របាយការណ៍ថ្មីមួយបានរកឃើញថា កាលពីឆ្នាំមុន មនុស្សជិត៧.០០០នាក់ដែលភាគច្រើនជាជនស៊ីវិលបានស្លាប់ ឬ រងបួសដោយសារគ្រាប់មីន និងសារជាតិផ្ទុះ ដែលនៅសេសសល់ពីសង្គ្រាម និងបង្កប់ដោយកងកម្លាំងឧទ្ទាមនៅក្នុងប្រទេសមានជម្លោះយ៉ាងហោចណាស់ចំនួន៦ រួមមាន អាហ្វហ្គានីស្ថាន ឥណ្ឌា មីយ៉ាន់ម៉ា នីហ្សេរីយ៉ា ប៉ាគីស្ថាន និងយេមែន។
សន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនផ្ទុះ បានចូលជាធរមានកាលពី២០ឆ្នាំមុន។ សកម្មជនចាត់ទុកសន្ធិសញ្ញាដែលមានប្រទេសសមាជិកចំនួន១៦៤នេះថាជាកិច្ចព្រមព្រៀងលុបបំបាត់អាវុធ ហើយមានលក្ខណៈមនុស្សធម៌ ដ៏ជោគជ័យបំផុតមួយដែលធ្លាប់ត្រូវបានគេអនុម័តកន្លងមក។ នៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ពួកគេបានកត់សម្គាល់ថា មានប្រទេសតែមួយប៉ុណ្ណោះបានរំលោភបំពានលើកិច្ចព្រមព្រៀងនេះ។ នោះ គឺប្រទេសយេមែននៅក្នុងឆ្នាំ២០១២។
នៅក្នុងឆ្នាំនេះ អង្គការ Landmine Monitor បានរាយការណ៍ថា មានតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលបានប្រើប្រាស់គ្រាប់មីនផ្ទុះ ក៏ប៉ុន្តែ ប្រទេសមីយ៉ាន់ម៉ាមិនមែនជាភាគីនៃសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនផ្ទុះទេ។ ការគោរពតាមសន្ធិសញ្ញានេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់ ធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ២០.០០០នាក់នៅក្នុងឆ្នាំ១៩៩៩ មកត្រឹមតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះនៅក្នុងមួយឆ្នាំ។
បើទោះជាយ៉ាងនេះក្តី អង្គការ Landmine Monitor នេះ បានកត់សម្គាល់ថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍ផ្ទុះ និងគ្រាប់មីនច្នៃ ដែលដាក់ដោយក្រុមឧទ្ទាម បានធ្វើឲ្យចំនួនមនុស្សស្លាប់ កើនឡើងជាថ្មីម្តងទៀត។
លោក Stephen Goose ប្រធានផ្នែកឃ្លាំមើលការប្រើប្រាស់សព្វាវុធរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានប្រាប់ VOA ថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ រួមទាំងក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមហូទីក្នុងប្រទេសយេមែន ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងរបួសភាគច្រើន។
លោក Goose បាននិយាយថា៖
«ការធ្លាក់ចុះកម្លាំងយោធារបស់រដ្ឋឥស្លាម នឹងទំនងជា មិនធ្វើឲ្យវិបត្តិនេះកើតឡើងនៅក្នុងពេលឆាប់ៗនេះទេ។ ហើយយើងសង្ឃឹមថា ប្រសិនបើគេទទួលបានជោគជ័យក្នុងការចរចាជាមួយនឹងក្រុមតាលីបង់ ផ្នែកនៃកិច្ចព្រមព្រៀងនោះ នឹងមានចែងពីប្រការមិនប្រើប្រាស់គ្រាប់មីនផ្ទុះ»។
លោក Goose និយាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានជាភាគីមួយនៃសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនផ្ទុះ ហើយប្រទេសនេះ បានប្តេជ្ញាថា នឹងមិនប្រើប្រាស់គ្រាប់មីនផ្ទុះសម្លាប់មនុស្សទៀតទេ។ លោកបានកត់សម្គាល់ថា កាលពីមុន ក្រុមតាលីបង់បាននិយាយថា ខ្លួននឹងមិនប្រើប្រាស់គ្រាប់មីនផ្ទុះនោះទេ ក៏ប៉ុន្តែ គួរឲ្យសោកស្តាយ ក្រុមសកម្មប្រយុទ្ធនេះ មិនបានគោរពតាមការសន្យារបស់ខ្លួននោះទេ។
អង្គការ Landmine Monitor បានរាយការណ៍ថា ជនស៊ីវិលមានចំនួនប្រមាណជា៧០ ទៅ៨០% ក្នុងចំណោមមនុស្សជិត៧.០០០នាក់ បានស្លាប់ និងរងរបួសជាទម្ងន់ដោយសារគ្រាប់មីនផ្ទុះកាលពីឆ្នាំមុន។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានប្រមាណជាពាក់កណ្តាលជាកុមារ៕