ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Jimmy Lai បដិសេធ​ការ​អះអាង​របស់​រដ្ឋ​អាជ្ញា​ដែល​ថា​លោក​បាន​ស្នើ​ឱ្យ​អាមេរិក​ចាត់​វិធានការ​ប្រឆាំង​ហុងកុង


រូបភាពឯកសារ៖ លោក Jimmy Lai ម្ចាស់​កាសែត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ Apple Daily ដើរ​ទៅ​កាន់រថយន្តដឹក​អ្នកទោសក្នុង​ទីក្រុង​ហុងកុងកាលពីថ្ងៃទី​១២ ធ្នូ ឆ្នាំ២០២០។
រូបភាពឯកសារ៖ លោក Jimmy Lai ម្ចាស់​កាសែត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ Apple Daily ដើរ​ទៅ​កាន់រថយន្តដឹក​អ្នកទោសក្នុង​ទីក្រុង​ហុងកុងកាលពីថ្ងៃទី​១២ ធ្នូ ឆ្នាំ២០២០។

លោក Jimmy Lai ម្ចាស់​កាសែត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ធ្វើ​សក្ខីកម្ម​ជា​លើក​ដំបូង​នៅ​ក្នុង​សវនាការ​សន្តិសុខជាតិ​របស់​លោក​នៅ​ហុងកុង​កាលពី​ថ្ងៃ​ពុធ។

លោក Jimmy Lai ដែល​មាន​អាយុ​៧៧​ឆ្នាំ​និង​មាន​សញ្ជាតិ​អង់គ្លេស​ផង​ដែរ​នោះ​រង​បទ​ចោទប្រកាន់​គប់គិត​ជាមួយ​កង​កម្លាំង​បរទេស​និង​ពី​បទ​បះបោរ។ លោក​ Lai ច្រាន​ចោល​បទ​ចោទ​ប្រកាន់​ទាំង​នេះ​ ប៉ុន្តែ​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​នោះ លោក​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

រដ្ឋាភិបាល​បរទេស​និង​ក្រុម​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​រឿង​ក្តី​នេះ​ថា​ជា​រឿង​នយោបាយ។

នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នោះ លោក​ Lai បាន​ប្រាប់​តុលាការ​ថា​គោលការណ៍​ណែនាំ​ផ្ទាល់​ខ្លួន​របស់​លោក​គឺ​ដូច​ទៅ​នឹង​កាសែត Apple Daily របស់​លោក​និង​ពលរដ្ឋ​ហុងកុង​អ៊ីចឹង។ លោក​បាន​ថ្លែង​ថា៖«យើង​តែងតែ​គាំទ្រ​ចលនា​ដើម្បី​សេរីភាព»។​

ថ្លែង​អំពី​មូលហេតុ​ដែល​លោក​បង្កើត​អាណា​ចក្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ឡើង លោក​ Lai បាន​ថ្លែង​ថា «ពេល​អ្នក​មាន​ព័ត៌មាន​កាន់​តែ​ច្រើន ពេល​អ្នក​ដឹង​រឿង​កាន់​តែ​ច្រើន ពេល​នោះ​អ្នក​នឹង​កាន់​តែ​មាន​សេរីភាព»។

កាសែត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ Apple Daily បាន​បិទ​ដំណើរការ​ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​បើក​ដំណើរការ​អស់​២៦​ឆ្នាំ។

ក្នុង​អំឡុង​សវនាការ ក្រុម​រដ្ឋអាជ្ញា​ចោទប្រកាន់​លោក Lai ថា​លោក​បាន​ស្នើ​ឱ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​ឬ​«ចូលរួម​ក្នុង​សកម្មភាព​នានា»ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​និង​ចិន។​

ក្រុម​រដ្ឋអាជ្ញា​បាន​លើក​ឡើង​ថា​ជំនួប​ឆ្នាំ​២០១៩​រវាង​លោក Lai និង​អតីត​អនុ​ប្រធានាធិបតី​លោក Mike Pence និង​លោក​ Mike Pompeo ដែល​ពេល​នោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នយោបាយ​នៅ​ហុងកុង។​

ក្រោម​ពាក្យ​សម្បថ​កាល​ពី​ថ្ងៃ​ពុធ លោក​ Lai បាន​ថ្លែង​ថា​លោក​មិន​បាន​ស្នើ​អ្វី​ឱ្យ​ប្រាកដ​ទៅ​កាន់​លោក Pence នោះ​ទេ។ លោក Lai បាន​ប្រាប់​តុលាការ​ក្នុង​សម្ដី​ដើម​ថា៖«ខ្ញុំ​មិន​ហ៊ាន​ស្នើ​លោក​អនុ​ប្រធានាធិបតី​អ្វី​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ប្រាប់​លោក​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ហុងកុង​ពេល​ដែល​លោក​សួរ​ខ្ញុំ​ប៉ុណ្ណោះ»។

ពាក់ព័ន្ធ​នឹង​លោក​ Pompeo លោក​ Lai ថ្លែង​ថា​លោក​បាន​ស្នើ​ឱ្យ​លោក Pompeo «កុំ​ឲ្យ​ធ្វើ​អ្វី​ក្រៅ​ពី​និយាយ ដើម្បី​ផ្ដល់​សំឡេង​គាំទ្រ​ដល់​ហុងកុង‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG