សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនមីនប្រឆាំងមនុស្សទៅកាន់អ៊ុយក្រែនដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនពីកងកម្លាំងថ្មើរជើងដែលរុលទៅមុខរបស់រុស្ស៊ី។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ដែលបានថ្លែងកាលពីថ្ងៃពុធ។
ការសម្រេចចិត្តនេះគឺជាការបញ្ច្រាសគោលនយោបាយអាមេរិកជាលើកទី២ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden ដែលនៅសល់ពេលតែ២ខែទៀតប៉ុណ្ណោះសម្រាប់អាណត្តិប្រធានាធិបតីរបស់លោក បានកែប្រែជំហររបស់លោកហើយបានថ្លែងថា អ៊ុយក្រែនឥឡូវអាចប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ដល់ដោយអាមេរិកបាញ់ទៅកាន់រុស្ស៊ីដោយសេរី។
អ៊ុយក្រែនកាលពីថ្ងៃអង្គារបានបាញ់សំដៅឃ្លាំងរំសេវកាលពីថ្ងៃអង្គារ។ លោក Austin បានថ្លែងជាមួយអ្នកសារព័ត៌មានដែលធ្វើដំណើរទៅកាន់ប្រទេសឡាវជាមួយលោកថា ការអនុញ្ញាតឱ្យដឹកមីនរបស់អាមេរិកទៅអ៊ុយក្រែនជារឿងសំខាន់ ព្រោះកងកម្លាំងរុស្ស៊ីបានប្ដូរយុទ្ធសាស្ត្រសង្គ្រាម។
លោករដ្ឋមន្ត្រីការពារជាតិ Austin ថ្លែងថា កងទ័ពជើងគោករុស្ស៊ីបានរុលទៅមុខ ដូច្នេះអ៊ុយក្រែន«ត្រូវការអ្វីមួយដែលអាចជួយរារាំងកិច្ចប្រឹងប្រែងរបស់រុស្ស៊ី»។
អាមេរិកកាលពីថ្ងៃពុធក៏បានថ្លែងថាខ្លួននឹងបញ្ជូនកញ្ចប់គ្រាប់រំសេវដែលគិតជាទឹកប្រាក់២៧៥លានដុល្លារទៅឱ្យអ៊ុយក្រែន រួមទាំងអាវុធសម្រាប់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំ និងអាវុធប្រឆាំងរថក្រោះ។ នេះជាការដឹកជញ្ជូនលើកទី៧០ហើយតាំងពីខែសីហា ឆ្នាំ២០២១។
ការកែប្រែគោលនយោបាយនិងបន្ថែមអាវុធនេះគឺជាកិច្ចប្រឹងប្រែងមួយរបស់លោក Biden និងក្រុមការពារជាតិរបស់លោកដើម្បីជួយដល់អ៊ុយក្រែន មុននឹងលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខនេះ៕
វេទិកាបញ្ចេញមតិ