ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ​.ស.ប.​និយាយ​ថា​សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​ជាង​មួយ​សែន​នាក់​ស្លាប់


បុរស​ជន​ជាតិ​អាហ្វហ្គានីស្ថាន​សែង​សាក​សព​ជន​ស៊ីវិ​ល នៅ​កន្លែង​ផ្ទុះ​មួយ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ខែ​កញ្ញា ២០១៩។
បុរស​ជន​ជាតិ​អាហ្វហ្គានីស្ថាន​សែង​សាក​សព​ជន​ស៊ីវិ​ល នៅ​កន្លែង​ផ្ទុះ​មួយ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ខែ​កញ្ញា ២០១៩។

អង្គការ​សហប្រជា​ជាតិ (អ.ស.ប.)​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ថា​ សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​ជាង​៣,៤០០​នាក់​ស្លាប់​និង​បាន​ធ្វើ​ឱ្យ​របួស​ជិត​៧ពាន់​នាក់​ថែម​ទៀតក្នុង​ឆ្នាំ​២០១៩។​

បេសកកម្ម​ជំនួយ​អ.ស.ប.ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហៅ​កាត់​ថា​ UNAMA ​បាន​បន្ទោស​ពួក​តាលីបង់, ពួក​រដ្ឋ​ឥស្លាម​ និង​ក្រុម​ជនសកម្ម​ប្រយុទ្ធ​ឯទៀតៗ​ថា​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​៤៩%។​ បេសកកម្ម​នេះ​បាន​និយាយ​ថា​ កង​កម្លាំង​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ដោយ​មាន​រួម​បញ្ចូល​ទាំង​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ស.រ.អា.​ផង​ទទួល​ខុស​ត្រូវ​ដល់ការ​ស្លាប់​របស់​មនុស្ស​ចំនួន​៤៣%។​ មនុស្ស​សល់​ពី​នេះ​បាន​ស្លាប់​ដោយ​ឋិត​នៅ​ចន្លោះ​គូ​បដិបក្ខ​ដែល​ប្រយុទ្ធ​គ្នានិង​ដោយ​ឧប្បត្តិហេតុ​ឯទៀតៗ​ទាក់​ទិន​នឹង​សង្គ្រាម​នេះ។​

របាយ​ការណ៍​នេះ​មាន​ឡើង​នៅ​ពេល​ដែល​កិច្ច​ឈប់​បាញ់​គ្នា​៧​ថ្ងៃ​ដែល​បាន​ត្រូវ​យល់​ព្រម​ទៅ​វិញ​ទៅ​មកដើម្បី​កាត់​បន្ថយ​ការ​ប្រយុទ្ធ​គ្នា​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​សៅរ៍​សម្រាប់​បើក​ផ្លូវ​ឱ្យ​ស.រ.អា.​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សន្តិភាព​មួយ​ជាមួយ​ពួក​តាលីបង់​នៅ​ថ្ងៃ​ទី​២៩​ខែ​កុម្ភៈ​ ដោយ​មាន​គោលដៅ​បញ្ចប់​សង្គ្រាម​១៨​ឆ្នាំ​មក​ហើយ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ជា​សង្គ្រាម​វែង​បំផុត​របស់​ប្រទេស​អាមេរិក។

បេសកកម្ម​ UNAMA ​បាន​កត់​សម្គាល់​នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​ខ្លួន​ថា ចំនួន​ជន​ស៊ីវិល​បាន​ត្រូវ​សម្លាប់​ឬ​ត្រូវ​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​ទាក់​ទិននឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ នេះ​កាល​ពី​១០​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​លើស​ពី​ជាង​មួយ​សែន​នាក់។

លោក Tadamichi Yamamoto ប្រធាន​បេសកកម្ម UNAMA ​បាន​មាន​ប្រសាសន៍​ថា៖ «សឹង​តែគ្មាន​ជនស៊ី​វិល​ណា​ម្នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ គេច​ផុត​ពីផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដោយ​អំពើ​ហិង្សា​ដែល​កំពុង​មាន​នេះ​ទេ»។

លោក​បាន​គូស​បញ្ជាក់​ថា៖ «ជា​ការ​ចាំ​បាច់​ដាច់​ខាត​ដែល​ភាគី​ទាំង​អស់​ត្រូវ​ក្តាប់​យក​ឱកាស​នេះ​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធគ្នា​ពីព្រោះ​សន្តិភាព​បាន​ហួស​កំណត់​យូរ​មក​ហើយ, ​ជិវិត​ពួក​ជន​ស៊ីវិល​ត្រូវ​តែការពារ​ហើយ​កំពុង​មាន​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​ធ្វើឱ្យ​មាន​សន្តិភាព​ផង​ដែរ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG