ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា ការ​ជួញ​ដូរ​រុក្ខជាតិ​និង​សត្វព្រៃ​ខុស​ច្បាប់​នៅ​បន្ត​មាន​ឥត​ឈប់ឈរ


រូបឯកសារ៖ សំណល់​ឆ្អឹង​របស់​សត្វ​ដែលត្រូវបាន​រឹបអូស​ដោយ​មន្ត្រី​គយ​ម៉ាឡេស៊ីពី​អ្នកជួញដូរ​សត្វព្រៃ នៅ​ខេត្ត Selangor ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ សំណល់​ឆ្អឹង​របស់​សត្វ​ដែលត្រូវបាន​រឹបអូស​ដោយ​មន្ត្រី​គយ​ម៉ាឡេស៊ីពី​អ្នកជួញដូរ​សត្វព្រៃ នៅ​ខេត្ត Selangor ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា​បាន​បង្ហាញ​ថា ការ​ជួញដូរ​រុក្ខជាតិ​និង​សត្វព្រៃ​ខុសច្បាប់​នៅតែ​បន្ត​មាន​ឥត​ឈប់ឈរ ហើយ​វា​សំខាន់​ដែល​រដ្ឋាភិបាល​នានា​ត្រូវ​ផ្ដោត​លើ​ប្រភេទ​រុក្ខជាតិ​និង​សត្វព្រៃ​ផ្សេង​ទៀត​ក្រៅពី​ប្រភេទ​សត្វ «លេចធ្លោ» ដូចជា​ដំរី​ជាដើម ដែល​ការ​បង្ក្រាប​លើ​ការ​ជួញដូរ​ទាំងនេះ​មាន​ភាព​ប្រសើរ​ជាងមុន​រួច​ហើយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ទោះបីជា​ការ​បង្ក្រាប​លើ​ការ​ជួញដូរ​រុក្ខជាតិ​និង​សត្វព្រៃ​ខុសច្បាប់​ដែល​ត្រូវបាន​រាយការណ៍​នៅក្នុង​ឆ្នាំ ២០២០ និង​ឆ្នាំ ២០២១ មាន​ចំនួន​ប្រហែល​ពាក់​កណ្ដាល​នៃ​ការ​រាយការណ៍​កាលពី​លើក​មុនៗ​ក៏ដោយ ក៏​វា​អាច​បណ្ដាល​មកពី​ការ​បង្អាក់​ដែល​ពាក់ព័ន្ធ​នឹង​វិធានការ​ដាក់​កំហិត​ជំងឺ​កូវីដ១៩ ជាជាង​ការ​ធ្លាក់ចុះ​នៃ​ការ​ជួញដូរ​ជាក់ស្ដែង។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) ស្ដីពី​ឧក្រិដ្ឋកម្ម​សត្វព្រៃ​នៅ​លើ​ពិភពលោក។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវបាន​ចេញផ្សាយ​រៀងរាល់ ៤ ឆ្នាំ​ម្ដង ហើយ​ឆ្នាំ ២០២០ ទៅ ២០២១ គឺជា​ឆ្នាំ​ចុងក្រោយ​បង្អស់​ដែល​មាន​ទិន្នន័យ​អំពី​ការ​ជួញដូរ​នេះ។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​អំពី​របាយការណ៍​នេះ​ថា៖ «ការ​ជួញដូរ​រុក្ខជាតិ​និង​សត្វព្រៃ​ជា​ទូទៅ​មិន​បាន​ថយចុះ​គួរ​ឱ្យ​កត់​សម្គាល់​នៅក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ទេ»។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​នេះ​បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ​ផ្សេងៗ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​វិធានការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ផងដែរ។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា៖ «សត្វ​និង​រុក្ខជាតិ​ដែល​រង​ការ​គំរាមកំហែង​រាប់​ពាន់​ប្រភេទ​កំពុង​រងគ្រោះ​ដោយសារ​ការ​ជួញដូរ ដែល​មួយ​ចំនួន​តូច​ក្នុង​ចំណោម​នោះ​ដូចជា​ដំរី ខ្លា និង​រមាស​ជាដើម​បាន​ធ្វើឱ្យ​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង​ខាង​គោលនយោបាយ»។

របាយការណ៍​នេះ​បាន​បន្ថែម​ថា ឧក្រិដ្ឋកម្ម​រុក្ខជាតិ​និង​សត្វព្រៃ «ដូចជា​ការ​ប្រមូល​យក​ដោយ​ខុសច្បាប់​នូវ​រុក្ខជាតិ​ប្រភេទ​ប្រទាល​និង​ផ្កា​អ័រគីដេ​កម្រ​ជាដើម» ហើយនឹង​ការ​ជួញដូរ​ឧរង្គសត្វ ត្រី បក្សី និង​ថនិកសត្វ​ជាច្រើន​ប្រភេទ បាន​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការ​ធ្វើឱ្យ​រុក្ខជាតិ​និង​សត្វព្រៃ​ទាំងនោះ​ផុតពូជ​ទាំង​ក្នុង​ស្រុក​និង​លើ​ពិភពលោក។

នៅ​រវាង​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០២១ ការ​រឹបអូស​យក​បាន​នូវ​រុក្ខជាតិ​និង​សត្វព្រៃ​ចំនួន ១៣ លាន​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ជួញដូរ​ខុសច្បាប់​លើ​រុក្ខជាតិ​និង​សត្វព្រៃ​ប្រហែល ៤.០០០ ប្រភេទ​នៅ​ក្នុង​ប្រទេស​និង​ដែនដី​ចំនួន ១៦២។ នេះ​បើ​យោង​តាម​របាយការណ៍​នេះ។

ប្រភេទ​រុក្ខជាតិ​និង​សត្វព្រៃ​ដែល​ត្រូវ​ជួញដូរ​ច្រើន​បំផុត​គឺ​ផ្កាថ្ម​ចំនួន ១៦% ក្រពើ ៩% និង​ដំរី ៦%។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ផ្នែក​ដ៏​ល្អ​កម្រ​មួយ​គឺ​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ភ្លុក​ដំរី​និង​កុយ​រមាស ដោយ​គេ​ឃើញ​មាន​ការ​ថយចុះ​នូវ​ការ​លួច​បរបាញ់ កម្រិត​នៃ​ការ​រឹបអូស​បាន​នូវ​វត្ថុ​ទាំងនេះ និង​តម្លៃ​នៃ​វត្ថុ​ទាំងនេះ​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG