ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រឆាំង​មេដឹកនាំ​ខ្លួន


សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ ២០២០។ (Facebook/Mu Sochua official page)
សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ ២០២០។ (Facebook/Mu Sochua official page)

គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​ឱ្យ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ ទម្លាក់​បទ​ចោទ​ប្រកាន់​លើមេដឹកនាំ​របស់​ខ្លួន​គឺ​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ជំនុំជម្រះ​ទោស​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ​ដោយ​បាន​ហៅ​ដំណើរ​ការ​កាត់​ក្ដី​នេះ​ថា​គ្រាន់តែ​ជា​«‍ឈុត​ឆាក​នយោបាយ ​ដើម្បី​បិទបាំង​កំហុស​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»តែ​ប៉ុណ្ណោះ។

ការ​ទាម​ទារ​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ចប់​សវនាការរយៈពេល​១​ថ្ងៃ​កន្លះ​លើ​លោក​ កឹម សុខា នៅ​ថ្ងៃ​ទី​១៦ខែ​មករា។

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ខែ​មករា​តាម​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​ស្រី ​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​កម្ពុជា​ បាន​រំលាយកាល​ពី​ឆ្នាំ​២០១៧​នោះ​ បាន​សរសេរ​ថា៖ «‍គណបក្ស​សង្គ្រោះ​ជាតិ ​ទាមទារ​ឱ្យ​តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​លោក​ប្រធាន​ កឹម សុខា ​ព្រមទាំង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ជូន​លោក​ កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ»។

លោក ​កឹម សុខា ​ត្រូវ​បាន​ចាប់ខ្លួន​ពី​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពីរំលងអាធ្រាត្រ​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ ​លោក​ត្រូវ​បាន​ដាក់​ឱ្យជាប់​ឃុំ​ទាំង​នៅ​ក្នុង​ផ្ទះ​របស់​លោក​និង​ក្នុង​មន្ទីរ ឃុំឃាំង​បណ្ដោះ​អាសន្នអស់​រយៈ​ពេល​ជាង​២​ឆ្នាំ​ មុន​ការ​ជំនុំជម្រះ​ទោស។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​ ប៉ុន្តែ​ដោយ​មាន​លក្ខខណ្ឌ​ថា​លោក​មិន​អាច​ចេញ​ក្រៅ​ប្រទេស ​និង​ធ្វើ​សកម្មភាព​នយោបាយ​បាន​ឡើយ។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ​បាន​បញ្ជាក់​ថា​លោក ​កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

តុលាការ​ក្រុង​ភ្នំពេញ​ គ្រោង​នឹង​ធ្វើ​សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​លោក​ កឹម សុខា ​រយៈ​ពេល៣​ខែ។​

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​ កឹម សុខា​ ពិត​ជា​មាន​ទោស​មែន នោះ​លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ៕

XS
SM
MD
LG