ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប៖ សវនាការ​កាត់ក្តី​លោក កឹម សុខា «គ្មានគុណភាព»


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​បក្ស​ជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​សវនាការ​ថ្ងៃទី២ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទពី​បទ «ឃុបឃិតជាមួយរដ្ឋបរទេស» បាន​បញ្ចប់ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​បក្ស​ជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​សវនាការ​ថ្ងៃទី២ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទពី​បទ «ឃុបឃិតជាមួយរដ្ឋបរទេស» បាន​បញ្ចប់ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ដំណើរការកាត់​ក្តី​លោក​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​រំលាយ​ បាន​ប្រព្រឹត្ត​ទៅប្រកប​ដោយ​ភាព​មិន​ប្រក្រតី​ និង «គ្មានគុណភាព»។​ នេះជាការបញ្ជាក់​របស់ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.)ក្នុង​សេចក្តីប្រកាស​មួយ​ដែល VOA ​បាន​ទទួល​នៅ​ថ្ងៃសុក្រ​នេះ​ពី​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្សឺណែវ។

សវនាការ​កាត់​ក្តីលោក​កឹម សុខា​ ​ បានចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០ ​នៅ​តុលាការ​ក្រុងភ្នំពេញ​ក្រោម​បរិយាកាស​រឹតត្បិតមិនឲ្យអ្នកសារព័ត៌​មាន​ចូលរួម​ និង​ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុមអង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ និង​ក្រៅប្រទេស។

​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ បានបង្ហាញ​ក្តីកង្វល់​ អំពីការ​ជំនុំ​ជម្រះ​ក្តី​ពី បទក្បត់​ជាតិ​ ដែលបាន​ចាប់​ផ្តើម​ក្នុងសប្តាហ៍នេះ​ ប្រឆាំង​នឹង​លោក​កឹម សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។​ ក្រុមអ្នកជំនាញ​ បាន​កត់សម្គាល់​ថា​ ដំណើរការ​ទាំងមូល​ចាប់​ពីការ​ចោទប្រកាន់រហូត​ដល់ ការ​ជំនុំ​ជម្រះក្តី​ «​គ្របដណ្តប់​ដោយ​ភាព​មិន​ប្រក្រតី»។

ក្រុមអ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ បាន​មាន​ប្រសាសន៍នៅ​ក្នុង​សេចក្តីប្រកាស ថា៖ «យើង មាន​ហេតុ​ផល​រឹងមាំ​អាច​ជឿ​ថា​ការ​ចោទ​ប្រកាន់​ពី​ប​ទក្បត់​ជាតិ​ប្រឆាំង​នឹង​លោក​ សុខា គឺ​ជា​ហេតុ​ផល​នយោបាយ ហើយ​ការចោទ​ប្រកាន់​នេះ​វាក៏ជាផ្នែក​នៃ​លំនាំ​មួយ​កាន់​តែ​ធំ​ជាង​នេះ​នៃ​ការ​ប្រើ​ប្រាស់​ច្បាប់​មិន​ត្រឹមត្រូវ ​ដើម្បី​ដាក់​គោល​ដៅ​ទៅ​លើ​គូ​ប្រជែង​នយោបាយ​ និង​អ្នក​រិះគ​ន់​រដ្ឋាភិបាល»។

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

ក្រុមអ្នក​ជំនាញអ្នកជំនាញ អ.ស.ប ដែលមានលោកស្រី សាស្ត្រាចារ្យ រ៉ូណា ស្មីត (Ms Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដាវីដ កាយ៉េ (Mr. David Kaye) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និងលោក ឌីហ្គោ កាសៀ-សាយយាន (Mr. Diego García-Sayán) អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី បានថ្លែង​ដោយ​សង្កត់​ធ្ងន់ថា៖ «​ដំណើរ​ការ​ទាំងមូលនៃការចាប់ខ្លួន និង​ការ​ឃុំខ្លួន​របស់​លោក​ កឹម សុខា​ គឺ​មិនមាន​គុណភាព​អាច​ទទួល​យកបាន​ ដោយ​មាន​ភាព​មិន​ប្រក្រតី​ និង​ការមិនគិតគូរ​យ៉ាងច្បាស់​ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា»​។​

លោក ​កឹម សុខា​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣​ខែ​កញ្ញា​នៅ​ឆ្នាំ​២០១៧​ភ្លាមៗ​ក្រោយពេល​វីដេអូ​របស់​លោក​ជាង​១ម៉ោង​ដែល​លោក​បាន​ថ្លែង​នៅឆ្នាំ២០១៣​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ​គឺ​គណបក្ស​កាន់​អំណាច​នោះ ​ត្រូវ​ប្រទះ​ឃើញ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ឡើងវិញ។​

ក្រុម​មេធាវី​ទាំងពីរ​ក្រុម​របស់​លោក​កឹម សុខា​ និង​ភាគី​រដ្ឋាភិបាល​ ត្រូវ​គេ​រាយការណ៍​មក​ថា ​បាន​ដេញ​ដោល​គ្នា​ខ្លាំង​ទៅលើ​ភស្តុតាងវីដេអូ​ខាងនោះ​។ ក្រុមមេធាវី​បាន​ប្រកែក​គ្នា ពាក់​ព័ន្ធនឹង​ផ្នែកមួយនៃ​វីដេអូនោះ​ ដែល​មាន​រយៈពេល​ជាង​២នាទី​ដែល​មាន​ការ​កាត់​ជា​កង់ៗ ​និង​ដំណាក់​កាល​នៃ​រឿង​រ៉ាវ​ដែល​កើត​ឡើង​មុន​ច្បាប់​សន្ទិដ្ឋិភាព​ត្រូវ​ប្រកាស​ឲ្យ​ប្រើ ​ហើយ​នឹង​ដំណើរការ​នីតិវិធី​មួយ​ចំនួន​ទៀត​ មុននឹង​បន្ត​ទៅ​កាន់​អង្គហេតុ​ អង្គច្បាប់​និង​អង្គ​សេចក្ដី​ផ្សេង។

រូបឯកសារ៖ លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក ​ជិន ម៉ាលីន​ មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បានប្រាប់​ VOA ​ភ្លាមៗ​ក្រោយការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថា​ ការ​អះអាង​ពីភាគីខាង​ក្រៅ​ណាមួយ​មិន​អាច​ដាក់​សម្ពាធ​លើនីតិវិធីច្បាប់​របស់​ប្រទេស​កម្ពុជានោះទេ។

«ដំណើរ​ការ​សវនាការ​របស់​លោកកឹម​សុខា​នេះ ​គឺ​បាន​ប្រព្រឹត្តិ​ទៅ​ទៅ​តាម​បែប​បទ​និង​និតិវិធី​ច្បាប់​ដែលមាន​ជាធរមាន​នៅ​កម្ពុជា។​ដូច្នេះ​រាល់​ការ​អត្ថាធិប្បាយ​ឬ​ក៏ការរិះគន់​ពី​សំណាក់​ភាគី​ណា​ក៏​ដោយ​រួម​ទាំង​ក្រុម​ដែល​គាំទ្រ​អតីតបក្ស​ ប្រឆាំង​នឹង​មិន​មាន​ឥទ្ធិពល​អី​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​ដែល​ជាស្ថាប័ន​ឯករាជ្យ​នោះទេ​បាទ»​។

ទោះ​ជាយ៉ាង​ណាក៏ដោយ​ ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ បាន​ អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​អាជ្ញាធរឲ្យ​ធានា​យុត្តិធម៌​សម្រាប់​លោក ​សុខា ​ និង​ ធានា​សិទ្ធិ​របស់​លោក​ក្នុង​ការ​ទទួល​បាន​សំណង​ និង​ជួស​ជុល​ការ​ខូចខាត​ផ្សេង​ទៀត​៕

XS
SM
MD
LG