ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​ម៉ាឡេស៊ី​មក​ដល់​កម្ពុជា​វិញ​ហើយ


រូបឯកសារ៖ ពលករ​ខ្មែរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ (ប៉ូច រាសី/VOA)
រូបឯកសារ៖ ពលករ​ខ្មែរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ (ប៉ូច រាសី/VOA)

ពលរដ្ឋខ្មែរ​ចំនួន​២០៤​នាក់ ដែល​ជា​ពលករ​ចំណាក​ស្រុក និង​ខ្លះ​ជា​និស្សិត​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ក្រោយពី​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ប្រទេស​ជាង​ពីរ​សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូរ៉ូណា និង​ក្រោយពី​ការអំពាវនាវ​របស់​អង្គការ​សង្គម​ស៊ីវិល។

ពលរដ្ឋ​ខ្មែរ​ចំនួន​២០៤​នាក់ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​យោង​តាមស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ប្រកាស​ឲ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​នៅ​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ ឆ្នាំ​២០២០ ​នេះ។​

ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ​ត្រឡប់​មក​កម្ពុជា​វិញ​ ធ្វើ​ឡើងជាង​ពីរ​សប្តាហ៍​ក្រោយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ចំនួន​៣២ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ជាប់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បាន​ត្រឡប់​មក​កម្ពុជា​វិញ។​

ពលរដ្ឋ​ខ្មែរ​ទាំង​នេះ ដែលខ្លះ​ជា​ពលករ​ចំណាក​ស្រុក ​និង​ខ្លះ​ទៀត​ជា​និស្សិត ​ដែល​កំពុង​ធ្វើការ​ និង​សិក្សា​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​បដិសេធមិន​ឲ្យ​ឡើង​យន្តហោះ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​កូឡាឡាំពួរ​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ២០២០​ ពី​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​ បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វិញ​នៅ​គ្រា​នោះ​ ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា ​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ​ បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញនៅ​រសៀល​ថ្ងៃ​នេះ​តាម​ជើង​យន្តហោះ​លេខ​ MH762 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែល​បាន​ចាក​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ​ឆ្ពោះ​ទៅកាន់​ទី​ក្រុង​ភ្នំពេញ​ ដោយ​ទៅ​ដល់​នៅ​ម៉ោង​១៧:២៥​ល្ងាច ថ្ងៃ​ដដែល៕

XS
SM
MD
LG