កាលពីខែវិច្ឆិកា លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិក បានបើកធ្វើយុទ្ធនាការមួយដោយលោកបានសន្យាថា នឹងមិនទុកឱ្យកុមារចំណាកស្រុកណាម្នាក់មិនមានកិច្ចការពារទេ។
ហើយនៅក្នុងពេលប៉ន្មានខែបន្ទាប់មក កុមាររាប់រយនាក់ដែលបានជាប់គាំងនៅក្នុងប្រទេសក្រិករហូតដល់មួយឆ្នាំ បានទៅតាំងលំនៅដ្ឋានជាថ្មីនៅក្នុងកណ្តាលទ្វីបអឺរ៉ុប ដោយបានជួបជុំជាថ្មីជាមួយគ្រួសារពួកគេ។
ក៏ប៉ុន្តែព័ត៌មានអំពីការរងទុក្ខវេទនារបស់ពួកកុមារទាំងនេះមិនបានបញ្ឈប់ពួកជនចំណាកស្រុកមិនឱ្យធ្វើដំណើរពីប្រទេសតួកគីទៅកាន់ប្រទេសក្រិកទេ។
ហើយនៅពេលនេះអង្គការ International Human Rights Watch បានព្រមានថា ចំនួនពួកកុមារកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសក្រិកមានច្រើនជាងពេលដែលលោក Mitsotakis បានសន្យាថា «មិនឱ្យមានកុមារនៅតែឯកឯង» ដោយនាំឱ្យចំនួនពួកកុមារចំណាកស្រុកជាប់ឃុំឃាំងឡើងដល់ជិត៣០០នាក់ហើយ។
អ្នកស្រី Eva Cosse នៃអង្គការ Human Rights Watch និយាយថា ពួកកុមារទាំងអស់នេះបានជាប់ឃុំឃាំងនៅក្នុងប៉ុស្តិ៍ប៉ូលិសនិងមជ្ឈមណ្ឌលឃុំឃាំងដោយគ្មានបុព្វហេតុពិតប្រាកដភាគច្រើនគឺ ដោយសារជំរំជនភៀសខ្លួននៅទូទាំងប្រទេសក្រិកមានមនុស្សណែនក្តន់ហួសចំណុះ។
ពួកសកម្មជនបាននិយាយប្រាប់វីអូអេថា ស្ថានភាពបែបនេះអាចធ្វើឱ្យពួកកុមារចំណាកស្រុករងគ្រោះដោយងាយជាងមុន។ អ្នកស្រី Cosse បាននិយាយថា៖
«ពួកកុមារទាំងនេះជាប់ឃុំឃាំងនៅក្នុងបន្ទប់កខ្វក់នៃប៉ុស្តិ៍ប៉ូលិស ជាធម្មតានៅជាន់ក្រោមដីដោយគ្មានពន្លឺថ្ងៃទេ ហើយពួកគេមិនបាននៅក្នុងអគារស្អាតឡើយ។ជួនកាលកុមារទាំងនេះជាប់ឃុំឃាំងជាមួយពួកមនុស្សពេញវ័យដែលនាំឱ្យពួកគេអាចមានហានិភ័យដោយសារការទាញយកប្រយោជន៍និងការរំលោភ»។
ទីភ្នាក់ងារជនភៀសខ្លួននៃអ.ស.ប.ក៏បានសម្តែងកង្វល់ស្រដៀងគ្នានេះដែរ ជាពិសេសនៅពេលដែលមានកំណើនលំហូរជនភៀសខ្លួនជិត៣០០ភាគរយកាលពីឆ្នាំទៅមិញដោយកើនឡើងដល់៦ម៉ឺននាក់គឺស្មើនឹងពីរដងនៃចំនួនពួកជនដែលបានចូលក្នុងប្រទេសក្រិកកាលពីឆ្នាំ២០១៨។
ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក លំហូរជនភៀសខ្លួនបានថយចុះ ភាគច្រើនដោយសារមានការកើនឡើងនៃការយាមល្បាតនៅតាមបណ្តោយព្រែក Argean ដែលនៅចន្លោះប្រទេសក្រិក និងប្រទេសតួកគី។
ប្រទេសទាំងពីរនេះក៏បានបិទព្រំដែនពួកគេដើម្បីទប់ទល់នឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ដោយធ្វើឱ្យមានការពិបាកជាងមុនសម្រាប់ពួកអ្នកជួញដូរមនុស្សចូលក្នុងប្រទេសក្រិកដែលជារដ្ឋសមាជិកមួយនៃសហភាពអឺរ៉ុប។
ក៏ប៉ុន្តែការណ៍ពិតជាក់ស្តែងដ៏អាណោចអាធមអំពីពួកកុមារចំណាកស្រុកនៅតែមានតទៅទៀត។ ស្ថិតិរបស់រដ្ឋនិងអ.ស.ប.បង្ហាញថា មានកុមារចំណាកស្រុក៥ពាន់នាក់នៅក្នុងប្រទេសក្រិកគឺមានពីរដងនៃចំនួនកុមារកាលពីពីរឆ្នាំមុន។
ភាគច្រើននៃពួកកុមារចំណាកស្រុកទាំងនេះរស់នៅក្នុងជំរំជនភៀសខ្លួនមានមនុស្សណែនក្តន់ដែលនៅទីនោះមានកុមារតែម្នាក់ប៉ុណ្ណោះក្នុងបណ្តាកុមារ៥នាក់បានរស់នៅក្នុងអគារពិសេសមានសន្តិសុខ។ នៅក្នុងជំរំទាំងនេះ កុមារខ្លះបាននិយាយថា ខ្ទួយកណ្តុរខាំពួកគេ ហើយអ្នកខ្លះថា ត្រូវពស់ចឹកផងដែរ។ កុមារខ្លះបានថ្លែងថា បណ្តាញពួកឧក្រិដ្ឋជន និងពួកជួញដូរមនុស្សខាងភេទបានប៉ុនប៉ងយកពួកគេជាទីដៅនៃការប្រព្រឹត្តអំពើទុច្ចរិត។
ការដែលនាំឱ្យមានការភ្ញាក់ផ្អើលខ្លាំងនោះគឺថា ពួកអ្នកធ្វើការខាងផ្តល់ជំនួយបានព្រមានថា មួយភាគប្រាំនៃពួកកុមារដែលមានឯកសារបញ្ជាក់ថា បានមកដល់ប្រទេសក្រិកនោះ បានបាត់ខ្លួនដោយគ្មានបន្សល់ទុកដានសោះឡើយ។
មន្ត្រីក្រិកខាងកិច្ចការចំណាកស្រុកដែលវីអូអេបានទាក់ទងនៅក្នុងក្រុងអាថែន មិនបានធ្វើអត្ថាធិប្បាយអ្វីទេ។
ក៏ប៉ុន្តែនៅពេលដែលវិបត្តិវីរុសកូរ៉ូណាចុះថមថយហើយនោះ ប្រទេសក្រិកក៏ដូចជាប្រទេសឯទៀតៗដែរ នឹងបន្ធូរបន្ថយការត្រួតពិនិត្យតាមព្រំដែន ដែលនាំឲ្យ ពួកអ្នកជំនាញបារម្ភថា នឹងមានកណើនលំហូរពួកជនចំណាកស្រុកជាថ្មីហើយស្ថានភាពនឹងធ្ងន់ធ្ងរជាងមុនជាពិសេសសម្រាប់ក្រុមកុមារ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