ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​សន្តិសុខ​រួម​របស់​ចិន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​នៅ​មីយ៉ាន់ម៉ា


ក្រុម​យោធាមីយ៉ាន់ម៉ា​កំពុង​ហ្វឹកហាត់​នៅទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ាកាលពីថ្ងៃទី ៨ មេសា ២០២៤។
ក្រុម​យោធាមីយ៉ាន់ម៉ា​កំពុង​ហ្វឹកហាត់​នៅទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ាកាលពីថ្ងៃទី ៨ មេសា ២០២៤។

សំណើ​ថ្មីៗ​នេះ​របស់​ចិន​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​សន្តិសុខ​រួម​គ្នា​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា បាន​ញ៉ាំង​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល​និង​អ្នកជំនាញ​នៅ​មីយ៉ាន់ម៉ា។ ពួកគេ​យល់​ថា​សំណើ​នេះ​ជា​ការ​រំលោភ​លើ​អធិបតេយ្យ​ជាតិ​និង​ជា​សញ្ញា​បង្ហាញ​ថា​របប​យោធា​មីយ៉ាន់ម៉ា​គ្មាន​សមត្ថភាព​ធានា​សន្តិសុខ​បាន​ក្នុង​ពេល​មាន​ការ​តស៊ូ​ប្រដាប់​អាវុធ​ដ៏​ទូលំទូលាយ។

យោង​តាម​សេចក្តី​រាយការណ៍​មួយ​របស់​កាសែត Myanmar Gazette ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា របប​យោធា​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​មាន​សមាជិក​១៣​នាក់​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា ដើម្បី​ពិនិត្យ​សំណើ​របស់​ចិន​និង​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា​មួយ​សម្រាប់​បង្កើត​ក្រុមហ៊ុន​រួម​គ្នា។

គណៈកម្មាធិការ​នេះ បាន​វាយតម្លៃ​ផ្នែក​លទ្ធកម្ម​នៃ​សេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា​នេះ ដូចជា​ការ​នាំចូល​អាវុធ​និង​សម្ភារ​សន្តិសុខ​ ខណៈ​ធានា​ថា​ផែន​ការ​នេះ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អធិបតេយ្យ​ឬ​សន្តិសុខ​មីយ៉ាន់ម៉ា។

អ្នក​ឃ្លាំមើល​ប្រទេស​មីយ៉ាន់ម៉ា ជឿ​ថា​សំណើ​នេះ អាច​ត្រូវ​បាន​ជំរុញ​ដោយ​ចិន បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​លើស្ថាន​កុង​ស៊ុល​របស់​ចិន​នៅ​ថ្ងៃ​ទី​១៨​ខែ​តុលា​ក្នុង​ទីក្រុង Mandalay ដោយ​បង្ហាញ​ពី​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន​ចំពោះ​វិនិយោគ​របស់​ខ្លួន​ក្នុង​បរិយាកាស​នយោបាយ​អស្ថិរភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

បញ្ញវន្ត​មីយ៉ាន់ម៉ា​ពន្យល់​ថា​ដោយសារ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​របស់​មីយ៉ាន់ម៉ា ដែល​ក្រុម​យោធា​ជា​អ្នក​ព្រាង​នោះ ហាម​ប្រាម​ការ​ឈរ​ជើង​របស់​កងទ័ព​បរទេស​លើ​ដី​មីយ៉ាន់ម៉ា ការ​និយាយ​អំពី​«‍ក្រុមហ៊ុន​»ចិន​ក្នុង​សំណើ​បង្កើត​ក្រុមហ៊ុន​រួម​គ្នា​នោះ គឺ​ជា​ចំណាត់​ការ​យុទ្ធសាស្ត្រ «‍ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់​អំពី​អន្តរាគមន៍​យោធា»។

បញ្ញវន្តដដែល​និយាយ​ថា«‍តែ​សាធារណជន មើលឃើញ​ថា​វា​ជា​ការ​រំលោភ​អធិបតេយ្យភាព​ហើយ​សូម្បី​តែ​របប​យោធា​ក៏​មាន​អារម្មណ៍​មិន​ស្រួល​ចំពោះ​ការ​ពាក់ព័ន្ធ​ដ៏​សម្ងាត់​របស់​ចិន​ដូច្នេះ​ដែរ»។

សំណើ​បង្កើត​ក្រុមហ៊ុន​សន្តិសុខ​រួម​គ្នា​នេះ បង្ហាញ​ពី​កង្វះ​ជំនឿ​ទុក​ចិត្ត​របស់​រដ្ឋាភិបាល​ចិន​លើ​សមត្ថភាព​របស់​របប​យោធា​មីយ៉ាន់ម៉ា​ក្នុង​ការ​រក្សា​ការ​គ្រប់​គ្រង​និង​សន្តិសុខ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG