លោក កឹម សុខា មេដឹកនាំគណបក្សជំទាស់នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា លោកនឹងពន្យល់តុលាការអំពីយុទ្ធសាស្រ្តនយោបាយរបស់លោក ដែលលោកថា គឺដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនក្នុងគោលដៅបដិវត្តន៍ពណ៌នោះទេ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេសក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានបរទេសនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ។
ក្នុងបទសម្ភាសន៍ជាមួយ VOA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក កឹម សុខា បានថ្លែងថា លោកត្រូវបានសួរដោយតំណាងអយ្យការ និងមេធាវីតំណាងរបស់រដ្ឋាភិបាលអំពីការងាររបស់លោកចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ហើយលោកបានការពារខ្លួនលោក។
លោកបានថ្លែងនៅផ្ទះរបស់លោក មុនពេលចាកចេញទៅតុលាការ ដើម្បីចូលរួមសវនាការជំនុំជម្រះថ្ងៃទីពីរថា៖
«ហើយសំណួរអស់នោះ គឺខ្ញុំបានឆ្លើយច្បាស់ទាំងអស់ថា ខ្ញុំអត់មានធ្វើអីខុសទាំងអស់។ អត់មានខុសទេ ធ្វើត្រឹមត្រូវ តែគេសង្កត់ខ្លាំងជាមួយ CCHR [មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា] ហើយ CCHR ជាអង្គការស្របច្បាប់ ហើយចុះឈ្មោះបញ្ជីរដ្ឋាភិបាលមកដល់ឥឡូវ ហើយម្ចាស់ជំនួយគឺ USAID ដែលជាស្ថាប័នចុះបញ្ជីឈ្មោះរដ្ឋាភិបាល»។
លោក កឹម សុខា បន្ថែមថា៖ «ថ្ងៃនេះ ខ្ញុំប្រាប់ថា អ្វីដែលជាយុទ្ធសាស្រ្តនយោបាយរបស់ខ្ញុំ ខ្ញុំធ្វើអ្វីៗទាំងអស់ជុំវិញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហើយយុទ្ធសាស្រ្តរបស់ខ្ញុំ ដែលគេថាដោយសារគេមិនយល់ច្បាស់ ឬគេមិនដឹងច្បាស់ ឬយ៉ាងម៉េចទេ តែយុទ្ធសាស្រ្តរបស់ខ្ញុំ ខ្ញុំនឹងបង្ហាញថា គឺយុទ្ធសាស្រ្តខ្ញុំ ដើម្បីឲ្យមានការផ្លាស់ប្តូរខ្លៅ ខ្លាច ឃ្លាន»។
លោក កឹម សុខា បន្តថា យុទ្ធសាស្រ្តនេះ គឺដើម្បីពន្យល់ពលរដ្ឋឲ្យយល់ដឹង កុំឲ្យខ្លាច ហ៊ានបញ្ចេញមតិ និងពលរដ្ឋមានជីវភាពប្រសើរឡើង។ លោកបន្ថែមថា គោលដៅរបស់លោកឆ្ពោះទៅរកការបោះឆ្នោត មិនមែនបដិវត្តន៍ពណ៌ ដូចការចោទប្រកាន់របស់រដ្ឋាភិបាលនោះទេ។
លោក កឹម សុខា បានឲ្យដឹងទៀតថា លោកបានសាកសួរតុលាការអំពីក្រមព្រហ្មទណ្ឌ ត្រង់មាត្រា «សន្ទិដ្ឋិភាពជាមួយបរទេស» ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅឆ្នាំ២០១០ តែសកម្មភាពរបស់លោកដែលតុលាការបានសាកសួរគឺចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧។
ក្នុងបន្ទប់សវនាការកាលពីថ្ងៃពុធ តុលាការបានបង្ហាញវីដេអូដំបូងបង្អស់រយៈពេល២នាទី ដែលលោក កឹម សុខា បានថ្លែងកាលពីឆ្នាំ២០១៣ថា អាមេរិកបានគាំទ្រលោក កឹម សុខា និងបានផ្តល់គំនិតដល់រូបលោកសម្រាប់ការបង្កើតអង្គការសង្គមស៊ីវិល និងការងារនយោបាយ។ វីដេអូនេះត្រូវបានរដ្ឋាភិបាលប្រើប្រាស់ជាភស្តុតាងក្នុងការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា ប្រព្រឹត្តអំពើក្បត់ជាតិ ប៉ុនប៉ុងផ្តួលរំលំរដ្ឋាភិបាល។
