ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការត្រួតពិនិត្យពីលើអាកាសជួយអូស្ត្រាលីតាមដាននិងគ្រប់គ្រងហ្វូងសត្វក្របីព្រៃ


រូបឯកសារ៖ ក្របីព្រៃរត់កាត់ទឹក នៅឧទ្យានសត្វព្រៃ Pobitora កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២។
រូបឯកសារ៖ ក្របីព្រៃរត់កាត់ទឹក នៅឧទ្យានសត្វព្រៃ Pobitora កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២។

ក្របី​ទឹក​ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ក្នុង​ដែនដី​ Northern Territory​ របស់ប្រទេស​អូស្ត្រាលី​ក្នុង​សតវត្សរ៍​ទី​១៩​ ដើម្បី​ជួយ​ការងារ​និង​ធ្វើ​ជា​សាច់​សម្រាប់​អ្នក​តាំង​លំនៅ​នៅ​កន្លែង​ឆ្ងាយ​ដាច់​ស្រយាល។ ពេល​សហគមន៍​ទាំង​នោះចាកចេញ សត្វ​ទាំង​នេះក៏ត្រូវ​បាន​ប្រលែង​ចូល​ទៅ​ក្នុង​ព្រៃ​។

ចំនួន​របស់​ពួកវា​បាន​កើន​ឡើង ហើយ​ក្របី​ព្រៃ​អាច​បង្ក​ការ​ខូចខាត​ខ្លាំង​ដល់​បរិស្ថាន​ផង​ដែរ។ នៅ​តំបន់​ដី​សើម​ ពួកវា​ផ្លាស់ទី​តាម​ផ្លូវ​ទឹក​ហូរ ដែល​បណ្តាល​ឱ្យ​ទឹក​ប្រៃ​ហូរ​ចូល​ទៅ​ក្នុង​វាលទំនាប​ទឹក​សាប។ ការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ការ​រិចរឹល​ និង​បាត់បង់​ផ្ទៃដីព្រៃ​ក្រដាសដ៏​ធំ​និង​រន្ធ​ទឹក​ធម្មជាតិ​ ក៏​ដូចជា​នាំ​ចូល​ស្មៅ​ទៅ​កន្លែង​ផ្សេង​ផង​ដែរ។

នៅ​ក្រោម​កម្មវិធី Space Cows នេះ ​គេ​ប្រើ​ឧទ្ធម្ភាគចក្រ​ដេញ​និងកៀង​សត្វគោ​និង​ក្របី​ព្រៃ ចង​ភ្ជាប់​នឹង​ដើម​ឈើ​ និង​បំពាក់ស្លាក​សញ្ញា​ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ ដែល​អាច​តាមដាន​ត្រួត​ពិនិត្យដោយ​ផ្កាយ​រណប​បាន​។

អ្នក​វិទ្យាសាស្ត្រ​បាន​ថ្លែង​ថា ទិន្នន័យ​ដែល​អាច​មើល​បាន​ភ្លាមៗ​ នឹង​មាន​សារៈសំខាន់​ក្នុង​ការ​គ្រប់គ្រង​និង​ព្យាករណ៍​ ពី​ការ​ផ្លាស់ទី​របស់​ហ្វូង​សត្វ​ព្រៃ​ ដែល​ល្បីខាង​ការ​បំផ្លិចបំផ្លាញ​ទេសភាព​នោះ​។

ក្របី​ព្រៃ​ភាគច្រើន​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ដី​ជនជាតិ​ដើម​ភាគ​តិច ហើយ​អ្នក​ស្រាវជ្រាវ​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អនុរក្ស​ព្រៃ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​។ ពួក​គេ​ធ្វើ​ការ​សម្លាប់​ក្របី​ដោយ​កន្លែង​ ហើយ​មាន​ក្តីសង្ឃឹម​ថា​ សហគមន៍​ជនជាតិ​ដើម​ First Nations ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ពីការគ្រប់គ្រងហ្វូង​សត្វ​ព្រៃ​បាន​ល្អ​ប្រសើរ។

បច្ចេកវិទ្យា​នេះ​នឹង​អនុញ្ញាត​ឱ្យ​មន្ត្រី​អនុរក្សព្រៃ​ជនជាតិ​ដើម​ភាគ​តិច​ អាច​ប៉ាន់ស្មាន​ពី​កន្លែង​ដែល​គោនិង​ក្របីព្រៃនឹងត្រូវ​ទៅ​ ហើយ​ចាប់​ពួកវា​ ឬ​ធ្វើ​របង​ការពារ​កន្លែង​វប្បធម៌​ ឬ​ទីតាំងបរិស្ថាន​សំខាន់ៗ​។ ទិន្នន័យ​នេះ​នឹង​ជួយ​ដល់មន្ត្រី​ល្បាត​ព្រៃ​ ​បញ្ឈប់​សត្វ​ព្រៃ​ទាំង​នោះមិន​ឱ្យ​ជាន់ទន្ទា្រន​លើតំបន់​ដែល​មាន​ការ​គោរព​ដ៍ពិសិដ្ឋ​នានា​ ក៏​ដូច​ជា​ការបំផ្លាញផ្លូវ​ទឹកវប្បធម៌​ដ៏​សំខាន់​ផង​ដែរ​។

