ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​ជាប់​នៅ​ហ៊្សកដានី​ត្រឡប់​មក​កម្ពុជា​វិញ​


រូបភាពដកស្រង់ពីគេហទំព័ររបស់អង្គការសង់ត្រាល់ បង្ហាញឲ្យឃើញពលករចំណាកស្រុកកំពុងប្រមូលផ្តុំគ្នានៅទីក្រុង Al-Karak ប្រទេសហ្សកដានី។ (រូបថតដោយអង្គការសង់ត្រាល់)
រូបភាពដកស្រង់ពីគេហទំព័ររបស់អង្គការសង់ត្រាល់ បង្ហាញឲ្យឃើញពលករចំណាកស្រុកកំពុងប្រមូលផ្តុំគ្នានៅទីក្រុង Al-Karak ប្រទេសហ្សកដានី។ (រូបថតដោយអង្គការសង់ត្រាល់)

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅកាត់​ថា​សង់ត្រាល់ ​នៅ​ថ្ងៃ​ពុធ​នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អន្តរាគមន៍ជួយ​នាំ​យក​ពលករ​ចំណាក​ស្រុក​ខ្មែរ​ ដែល​កំពុង​ជាប់​នៅ​ក្នុង​ប្រទេស​ហ៊្សកដានី​ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ ដែល​ចេញ​ផ្សាយ ​ថ្ងៃ​ទី​១ ​ខែ​កក្កដា បាន​រៀបរាប់​ថា ពលករ​ខ្មែរ​យ៉ាង​ហោច​ណាស់​ ២១​នាក់ ដែល​កំពុង​ស្ថិត​នៅ​ប្រទេសក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះ ​បាន​ជាប់​នៅ​ទី​នោះ​ ៣​ខែ​មក​ហើយ ក្រោយ​ពី​កិច្ច​សន្យា​ការងារ​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា ​ឆ្នាំ​២០២០។

ពលរដ្ឋ​ចំណាក​ស្រុក​ខ្មែរ​ទាំង​នេះ​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់​ដេរ​ចំនួន​ពីរ​ គឺក្រុមហ៊ុន Vega Textile Co., Ltd ​និង​ក្រុមហ៊ុន Camel Textile International Corporation​ នៅ​ក្នុង​ទីក្រុង​អាលការ៉ាក់ប្រទេស​ហ៊្សកដានី។​

អង្គការ​សង់ត្រាល់​បាន​បញ្ជាក់​ថា ​ចាប់​តាំង​ពី​បាត់​បង់​ការងារ​ពី​រោងចក្រ​ ពលករ​ខ្មែរ​ទាំង​នេះ​បាន​ជាប់​នៅ​ក្នុង​ប្រទេស​នោះ​ដោយ​គ្មាន​ការងារ​ធ្វើ​ និង​គ្មាន​ប្រាក់​ចំណូល។​

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា ឆ្នាំ​២០២០ ​ពលរដ្ឋ​ខ្មែរ​ជាង ២០០​នាក់ ​ត្រូវ​បាន​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ជួយ​សម្រប​សម្រួលបញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​ពី​ពួក​គេ​បាន​ជាប់​នៅ​ក្នុង​ប្រទេស​នោះ ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២០​មក ​ដោយសាររដ្ឋាភិបាល​កម្ពុជាបាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វិញ​នៅ​គ្រា​នោះ​ ពី​ព្រោះ​តែ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG