ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ILO ប្រមើល​មើល​អំពី «វិបត្តិ​ជាន់​លើ​វិបត្តិ» នៅ​ពេល​កម្មករ​ចំណាក​ស្រុក​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ


រូបឯកសារ៖ ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសចិនវិញ ប្រមូលផ្តុំគ្នានៅច្រកព្រំដែនមីយ៉ាន់ម៉ានៅទីក្រុង Muse ក្នុង រដ្ឋ Shan កាលពីថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២០។
រូបឯកសារ៖ ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសចិនវិញ ប្រមូលផ្តុំគ្នានៅច្រកព្រំដែនមីយ៉ាន់ម៉ានៅទីក្រុង Muse ក្នុង រដ្ឋ Shan កាលពីថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២០។

អង្គការ ILO បាន​បញ្ជាក់​ថា មាន​កម្មករ​ចំណាក​ស្រុក​ប្រមាណ ១៦៤ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​នេះ ​ជា​ស្ត្រី ​ដែល​មាន​ចំនួន ៤,៧% នៃ​កម្លាំង​ពលកម្ម​សរុប​នៅ​លើ​ពិភពលោក។

អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា ILO បាន​ជំរុញ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក ​ឱ្យ​ផ្តល់​កិច្ច​ការពារ​ខាង​សង្គម និង​ការ​គាំទ្រ​ខាង​សេដ្ឋកិច្ច​ដល់​កម្មករ​ចំណាក​ស្រុក ស្រប​ពេល​ដែល​កម្មករ​ទាំង​នេះ​រាប់​សិប​លាន​នាក់​ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​ដោយ​គ្មាន​ការងារ​ធ្វើ និង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ១៩។

ស្រប​ពេល​ដែល​ការ​រឹតត្បិត​សកម្មភាព​សង្គម​ទាក់ទិន​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ដក​ចេញ កម្មករ​ចំណាក​ស្រុក​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ដែល​មាន​សេដ្ឋកិច្ចទន់​ខ្សោយ ឬ​ ក៏​ត្រូវ​ជាប់គាំង​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​ធ្វើការ​ដោយ​មាន​ប្រាក់កាស​មាន​កម្រិត នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​ពួកគេ​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​ពួកគេ​មិន​មាន​ប្រាក់​ផ្ញើ​ទៅ​ឲ្យ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ ILO នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មិថុនា​កន្លង​ទៅ​នេះ។

អង្គការ ILO បាន​បញ្ជាក់​ថា មាន​កម្មករ​ចំណាក​ស្រុក​ប្រមាណ ១៦៤ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​នេះ ​ជា​ស្ត្រី ​ដែល​មាន​ចំនួន ៤,៧% នៃ​កម្លាំង​ពលកម្ម​សរុប​នៅ​លើ​ពិភពលោក។

កម្មករ​ចំណាក​ស្រុក​ជា​ច្រើន​ បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​ដែល​ត្រូវ​បាន​ចាត់ទុកថា​ចាំបាច់​ដូចជា​ផ្នែក​សុខាភិបាល ការ​ដឹក​ជញ្ជូន និង​កសិកម្ម​ជា​ដើម។

លោក Guy Ryder អគ្គនាយក​នៃ​អង្គការ ILO បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​តាម​វីដេអូ​ថា៖

«ស្ត្រី​និង​បុរស​ដែល​ជា​កម្មករ​ចំណាក​ស្រុក និង​ជា​ជន​ភៀស​ខ្លួន ដែល​កំពុង​បំពេញ​ការងារ ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩»។

លោក​បាន​ថ្លែង​ថា កម្មករ​ចំណាក​ស្រុក​ដែល​រស់នៅ​ក្នុង​ផ្ទះ​ មាន​មនុស្ស​ច្រើន ឬ ​ក៏​អ្នក​ដែល​មាន​ការងារ​ធ្វើ​បណ្តោះអាសន្ន​ដោយ​បាន​ប្រាក់​ឈ្នួល​ទាប ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស ក៏ប៉ុន្តែ​ជា​ញឹកញយ​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​ធ្វើ​តេស្ត ឬ​ ក៏​ការ​ព្យាបាល​នោះ​ទេ។

លោក Ryder បាន​បន្ថែម​ថា សូម្បីតែ​អ្នក​ដែល​ធ្វើ​ការងារ​ចាំបាច់​នានា​នៅ​ក្នុង​ផ្នែក​សុខាភិបាល ផ្នែក​កសិកម្ម និង​ផ្នែក​ផ្សេងៗ​ទៀត ជា​រឿយៗ​ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​ការពារ​ខាង​សង្គម​កិច្ច និង​ការ​គាំទ្រ​ខាង​សេដ្ឋកិច្ច។

អ្នកស្រី Manuela Tomei ប្រធាន​ផ្នែក​លក្ខខណ្ឌ​ការងារ និង​សមភាព​នៃ​អង្គការ ILO បាន​និយាយ​ថា៖ «នេះ​ជា​វិបត្តិ​ជាន់​លើ​វិបត្តិ​ដែល​អាច​កើត​ឡើង»។

នៅ​ក្នុង​របាយការណ៍​នេះ អង្គការ ILO បាន​រៀបរាប់​អំពី​បញ្ហា​សង្គមកិច្ច​និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ សេចក្តី​រាយការណ៍​នេះ​បញ្ជាក់​ថា ប្រទេស​ភាគ​ច្រើន​របស់​កម្មករ​ចំណាក​ស្រុក​មាន​វិសាលភាព​មាន​កម្រិត​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ពួកគេ​ឡើង​វិញ​ទៅ​ក្នុង​សង្គម ហើយ​គ្មាន​ប្រព័ន្ធ​និង​គោល​នយោបាយ​សម្រាប់​ការ​ធ្វើ​ចំណាក​ស្រុក​ខាង​ពលកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ។

អ្នកស្រី Michelle Leighton ប្រធាន​ផ្នែក​ចំណាក​ស្រុក​ខាង​ពលកម្ម​នៃ​អង្គការ ILOបាន​និយាយ​ថា កម្មករ​ចំណាក​ស្រុក​ជិត​មួយ​លាន​នាក់​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​នៅ​ទ្វីប​អាស៊ី​ខាង​ត្បូង។ ចំណែក​ឯ​រដ្ឋាភិបាល​អេត្យូពី​វិញ រំពឹង​ថា កម្មករ​ចំណាក​ស្រុក​ពី ២ សែន ទៅ ៥ សែន​នាក់​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​នេះ​វិញ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

អ្នកស្រី Leighton បាន​ថ្លែង​ថា កម្មករ​ចំណាក​ស្រុក​ទាំង​នេះ​ជា​រឿយៗ នាំ​យក​ជំនាញ ភាព​ប៉ិនប្រសប់ ហើយ​ក្នុង​ករណី​ខ្លះ​នឹង​នាំ​យក​ថវិកា​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ហើយ​ទាំង​នេះ ប្រសិនបើ​ប្រើប្រាស់​បាន​ត្រឹមត្រូវ គឺ​អាច​ផ្ដល់​ប្រយោជន៏​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ពួកគេ។

អ្នកស្រី Leighton បាន​បន្ថែម​ដូច្នេះ​ថា៖ «ប្រសិនបើ​មាន​គោល​នយោបាយ​ត្រឹមត្រូវ ការ​វិល​ត្រឡប់​របស់​កម្មករ​ចំណាក​ស្រុក​ទាំង​នេះ​ទៅ​កាន់​ប្រទេស​របស់​ពួកគេ​វិញ អាច​ត្រូវ​បង្វែរ​ទៅ​ជា​ប្រភព​ធនធាន​មួយ​សម្រាប់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ពួកគេ​ប្រសើរ​ឡើង​វិញ»។

អង្គការ ILO បាន​ស្នើ​ថា គន្លឹះ​នៃ​ការ​បើក​ចំហ​សក្តានុពល​នេះ អាស្រ័យ​លើ​ការ​បង្កើត​ឱ្យ​មាន​នូវ «ការ​វិល​ត្រឡប់​របស់​កម្មករ​ទាំង​នោះ​ដោយ​មាន​របៀប​រៀបរយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ធ្វើ​សមាហរណកម្ម​ឡើង​វិញ ក៏​ដូចជា​លទ្ធភាព​ទទួល​បាន​ការ​ការពារ​ខាង​សង្គម​កិច្ច និង​ការ​ទទួល​ស្គាល់​នូវ​ជំនាញ​របស់​ពួកគេ​ឱ្យ​បាន​ត្រឹមត្រូវ»៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG