ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីរុស​កូរ៉ូណា​បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ប្រឈម​បញ្ហា​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ


អ្នក​ដំណើរពាក់ម៉ាស់ឈរ​ជិត​ៗគ្នាពេល​ជិះទូក​នាល្ងាច​មួយក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃកាលពី​ថ្ងៃទី២០ ឧសភា ឆ្នាំ២០២០។

នៅ​ក្នុង​ប្រទេស​ថៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​មាន​ផល​ប៉ះពាល់​លើ​សុខភាព​នយោបាយ​ សិទ្ធិ​មនុស្ស​និង​សេដ្ឋកិច្ច។​

វីរុស​កូរ៉ូណា​ថ្មី​បាន​នាំ​ឱ្យ​មាន​វិបត្តិ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ។​

បញ្ហា​ធំៗ​ ​មាន​បញ្ហា​ថែទាំ​សុខភាព​និង​សេដ្ឋកិច្ច។​ ក៏​ប៉ុន្តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​ក៏​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​នយោបាយ​ថៃ​ដែរ ហើយ​នាយក​រដ្ឋមន្ត្រី​លោក​ ប្រាយុទ្ធ ចាន់អូចារ បាន​ពន្យារ​ពេល​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​ ដែល​ជា​ការ​ចាំបាច់​ និង​បាន​ពន្យារ​ពេល​ការ​ដាក់​ប្រទេស​ ក្នុង​គ្រា​អាសន្ន​ផង​ដែរ។​

​អ្នក​វិភាគ​និយាយ​ថា ​ការ​ពន្យារ​ពេល​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឋិត​ក្នុង​ស្ថានភាព​នយោបាយ​មិន​ច្បាស់លាស់។​

ក្រុម​យោធា​ដែល​បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ ​កាល​ពី​ឆ្នាំ ២០១៤​ កំពុង​គ្រប់​គ្រង​ប្រទេស​ថៃ​ជាមួយ​ក្រុម​ចម្រុះមួយ​នៃ​គណបក្ស​នយោបាយ​នានា។ ​គណបក្ស​មួយ​ក្នុង​បណ្តា​គណបក្ស​ទាំង​នេះ​ គឺ​គណបក្ស​ Palang Pracharath ​ដែល​សមាជិក ​១៨​ នាក់ ​បាន​លាលែង កាល​ពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​មិថុនា ដោយ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ថា​ តើ​ប្រទេស​ថៃ​គួរ​ឆ្លើយ​តប​បែប​ណា​ជាមួយជំងឺ​កូវីដ១៩។​ ការ​លាលែង​របស់​សមាជិក​ទាំង​នេះ​បង្ខំ​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​ខាង​ក្នុង​គណបក្ស ​ដែល​អាច​ផ្លាស់​ប្តូរ​សមាជិក​ខ្លះ​របស់​គណក្ស​នេះ​ ដែល​ជា​សមាជិក​នៃ​គណៈ​ប្រតិបត្តិ។

ទោះជា​មាន​ការ​មិន​ប្រាកដ​ប្រជា​ខាង​នយោបាយ​ក៏​ដោយ ​ក៏​លោក ​ប្រាយុទ្ធ​ ដែល​ជា​ឧត្តម​សេនីយ៍​ម្នាក់​នៃ​កង​យោធា​បាន​ក្តាប់​អំណាច​យ៉ាង​តឹងរ៉ឹង។ ​លោក​បាន​ពន្យារ​ពេល​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​ ៣០ ​មិថុនា​ ដែល​ផ្តល់​អំណាច​ដល់​រដ្ឋ​អំណាច ​ក្នុង​ការ​ចាប់​ខ្លួន​បាតុករ​យាយី​ក្រុម​អ្នក​កាសែត​ និងអ្នក​លាត​ត្រដាង​ព័ត៌មាន​សម្ងាត់ ​ដែល​រាយ​ការណ៍​អំពី​ព័ត៌មាន​មិន​គាំទ្រ​រដ្ឋាភិបាល ​និង​ធ្វើ​ទុក្ខ​បុក​ម្នេញអ្នក​ធ្វើការ​ខាង​សុខាភិបាល​ ដែល​តវ៉ា​អំពី​ការ​ខ្វះ​ខាត​ការ​ផ្គត់​ផ្គង់​ខាង​វេជ្ជសាស្ត្រ។​

