលទៅក្នុងធុងពណ៌ខៀវត្រូវបាននាំចេញដើម្បីធ្វើការកែច្នៃនៅប្រទេសដែលមានការពិបាកក្នុងការគ្រប់គ្រងកាកសំណល់របស់ពួកគេ ហើយនៅទទួលកាកសំណល់ចំនួនច្រើនពីសហរដ្ឋអាមេរិកទៀត។ ហើយបើសិនជាអ្នកពិចារណាថា តើមានកាកសំណល់របស់យើងប៉ុន្មានដែលមិនអាចកែច្នៃបាន ដោយសារតែវាមានតម្លៃទាប កខ្វក់ ឬពិបាកដំណើរការនោះ វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលកាកសំណល់ទាំងនោះជាច្រើនទីបញ្ចប់បានបំពុលបរិស្ថាន»។
នៅក្នុងសហរដ្ឋអាមេរិក ការទុកដាក់សំរាមនិងការចោលសំរាមខុសច្បាប់ មានចំណែកក្នុងការបន្ថែមកាកសំណល់ប្លាស្ទិកចំនួន១.២ លានតោន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមពាណិជ្ជកម្មឧស្សាហកម្មប្លាស្ទិក American Chemistry Council (ACC) បានយល់ស្របថា «កាកសំណល់ប្លាស្ទិកក្នុងបរិស្ថានរបស់យើង គឺមិនអាចទទួលយកបានទេ ហើយអ្នកផលិតប្លាស្ទិកអាមេរិក កំពុងធ្វើការពង្រឹងដំណោះស្រាយដោយមានការទទួលខុសត្រូវឲ្យបានលឿន ដើម្បីដោះស្រាយបញ្ហានេះ»។
អនុប្រធានរបស់ក្រុមប្រឹក្សា ACC ទទួលបន្ទុកផ្នែកប្លាស្ទិក លោក Joshua Baca បាននិយាយថាឧស្សាហកម្មនេះ បានកំណត់គោលដៅមួយដែលតម្រូវឲ្យការវេចខ្ចប់ដោយប្លាស្ទិករបស់សហរដ្ឋអាមេរិកទាំងអស់ត្រូវប្រើឡើងវិញ កែច្នៃ ឬស្តារឡើងវិញត្រឹមឆ្នាំ២០៤០។ លោក Baca បន្ថែមថា ការនាំចេញកាកសំណល់របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជិត៧០ភាគរយតាំងពីឆ្នាំ២០១៦មក។
ទោះយ៉ាងណាការស្រាវជ្រាវនោះបានកត់សម្គាល់ថា ការធ្លាក់ចុះនេះ គឺដោយសារចិនបានហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិក។ តាំងពីបំរាមនេះបានចូលជាធរមានក្នុងឆ្នាំ២០១៧មក ការដឹកជញ្ជូនកាកសំណល់ពីសហរដ្ឋអាមេរិកទៅប្រទេសដូចជាម៉ាឡេស៊ី វៀតណាម និងថៃបានកើនឡើងខ្លាំង នេះបើយោងតាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មាន Financial Times។
លោក Dell បាននិយាយក្នុងសម្តីដើមថា៖ «សហរដ្ឋអាមេរិក គឺជាអ្នកនាំមុខក្នុងការបង្កឲ្យមានវិបត្តិបំពុលដោយប្លាស្ទិក ក្នុងពិភពលោក។ ហើយទិន្នន័យនេះពិតជាបង្ហាញដូច្នេះមែន គឺតាមរយៈការបំពុលប្លាស្ទិកនៅក្នុងប្រទេសយើង និងការនាំចេញកាកសំណល់របស់យើង។ ដំណោះស្រាយដ៏ងាយស្រួលបំផុតក្នុងការនាំចេញកាកសំណល់ គឺបញ្ឈប់ការនាំចេញ។ នេះជាកាកសំណល់របស់យើង។ យើងគួរតែរក្សាវាទុកនៅក្នុងប្រទេស យើងហើយកាត់បន្ថយកាកសំណល់នោះ»។
អ្នកស្រាវជ្រាវនានានិយាយថា ការកែប្រែឡើងវិញផ្នែកផលិតកម្មប្លាស្ទិក ការប្រើប្រាស់ និងការកែច្នៃ គឺចាំបាច់ដើម្បីដោះស្រាយវិបត្តិប្លាស្ទិកនេះ។
លោក Marcus Eriksen នាយកស្រាវជ្រាវនិងសហស្ថាបនិកនៃវិទ្យាស្ថាន 5 Gyres ដែលមិនបានចូលរួមក្នុងការស្រាវជ្រាវនោះបាននិយាយថា៖ «យើងកំពុងឃើញហើយនូវកំណើនដ៏ច្រើនសន្ធឹកសន្ធាប់នៃកាកសំណល់នៅលើផ្ទៃមហាសមុទ្រ។ យើងត្រូវតែមានភាពវៃឆ្លាតជាងមុនក្នុងការប្រើប្រាស់បរិមាណប្លាស្ទិក ហើយតើយើងបានបញ្ចេញទៅក្នុងបរិស្ថានចំនួនប៉ុន្មាន»។
ដើម្បីជួយដោះស្រាយការបំពុលប្លាស្ទិកក្នុងមហាសមុទ្រ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់សង្រ្គោះសមុទ្ររបស់យើងវគ្គពីរ ឬ Save Our Seas 2.0 Act កាលពីដើមឆ្នាំនេះ។
លោក Nick Mallos នាយកជាន់ខ្ពស់នៃកម្មវិធី Trash Free Seas របស់អង្គការ Ocean Conservancy និងជាសហអ្នកនិពន្ធនៃការស្រាវជ្រាវបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសម្តីដើមថា៖
«សេចក្តីព្រាងច្បាប់ Save Our Seas 2.0 Act គឺជាជំហានសំខាន់មួយក្នុងទិសដៅដ៏ត្រឹមត្រូវឆ្ពោះទៅកាន់ដំណោះស្រាយទូលំទូលាយ ដែលនឹងដោះស្រាយបញ្ហាកាកសំណល់ក្នុងសមុទ្រ។ ប៉ុន្តែក្នុងទម្រង់របស់វាបច្ចុប្បន្ននេះ វាមិនបានផ្តោតលើវិធីសាស្ត្រកាត់បន្ថយ ដែលត្រូវការជាចាំបាច់ ដើម្បីដោះស្រាយបញ្ហានេះទេ។
លោកថ្លែងបន្ថែមថា៖ «ការកាត់បន្ថយកាកសំណល់ប្លាស្ទិក គឺសំខាន់ដើម្បីចៀសវាងអនាគតមួយដែលពោរពេញទៅដោយប្លាស្ទិកមិនអាចគ្រប់គ្រងបាននៅទូទាំងពិភពលោក»។
ទោះជាការបំពុលដោយប្លាស្ទិកជាបញ្ហាសាកល អ្នកស្រាវជ្រាវនានានិយាយថា សកម្មភាពរបស់បុគ្គលម្នាក់ៗ អាចធ្វើឲ្យមានការផ្លាស់ប្តូរ។
លោក Leonardនៃអង្គការ Ocean Conservancy បាននិយាយក្នុងសម្តីដើមថា៖ «សូមធ្វើអ្វីគ្រប់យ៉ាងតាមដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយចំនួនប្លាស្ទិក ដូចជាប្រើស្បោងដាក់ទំនិញ ឬពែងកាហ្វេដែលអាចប្រើបានច្រើនដងជាដើម ហើយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់អ្នកដូចនេះ ក៏ជាផ្នែកនៃដំណោះស្រាយផងដែរ»៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