ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​អាស៊ាន​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​លោក​កឹម សុខា


រូបថត​ថត​ពី​គេហទំព័រ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បង្ហាញ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយ​​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​នេះ ទាមទារ​ឲ្យ​​មាន​ការ​ទម្លាប់​បទ​ចោទ​នានា​ចំពោះ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា។
រូបថត​ថត​ពី​គេហទំព័រ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បង្ហាញ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយ​​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​នេះ ទាមទារ​ឲ្យ​​មាន​ការ​ទម្លាប់​បទ​ចោទ​នានា​ចំពោះ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (ASEAN​ Parliamentarians​ for ​Human Rights) ឬ​ APHR កាល​ពី​ថ្ងៃ​ពុធ​ បាន​អំពាវនាវ​ឱ្យអាជ្ញាធរ​កម្ពុជា​ ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​លោក ​កឹម សុខា ​ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ។

ការ​អំពាវនាវ​របស់​អង្គការ​សិទ្ធិមនុស្ស​មួយ​ក្នុង​តំបន់​អាស៊ាន​នេះ ​ធ្វើឡើង​ចំ​ថ្ងៃ​ដំបូង​នៃ​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​លោក​ កឹម សុខា ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

លោក ​Tom Villarin ​សមាជិក​ម្នាក់​នៃ​អង្គការ ​APHR និង​ជា​អតីត​សមាជិក​សភា​នៃ​ប្រទេស​ហ្វីលីពីន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា៖

«‍ការ​ជំនុំជម្រះគួរ​ឱ្យ​អស់​សំណើច​នេះ​ គួរ​តែ​ត្រូវ​បាន​បញ្ចប់​ជា​បន្ទាន់​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក​ កឹម សុខា»។

លោក​បន្ត​ថា ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​«ត្រូវ​តែ​ដោះ​លែង​ដោយ​ឥត​លក្ខខណ្ឌ»។

លោក ​កឹម សុខា ​ត្រូវ​បាន​ចាប់ខ្លួន​ពី​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពីរំលងអាធ្រាត្រ​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​មន្ទីរ​ឃុំឃាំង​ខេត្ត​ត្បូង​ឃ្មុំ​និង​ក្រោយ​មក​ត្រូវ​បាន​ឃុំក្នុង​ផ្ទះ​រហូត​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ ជា​ពេល​ដែល​លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​ ប៉ុន្តែ​មិន​អាច​ចេញ​ក្រៅ​ប្រទេស ​និង​ធ្វើ​សកម្មភាព​នយោបាយ​បាន​ទេ។

​លោក ​Charles Santiago ​សមាជិក​សភា​ម៉ាឡេស៊ី​និង​ជា​ប្រធាន​អង្គការ​ APHR​ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ​ថា៖

«អាជ្ញាធរ​កម្ពុជា ​មិន​គួរ​ត្រឹម​តែ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា ​ប៉ុណ្ណោះ​ទេ​ តែពួកគេ​ត្រូវ​តែ​ស្តារ​ឡើងវិញ​នូវ​សិទ្ធិ​ទាំង​ឡាយ​របស់​លោក​ រួម​ទាំង​សិទ្ធិ​ដើរហើរ​ដោយ​សេរី ​និង​សិទ្ធិ​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​និង​កិច្ចការ​សាធារណៈ​ផងដែរ‍»។​

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​ កឹម សុខា ​ពិត​ជា​មាន​ទោស​មែន ​នោះ​លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ តាំង ស៊ុនឡាយ ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ប្រាប់ ​VOA​ថា សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​លោក ​កឹម សុខា ​អាច​ប្រើ​រយៈ​ពេល​ទៅ​ដល់​៣​ខែ​ ដោយ​តុលាការ​គ្រោង​នឹង​បើក​សវនាការ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ដោយ​យក​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍។

សវនាការ​ជំនុំ​ជម្រះ​ក្តី​នេះ​ នឹង​បន្ត​នៅថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា​នេះ​ទៀត៕

XS
SM
MD
LG