អង្គការសង្គមស៊ីវិលជាតិជាង៨០ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ស្នើឲ្យតុលាការអនុញ្ញាតសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ចូលស្ដាប់ការជំនុំជម្រះលើលោក កឹម សុខា និងស្នើឲ្យមានការផ្សាយបន្តផ្ទាល់ពីដំណើរការសវនាការ ដើម្បីបង្ហាញពីតម្លាភាពក្នុងការជំនុំជម្រះ។
ក្រុមសង្គមស៊ីវិលដែលចេញសេចក្ដីថ្លែងការណ៍រួមនេះមានចំនួន៨២ ដែលភាគច្រើនជាអង្គការធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសហគមន៍ដីធ្លី។ សេចក្ដីថ្លែងការណ៍រួមនេះ ធ្វើឡើងខណៈតុលាការបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ ពីបទក្បត់ជាតិ ដោយចាប់ផ្ដើមនៅថ្ងៃទី១៥ និង១៦ ខែមករា ហើយនឹងបន្តរៀងរាល់ថ្ងៃពុធ និងព្រហស្បតិ៍ រហូតដល់រយៈពេលបីខែ។
ក្រុមសង្គមស៊ីវិលទាំងនោះបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះថា សវនាការលើលោក កឹម សុខា មិនមានសារព័ត៌មាន ឬអង្គការសង្គមស៊ីវិលណាមួយ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសវនាការនេះទេ។
ពួកគេបន្ថែមថា អ្នកសារព័ត៌មានឯករាជ្យពីរនាក់ ដែលបានរាយការណ៍ព័ត៌មានស្ដីពីសវនាការនៅព្រឹកថ្ងៃដំបូងនោះ ក្រោយមកត្រូវបានបដិសេធមិនឲ្យចូលបន្ទប់សវនាការនៅពេលរសៀលវិញ។
ពួកគេបញ្ជាក់ក្នុងន័យដើមថា៖ «ការសម្រេចចិត្តបដិសេធចំពោះអ្នកសារព័ត៌មានទាំងពីរនាក់ បង្ហាញពីឆន្ទៈពិតប្រាកដរបស់អាជ្ញាធរ នៅពីក្រោយដំណើរការរឹតបន្តឹងក្នុងការចុះឈ្មោះចូលរួមតាមដានសវនាការនេះ ដើម្បីរារាំងអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមគ្រួសាររបស់ឯកឧត្តម [កឹម សុខា] ទោះបីជាមានកៅអីទំនេរនៅក្នុងបន្ទប់សវនាការក៏ដោយ»។
ក្រុមសង្គមស៊ីវិលទាំងនោះបញ្ជាក់ថា សវនាការលើលោក កឹម សុខា ដោយចោទប្រកាន់ពី«បទសន្ទិដ្ឋិភាពជាមួយបរទេស» មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទាំងក្នុងនិងក្រៅប្រទេស និងថាតុលាការមិនទាន់បានបង្ហាញជាសាធារណៈនូវភស្តុតាងដែលគួរឲ្យជឿទុកចិត្តណាមួយនៅឡើយ។
មុនសវនាការជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញបានចេញប្រកាសថា តុលាការអនុញ្ញាតឲ្យអ្នកចូលរួមស្ដាប់ត្រឹមតែ៣០នាក់ប៉ុណ្ណោះ ដោយសារបន្ទប់សវនាការតូចចង្អៀត។ មន្ត្រីតុលាការបញ្ជាក់ថា តុលាការផ្ដល់អាទិភាពឲ្យមន្ត្រីស្ថានទូតចូលស្ដាប់ តែមិនមានកៅអីទំនេរសម្រាប់អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលនោះទេ។
ប៉ុន្តែក្នុងសវនាការជំនុំជម្រះលើលោក កឹម សុខា ដែលបានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៥ ដែល VOA បានចូលរួមស្ដាប់មួយព្រឹក ក្នុងសវនាការនោះមានអ្នកចូលរួមអង្គុយស្ដាប់រហូតដល់ជាង៦០នាក់ ចំណែកមន្ត្រីស្ថានទូតមានតែជាង២០នាក់ប៉ុណ្ណោះ ក្រៅពីនោះឃើញមានយុវជន ព្រមទាំងតំណាងគណបក្សយុវជនកម្ពុជារបស់លោក ពេជ ស្រស់ មួយចំនួនផង។ នារសៀលថ្ងៃ១៥ដដែល តុលាការបានហាមឃាត់អ្នកសារព័ត៌មានដែលបានចូលស្ដាប់សវនាការនៅពេលព្រឹក មិនឲ្យចូលដាច់ខាត។
លោក នៀម ឆេង អ្នកសារព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ ដែលតែងចូលរួមយកព័ត៌មានក្នុងសវនាការកន្លងទៅ លើកឡើងថា ការមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលរួមស្ដាប់សវនាការ ធ្វើឲ្យព័ត៌មានដែលលោកទទួលបានត្រឹមតែពីមេធាវី គឺមិនគ្រប់ជ្រុងជ្រោយ។
លោកបន្តថា ការមិនបានចូលស្ដាប់សវនាការដោយផ្ទាល់ ក៏ធ្វើឲ្យលោកប្រឈមនឹងការផ្សាយព័ត៌មានមិនទាន់ពេល ហើយមិនអាចរាយការណ៍បានល្អ ដូចពេលដែលលោកបានចូលស្ដាប់ដោយផ្ទាល់។
«នៅពេលដែលសវនាការថ្ងៃបន្ទាប់ហ្នឹង គឺយើងស្នើសុំឲ្យខាងតុលាការហ្នឹងអនុញ្ញាតឲ្យអ្នកសារព័ត៌មានយ៉ាងហោចណាស់ម្នាក់ពីស្ថាប័នមួយហ្នឹង អាចចូលស្ដាប់សវនាការបាន»។
VOA មិនអាចទាក់ទងលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោក ផែង ហេង មេធាវីការពារក្ដីឲ្យលោក កឹម សុខា លើកឡើងក្រោយបញ្ចប់សវនាការព្រឹកថ្ងៃទី១៦ ខែមករានេះថា ក្រុមមេធាវីចុងចោទបានដាក់សំណើទៅចៅក្រមជំនុំជម្រះឲ្យមានការដាក់បញ្ចាំងវីដេអូផ្សាយផ្ទាល់ពីសវនាការ ដើម្បីឲ្យសាធារណជនបានស្ដាប់ និងទស្សនា។ ប៉ុន្តែលោកថា តុលាការមិនទាន់សម្រេចលើសំណើនេះនៅឡើយ។
ចំណែកលោក គី តិច មេធាវីការពារក្ដីឲ្យរដ្ឋាភិបាលលើកឡើងកាលពីល្ងាចថ្ងៃទី១៥ ក្រោយបញ្ចប់សវនាការថ្ងៃដំបូងថា លោកចង់ឲ្យអ្នកសារព័ត៌មានបានដឹងព័ត៌មានអំពីសវនាការនេះ ទើបលោកឈរធ្វើសន្និសីទសារព័ត៌មាន ក្រោយចប់សវនាការ។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាប្រាប់ VOA ថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់ចំពោះការកាត់ក្ដីមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ហើយថា សហរដ្ឋអាមេរិកទទូចដល់អាជ្ញាធរស្តាឡើងវិញនូវសេរីភាព និងសិទ្ធិនយោបាយពេញលេញរបស់លោក។
អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះបន្តថា មន្ត្រីតុលាការបានដកប្រព័ន្ធផ្សព្វផ្សាយ និងសមាជិកសង្គមស៊ីវិលចេញពីដំណើរការនីតិវិធី ហើយថាសហរដ្ឋអាមេរិកជំរុញឲ្យតុលាការអនុញ្ញាតឲ្យពួកគេចូលទៅស្ដាប់សវនាការ។
អ្នកស្រីបញ្ជាក់ថា៖ «សេរីភាពនៃការបញ្ចេញមតិនិងសារព័ត៌មាន សង្គមស៊ីវិលដែលសកម្ម និងការអត់ធ្មត់នឹងមតិប្រឆាំង គឺជាធាតុសំខាន់សម្រាប់សង្គមប្រជាធិបតេយ្យ។ យើងជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហាដំណើរការទាំងនេះ ហើយប្រកាន់ខ្ជាប់នូវស្តង់ដារមិនលម្អៀង តម្លាភាព និងការធានាសវនាការមួយដែលយុត្តិធម៌»៕