អ្នក​វិទ្យាសាស្ត្រ​បាននិយាយ​ថា​ ព័ត៌មាន​ពី​ផ្កាយរណប​នឹង​អនុញ្ញាត​ឱ្យ​ពួកគេអាច​ប៉ាន់ស្មាន​បាន​ នៅ​ពេលណា​ដែល​ហ្វូងសត្វព្រៃអាច​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្លូវ​ទឹក​ដ៏ជាក់លាក់​ណា​មួយ​ក្នុង​អាកាសធាតុ​ក្តៅ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​មន្ត្រីអនុរក្សព្រៃ​អាច​ជួយ​ធ្វើ​អន្តរាគមន៍​បាន។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្របី​ព្រៃ​រាប់​ពាន់​ក្បាល​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​អូស្ត្រាលី​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ Andrew Hoskins ជា​អ្នក​ជីវវិទ្យា​នៅ​អង្គការ​ស្រាវជ្រាវ​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ Commonwealth (CSIRO) ដែល​ជា​ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​របស់​ប្រទេស​អូស្ត្រាលី។

លោក​បាន​ថ្លែង​ប្រាប់​កម្មវិធី​ AM​ របស់​វិទ្យុអូស្ត្រាលីថា​ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សត្វ​ព្រៃ​ត្រូវ​បាន​ត្រួតពិនិត្យ​ពី​លំហ​អាកាស​។ លោក​ថ្លែង​ដូចនេះ​ថា៖ «នេះ​ពិត​ជា​គម្រោង​តាមដាន​ខ្នាត​ធំ​មួយ​ ដែល​ប្រហែល​ជា​ធំ​ជាង​គេ​ ​ ក្នុងទិដ្ឋភាព​តាមដាន​សត្វ​ព្រៃឬ​ក្របី​ព្រៃ​ដែល​មិន​ធ្លាប់​មានពី​មុន​មក​។ ខ្ញុំ​គិត​ថា​ អ្វី​ដែល​ថ្មី​និង​ប្លែក​នោះគឺ​ថា​ វា​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ផ្កាយ រណប​ដែល​មាន​មូលដ្ឋានពីលំហ​អាកាស»។

ប្រទេស​អូស្ត្រាលីធ្លាប់​មាន​បទពិសោធន៍​អាក្រក់ៗ​ជា​ញឹកញាប់​ ជាមួយ​នឹង​ការ​នាំ​សត្វ​ពី​បរទេស​ចាប់​តាំង​ពី​ការ​ធ្វើ​អាណានិគម​អឺរ៉ុប​នៅ​ចុង​ទសវត្សរ៍​ ១៨០០​ មក។ មិន​មែន​គ្រាន់​តែ​សត្វ​ក្របី​មួយ​មុខទេ​ដែល​បង្ក​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​នោះ​។

សត្វ​គីង្គក់អំពៅ​ ដែល​ត្រូវ​បាន​នាំ​ចូល​ក្នុង​ប្រទេសអូស្ត្រាលី​ ក្នុង​បំណងឱ្យ​ជួយបំផ្លាញ​សត្វ​ល្អិត​នៅ​ក្នុង​ចម្ការ​អំពៅ​ក្នុង​ទសវត្សរ៍​ ១៩៣០​ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​នោះ​ បាន​បង្កាត់​ពូជ​និង​ស៊ី​ចំណី​ដែល​អាច​វាយប្រហារ​សត្វ​ល្អិត​ ​កង្កែប​ សត្វ​ល្មូន និង​សត្វ​តូចៗ​ដទៃ​ទៀត​ដែល​មាន​ដើម​កំណើត​នៅ​អូស្ត្រាលី​។ ស្បែក​របស់​វា​ផ្ទុក​នូវ​ពិស​ពុល ​ដែល​អាច​សម្លាប់​សត្វ​ស៊ី​សាច់​ដែល​មាន​ដើម​កំណើត​នៅ​អូស្ត្រាលី​បាន​ផង​ដែរ។

សត្វ​ឆ្មា​ព្រៃ​បាន​សម្លាប់​សត្វ​ស្លាប​រាប់​លាន​ក្បាល​ក្នុង​ប្រទេស​អូស្ត្រាលី​ជា​រៀងរាល់​ឆ្នាំ ខណៈ​ដែល​ពពួក​សត្វ​កញ្ជ្រោង​ ជ្រូក​ និង​សត្វ​អូដ្ឋ​ បង្ក​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​។

ដោយ​ឡែក​សត្វ​ស្រមោច​លឿង​ ជា​ប្រភេទ​សត្វ​រាតត្បាត​ដ៏​អាក្រក់​បំផុតមួយ​របស់​ពិភពលោក។ អាជ្ញាធរ​ជឿ​ថា​ ពួកវា​បាន​មក​ដល់​ប្រទេស​អូស្ត្រាលី​ដោយ​ចៃដន្យ​តាមរយៈ​កំពង់ផែ​ដឹក​ជញ្ជូន។

ពួកវា​ត្រូវ​បាន​រកឃើញ​និង​កត់ត្រា​នៅ​ក្នុង​រដ្ឋ Queensland និង​ New South Wales ក៏​ដូចជាក្នុងទឹកដី​ Northern Territory ​ផង​ដែរ។ ស្រមោច​នេះ​ជា​ប្រភេទ​សត្វ​ដែល​មានឥទ្ធិពលខ្លាំង ហើយ​វា​បញ្ចេញទឹក​មាត់​ដែល​មាន​ជាតិ​អាស៊ីត​ ដែលអាច​ដុត​បំផ្លាញ​ស្បែក​សត្វដែល​ជា​ចំណី​របស់​វា​ ដែល​រួម​មាន​ថនិក​សត្វ​តូចៗ​ កូន​អណ្តើកនិង​កូន​បក្សី​ជា​ដើម៕

XS
SM
MD
LG