លោក កឹម សុខា កាលពីថ្ងៃពុធបានប្រាប់ទៅអង្គជំនុំជម្រះថា វីដេអូដែលតុលាការយកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់លោកថា «ក្បត់ជាតិ» ជាវីដេអូកាត់ត ហើយលោកបានប្រគល់វីដេអូពេញជាងមួយម៉ោង ដោយស្នើឲ្យមានការបញ្ចាំងក្នុងបន្ទប់សវនាការ។
ក្រោយបញ្ចាំងវីដេអូនេះ លោក កឹម សុខា បានថ្លែងថា៖
«ខ្ញុំបដិសេធវីដេអូនេះ មិនអាចធ្វើជាភស្តុតាងអង្គហេតុចោទប្រកាន់ខ្ញុំទេ»។
មេដឹកនាំបក្សជំទាស់រូបនេះបានបន្ថែមថា៖
«មិនមែនជាវីដេអូរបស់ខ្ញុំទេ តែជាសំឡេង និងរូបខ្ញុំ ហើយមិនពេញលេញ ហើយមានការកាត់ត ជាកង់ៗ។ សូមឲ្យតុលាការធ្វើកោសល្យវិច័្ចយជាមុនសិន ប្រភពពីណា នរណាកាត់ត។ ខ្លឹមសារពិតដែលខ្ញុំបាននិយាយជាសាធារណៈកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បំណងគឺថ្លែងអំណរគុណ និងជម្រាបពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា និងគោលចំហររបស់ខ្ញុំ។ មិនមានផែនការណាមួយ ដែលខ្ញុំចង់ធ្វើការផ្តួលរំលំរដ្ឋាភិបាលនោះទេ»។
លោក កឹម សុខា បានបន្តថា លោកមានយុត្តិធម៌«ក្នុងចិត្ត» ដ្បិតអីលោកថា លោកមិនបានប្រព្រឹត្តកំហុស ហើយលោកថាការណ៍នេះ អាចហៅបានថាជា«ជោគជ័យ»មួយសម្រាប់រូបលោក រួចទៅហើយ។
តុលាការបានសម្រេចយល់ព្រមទទួលភស្ដុតាងថ្មីជាវីដេអូទាំងមូលនៃសុន្ទរកថារបស់លោក ដែលត្រូវបានខាងរដ្ឋាភិបាលយកមកធ្វើជាតឹកតាងដាក់បន្ទុក និងចាប់ខ្លួនរូបលោក។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ VOA កាលពីថ្ងៃអង្គារថា សវនាការជំនុំជម្រះក្តីលើលោក កឹម សុខា អាចប្រើរយៈពេលដល់ទៅ៣ខែ។
ក្នុងសវនាការថ្ងៃទីពីរនេះ ដំណើរការបានប្រព្រឹត្តទៅតែមួយព្រឹកប៉ុណ្ណោះ បន្ទាប់ពីមានការជជែកដេញដោលគ្នាខ្លាំងៗ លើជីវប្រវត្តិការងាររបស់លោក កឹម សុខា នៅអង្គការសង្គមស៊ីវិល និងការទទួលជំនួយពីទីភ្នាក់ងារអភិវឌ្ឍន៍នានារបស់សហរដ្ឋអាមេរិក។ នេះបើតាមប្រភពពីក្នុងសវនាការ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា លោក កឹម សុខា មានសិទ្ធិធ្វើសេចក្ដីថ្លែងការណ៍ និងសិទ្ធិផ្នែកផ្លូវតុលាការនានា ដើម្បីការពារ និងដោះបន្ទុកលើបទចោទប្រឆាំងរូបលោក។ លោកបានបង្វែរសំណួរនេះ លោក គី តិច វិញ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក គី តិច មេធាវីរដ្ឋាភិបាល បានបន្តលើកឡើងថា ករណីលោក កឹម សុខា ជាករណីផ្លូវច្បាប់និងព្រហ្មទណ្ឌ មិនមែនជាករណីនយោបាយនោះទេ។
យ៉ាងណាក្ដី ក្រុមមេធាវីការពារក្ដីលោក កឹម សុខា និងអ្នកគាំទ្ររូបលោកតែង បានហៅករណីប្រឆាំងនឹងលោក កឹម សុខា នេះថាជាករណីនយោបាយ៕
(អត្ថបទនេះត្រូវបានបង្ហោះដំបូងនៅម៉ោង១០:៥២ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ និងត្រូវបានកំណែថ្មីជាមួយនការរាយការណ៍បន្ថែមនាម៉ោង ១៧:៣០ ថ្ងៃដដែល)