រដ្ឋាភិបាល​បាន​និយាយ​ថា វិធានការ​ទាំង​នេះ​ជា​ការ​ចាំបាច់​ដើម្បី​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​

លោក​ Brad Adams​ ជា​នាយក​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)។​ លោក​បាន​មាន​ប្រសាសន៍​ថា៖ ​«ក្រិត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នេះ​ផ្តល់​ឱ្យ​អាជ្ញាធរ​ថៃ​នូវ​អំណាច​គ្មាន​ការ​ត្រួត​ពិនិត្យ ​ដើម្បី​បង្ក្រាប​សេរីភាព​ជា​មូលដ្ឋាន​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ»។​

ការ​ត្រួត​ត្រារឹត​បន្តឹង​នេះ​ធ្វើ​តាម​លំនាំ​ដែល​មាន​នៅ​ទូទាំង​ពិភពលោក។ រដ្ឋាភិបាល​នានា​បាន​ប្រើ​បញ្ហា​វីរុស​នេះ​ជា​លេស​ ដើម្បី​ប្រើ​អំណាច​ក្នុង​គ្រា​អាសន្ន​ ដូច​ជា​ការ​បញ្ជូន​ពួក​ទាហាន​ទៅ​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ប្រទេស​ឈីលី​ រហូត​ដល់​ការ​ដំឡើង​កាម៉េរ៉ា​ នៅ​ក្នុង​ក្រុង​ដែល​អាជ្ញាធរ​រុស្ស៊ី​ ឃ្លាំ​មើលពល​រដ្ឋ​ខ្លួន។​

បញ្ហា​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ច្រើន​ឡើងៗ​

បន្ថែម​ពី​លើ​វិបត្តិ​នយោបាយរដ្ឋាភិបាល​ក្រុង​បាងកក​ ត្រូវ​ដោះស្រាយ​បញ្ហា​ឯ​ទៀតៗ​ដែរ​ ដោយ​មាន​រួម​បញ្ចូល​ការ​រាំង​ស្ងួត​ និង​ដំណើរ​សេដ្ឋកិច្ច​ចុះ​ខ្សោយ។

​ភាព​តាន​តឹង​បាន​កើន​ឡើង​នៅ​ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មិថុនា​ នៅ​ពេលសមាជិក​សភា​បាន​ដើរ​ចេញ​ពី​ការ​ប្រជុំ​នៃ​គណៈ​កម្មាធិការ​មួយ​ ដែល​ពិភាក្សា​អំពី​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​ថៃ​នឹង​ចំណាយ​សម្រាប់​ការ​រើប​ឡើង​វិញ​ពី​ជំងឺ​កូវីដ១៩។​ ការ​មិន​ចុះ​សម្រុង​គ្នា​អំពី​ចំណាយ ​និង​ការ​ឆ្លើយ​តប​ឯ​ទៀតៗ​ ចំពោះ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ គឺ​ជាហេតុ​ផល​ជំរុញ​ឲ្យ​មាន​ការ​លាលែង​របស់សមាជិក​គណបក្ស​នេះ​ កាល​ពី​អាទិត្យ​ទី​មួយ​នៃ​ខែ​មិថុនា។​

លោក​ Rawin Leelapatana ​និង​លោក​ KhemthongTonsakulrungruang​ ជា​អ្នក​ស្រាវ​ជ្រាវ។​លោក​ទាំង​ពីរ​បង្ហាញ​ហេតុ​ផល​ថា ​បញ្ហា​ទាំង​នេះ​មាន​បន្តិចៗ​កាលពី​ពេល​មុន​នេះ។​ លោក​ទាំង​ពីរ​ថ្លែង​ថាកាល​ពី​ដើម​ឆ្នាំ​នេះ​ ប្រជារាស្ត្រ​ថៃ​ខឹង​សម្បា​ស្រេច​ហើយ​នឹង​រដ្ឋ​អំណាច​ដែល​បាន​បង្ក្រាបសមាជិក​គណបក្ស​ប្រឆាំង។​

លោក​ Rawin ​និង​លោក ​Khemthong​ បាន​សរសេរ​នៅ​ក្នុង ​Verfassungsblog​ ដែល​ជា​វេទិកាសាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ថា៖​ «ការ​មិន​ពេញ​ចិត្ត​បាន​កើន​ឡើង​រាលដាល​ទៅ​ដល់​បញ្ហា​ឯ​ទៀតៗ​ ដូច​ជា​ការ​បរាជ័យ​របស់​លោកប្រាយុទ្ធ​ក្នុង​ការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ ដែល​ធ្លាក់ដុន​ដាប ​និង​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋាភិបាល»។​

លោក​ទាំងពីរ​បាន​សរសេរ​ថា ជំងឺ​កូវីដ១៩​ ជា​ការ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​សំខាន់​មួយ។​

«ដូច្នេះ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​ផ្តល់​ឱ្យ​លោក​ប្រាយុទ្ធ​នូវ​ការ​បិទ​បាំង ​និង​ការ​ពន្យារ​ពេល​ដែល​លោក​ត្រូវ​ការ​ជា​ខ្លាំង»។​

ក្រៅ​ពី​ប្រទេស​ចិន ​ប្រទេស​ថៃ​ជា​ប្រទេស​ទី​មួយ​ដែល​បាន​រាយ​ការណ៍​អំពី​ករណី​អ្នក​ជំងឺ​កូវីដ១៩។ រហូត​មក​ដល់​ពេល​នេះ វីរុស​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស ​៥៨ ​នាក់​ស្លាប់ ​និង​មាន​មនុស្ស​ឆ្លង​រោគ​នេះ​ ៣,១២៥ ​នាក់​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ សកម្ម​ជន​និយាយ​ថា ​វីរុស​នេះ​ក៏​បាន​នាំ​ឱ្យ​មាន​ជំងឺ​កូវីដ១៩​ ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​គេ​មើល​រំលង ​ជា​ពិសេសអ្នក​ទោស ​និង​ក្រុមជន​ចំណាក​ស្រុក​គ្មាន​ឯកសារ។​

អង្គការ​មូល​និធិ​កុមារ​របស់ ​អ.ស.ប.​ហៅ ​កាត់​ថា​ UNICEF​ បាន​និយាយ​ថា ​ពួក​គេ​បាន​ទៅ​ជួបជន​ចំណាក​ស្រុក​ និង​ក្រុម​ជន​ឯ​ទៀតៗ​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រផ្តល់​ប្រាក់​ជំនួយ​គ្រា​មាន​អាសន្ន​ផ្តល់​ព័ត៌មាន​ អំពី​ការ​អនុវត្ត​វិធាន​ការ​អនាម័យ ​និង​ការ​គាំទ្រ​ខាង​សុខភាព​ផ្លូវ​ចិត្ត។​

លោក​ Thomas Davin ​ជា​អ្នក​តំណាង​អង្គការ ​UNICEF​ នៅ​ក្នុង​ប្រទេស​ថៃ។​

លោក​បាន​និយាយ​ថា៖​ «ពួក​ជន​ចំណាក​ស្រុក​និង​ក្រុម​មនុស្ស​ឯទៀតៗ​ ដែល​ងាយ​រង​គ្រោះ​បាន​ប្រឈម​ឧបសគ្គ​មួយ​ចំនួន​រួច​ជា​ស្រេច​ ហើយ​នៅ​មុន​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ ​ដោយសារ​ស្ថានភាព​របស់​ពួក​គេ​ការ​មិន​ចេះ​ភាសា​ស្លាក​ស្នាម​ទុរយស​ខាង​សង្គម​និង​ការ​រើស​អើង»។​

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ ​«វា​ជា​ការ​ទទួល​ខុស​ត្រូវ​រួមគ្នា​របស់​យើង ​ក្នុង​ការ​គាំទ្រ​ពួក​ជន​ដែល​ងាយ​រង​គ្រោះ​បំផុត ដោយ​មិន​គិត​អំពី​ស្ថានភាព​ផ្លូវ​ច្បាប់​ ឬ​ខាង​ពូជ​សាសន៍ ​ហើយ​យើង​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ពួក​គេ​មាន​សុវត្ថិភាព​ និង​ទទួល​បាន​សេវា​ ដើម្បី​អាច​រស់​រាន​មាន​ជីវិត ​និង​មាន​សុខភាព​ល្អ​ត​ទៅ​ទៀត»៕

ប្រែសម្រួល​ដោយ​ លោក​ឈឹម សុមេធ​

XS
SM
MD
LG