ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​អ៊ុយក្រែន​លេច​ឡើង​ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​ទៅ​ទ្វីប​អាស៊ី


ក្រុម​កោះ​ដែល​គ្មាន​មនុស្ស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ ដែល​គេ​ស្គាល់​ថា​ Senkakus​ នៅ​ប្រទេស​ជប៉ុន​ និង​ ដាវយូ​ (Diaoyu)​ នៅ​ប្រទេស​ចិន (រូបថត​ឯកសារ)
ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ (Barack Obama)​ ទៅ​ទ្វីប​អាស៊ី​ក្នុង​សប្តាហ៍​នេះ​កំពុង​ប្រព្រឹត្ត​ធ្វើ​ក្នុង​ពេល​មាន​ការ​ព្រួយបារម្ភ​អំពី​មហិច្ឆិតា​របស់​ក្រុង​ប៉េកាំង​ដែល​កំពុង​រីក​កាន់​តែ​ធំឡើង​ ដើម្បី​ទាមទារ​យក​ទឹកដី​នៅ​ក្នុង​តំបន់។​ សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​ កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​ អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ការ​ព្រួយ​បារម្ភ​នេះ​មាន​ភាព​រិត​តែ​ស្មុគស្មាញ​ឡើង​ទៀត​និង​ឲ្យ​មាន​ឱកាស​ដែល​ក្រុម​អ្នក​ធ្វើ​យុទ្ធសាស្រ្ត​របស់​ចិន​អាច​ក្រឡេក​មើល​ទៅ​តំបន់​ គ្រីមា​ (Crimea)​ ទុក​ជា​គំរូ​មួយ​ដល់​ជម្លោះ​ដែនទឹក​របស់​ខ្លួន​ជា​មួយ​ប្រទេស​ជិតខាង។​

ប្រទេស​អ៊ុយក្រែន​ហាក់​ដូច​ជា​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ព្រឹត្តិការណ៍​នានា​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​មួយ​ដែល​មាន​ភាព​ស្វាហាប់​ជា​ទី​បំផុត​ក្នុង​ពិភពលោក​ គឺ​តំបន់​មួយ​ដែល​ជា​អ្នក​ដឹក​នាំ​សេដ្ឋកិច្ច​ដ៏​សំខាន់​នៃ​ពិភពលោក​ ​តែ​ប្រទេស​អ៊ុយក្រែន​ពិត​ជា​មាន​ជាប់​នៅ​ក្នុង​គំនិត​របស់​មន្រ្តី​អាមេរិកាំង​ជានិច្ច។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​មួយ​កាល​ពី​ខែ​មុន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ លោក​ឧត្តមនាវី​ ហារី​ ហារិស​ (Harry Harris)​ មេ​បញ្ជាការ​នៃ​កង​កម្លាំង​នាវា​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ ប៉ាស៊ីហ្វ៊ីក​ បាន​បញ្ជាក់​អំពី​សេចក្តី​ត្រូវការ​ ដើម្បី​ឲ្យ​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​ធ្វើការ​ដើម្បី​ជៀសវាង​ មិន​ឲ្យស្ថានការណ៍​ដូច​នៅ​តំបន់​ Crimea ​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វ៊ីក។​

នៅ​ដើម​ខែ​មេសា​ លោក​ ដានញិល​ រឹសសិល​ (Daniel​ Russel)​ ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​សម្រាប់​កិច្ច​ការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វ៊ីក​ បាន​ជម្រាប​សមាជិក​រដ្ឋសភា​ថា​ ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ បាន​ដាក់​លើ​ប្រទេស​រុស្ស៊ី​ គួរ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ចង់​យក​តំបន់​ Crimea​ ធ្វើ​ជា​គំរូ​មួយ។​

លោក​បាន​ថ្លែង​ដែរ​ថា​ ទណ្ឌកម្ម​បាន​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ចិន​ ឲ្យ​បង្ហាញ​ថា​ ខ្លួន​បាន​ប្តេជ្ញា​ចំពោះ​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី​សម្រាប់​ជម្លោះ​របស់​ខ្លួន​នៅ​ក្នុង​តំបន់។​

ក្នុង​ពេល​ ២​ ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រទេស​ចិន​បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​ប្រទេស​ ជប៉ុន​ នៅ​ក្នុង​ជម្លោះ​មួយ​អំពី​ក្រុម​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។​ ចិន​បាន​បញ្ជូន​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​និង​យន្តហោះ​ ឥត​អ្នក​បើក​ Drone​ ទៅ​ធ្វើ​ការ​យាម​ល្បាត​ដើម្បី​សង្កត់​បន្ថែម​ការ​ទាមទារ​របស់​ខ្លួន។​ នៅ​ចុង​ឆ្នាំ​មុន​ ចិន​បាន​ធ្វើ​សេចក្តី​ប្រកាស​ជា​ឯកតោភាគី​អំពី​តំបន់​សម្គាល់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​មួយ​ ដែល​មាន​រួម​បញ្ចូល​ក្រុម​កោះ​នោះ​ដែរ។​


លោក​ Jean​-Pierre​ Cabestan​ អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ម្នាក់​នៅ​សកល​វិទ្យាល័យ​ បាប់ទិស​ (Baptist)​ នៃ​កោះ​ ហុងកុង​ បាន​និយាយ​ថា​ ពិត​ជា​មាន​ការ​ទាក់​ទាញ​អារម្មណ៍​មួយ​ឲ្យ​ប្រទេស​ចិន​ព្យាយាម​ធ្វើ​ការ​ផ្លាស់​ប្តូរ​ស្ថានការណ៍​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន។​ ក៏​ប៉ុន្តែ​លោក​បន្ថែម​ថា​ ជម្លោះ​របស់​ចិន​នៅ​ទ្វីប​ អាស៊ី​ គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឧបទ្វីប​ Crimea។​

«ទី​មួយ​ ប្រទេស​ជប៉ុន​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។​ មាន​សន្ធិសញ្ញា​សន្តិសុខ​មួយ​រវាង​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ ដែល​បង្ខំ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍។​ ប្រទេស​ចិន​ដឹង​ច្បាស់​អំពី​រឿង​នេះ​ ពីព្រោះ​រដ្ឋបាល​លោក​ អូបាម៉ា​ បាន​បញ្ជូន​សារ​កាន់​តែ​ច្បាស់​ឡើងៗ​ទៅ​ឲ្យ​ប្រទេស​ចិន​ដឹង​ថា​ សហរដ្ឋ​អាមេរិក​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​គ្រឿង​អាវុធ​នៅ​ក្នុង​តំបន់​កោះ​ សិនកាគុ​ (Senkakus)»។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ Cabestan​ បាន​ថ្លែង​ថា​ គេ​ពិបាក​ទស្សន៍ទាយ​ថា​តើ​ប្រទេស​ចិន​ នៅ​ទី​បំផុត​អាច​ទទួល​ការ​លើក​ទឹកចិត្ត​ពីអ្វី​ដែល​ប្រទេស​រុស្ស៊ី​ បាន​ធ្វើ​នៅ​តំបន់​ Crimea​ ឬ​ដូច​ម្តេច។​

បើ​និយាយ​អំពី​ជម្លោះ​នៅ​ក្រុម​កោះ​ដែល​គ្មាន​មនុស្ស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ ដែល​គេ​ស្គាល់​ថា​ Senkakus​ នៅ​ប្រទេស​ជប៉ុន​ និង​ ដាវយូ​ (Diaoyu)​ នៅ​ប្រទេស​ចិន​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ជម្រើស​តិច​ណាស់។​

ប្រទេស​ជប៉ុន​ត្រួត​ត្រា​ក្រុម​កោះ​នេះ​ ហើយ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ឡើង​លើ​កោះ​ទាំង​នេះ​ក្នុង​អតីតកាល​ដោយ​ក្រុម​សកម្មជន​ចិន​ មិន​បាន​ស្ថិត​នៅ​យូរ​ទេ។​

លោក​ ស៊ី​ តៅ​ (Xie Tao)​ អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ម្នាក់​នៅ​សកលវិទ្យាល័យ​សម្រាប់​ការ​សិក្សា​បរទេស​នៃ​ក្រុង​ប៉េកាំង​ និយាយ​ថា​ បើ​សិន​ជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ព្យាយាម​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​ណា​មួយ​របស់​ក្រុម​អ្នក​នេសាទ​ឬ​អ្នក​ដទៃ​ទៀត​ ដើម្បី​ឡើង​លើ​កោះ​ទាំង​នេះ​ក្នុង​មួយ​រយៈ​ពេល​ ហើយ​ក្រោយ​មក​ទាមទារ​អធិបតេយ្យភាព​ សកម្មភាព​នេះ​អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ឡង​ទៅ​ចិន​វិញ​វិញ។​

«មនុស្ស​គ្រប់​គ្នា​ដឹង​ហើយ​ថា​ ក្រុម​កោះ​នេះ​មិន​អាច​គាំទ្រ​ឲ្យ​មាន​លំនៅដ្ឋាន​សម្រាប់​មនុស្ស​រស់នៅ​ក្នុង​រយៈ​ពេល​យូរ​បាន​ទេ​ ហើយ​បើ​សិន​ជា​លោក​អ្នក​ធ្វើ​ដូច្នេះ​ វា​ពិត​ជា​ក្លាយ​ទៅ​ជា​អន្ទាក់​មួយ​របស់​រដ្ឋាភិបាល​ចិន​ ដែល​នឹង​បង្ករ​ឲ្យ​មាន​ការ​រិះគន់​អន្តរជាតិ​និង​ការ​ផ្តន្ទា​ទោស​អន្តរជាតិ»។​

សហរដ្ឋ​អាមេរិក​និយាយ​ថា​ ខ្លួន​មិន​គាំទ្រ​ភាគី​ណា​មួយ​នៅ​ក្នុង​ជម្លោះ​ទាំង​នេះ​ទេ​ ទាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ ទាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ ក៏​ប៉ុន្តែ​កិច្ច​ប្រឹង​ប្រែង​របស់​ក្រុង​ វ៉ាស៊ីនតោន​ដើម្បី​ប្តូរ​តុល្យភាព​នៃ​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ ដោយ​ពង្រឹង​ទំនាក់​ទំនង​ការទូត​ សេដ្ឋកិច្ច​ នយោបាយ​ និង​សន្តិសុខ​ បាន​បង្កើន​សេចក្តី​ព្រួយបារម្ភ​របស់​ប្រទេស​ចិន។​

មនុស្ស​ខ្លះ​មើល​ឃើញ​កិច្ច​ប្រឹង​ប្រែង​នេះ​ ដែល​ហៅ​ថា​ «ការ​ងាករេ​ទៅ​រក​ទ្វីប​អាស៊ី»​ ឬ​ “Pivot​ to​ Asia”​ ថា​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​ទប់​ការ​កើន​ឡើង​របស់​ក្រុង​ប៉េកាំង។​ អ្នក​ទាំង​នេះ​អះអាង​ថា​ សកម្មភាព​របស់​ក្រុង​ វ៉ាស៊ីនតោន​កំពុង​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​តំបន់​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ដំឡើង​ភាព​តាន​តឹង។​

នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​លោក​ប្រធានាធិបតី​ អូបាម៉ា​ ត្រូវ​ចេញ​ដំណើរ​ ប្រទេស​ ជប៉ុន​បាន​ប្រកាស​អំពី​សេចក្តី​សម្រេច​មួយ​ដើម្បី​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​ ដោយ​ដាក់រាយ​កងទ័ព​និង​បណ្តាញ​រ៉ាដា​ នៅ​លើ​កោះ​មួយ​នៅ​ជិត​តំបន់​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។​

ប្រទេស​ចិន​និយាយ​ថា​ខ្លួន​កំពុង​ស្វែង​រក​ការ​ដោះស្រាយ​ជម្លោះ​របស់​ខ្លួន​ក្នុង​តំបន់​ដោយ​សន្តិវិធី​ ហើយ​បាន​ចោទ​ប្រទេស​ ជប៉ុន ថា​បាន​បំផ្លើស​ការ​គំរាម​ក្នុង​តំបន់ ដើម្បី​បង្ហាញ​ហេតុផល​អំពី​ការ​ពង្រីក​យោធា​របស់​ខ្លួន។​

ប្រទេស​ជប៉ុន​ជា​កន្លែង​ឈប់​ទី​មួយ​នៅ​ក្នុង​ទស្សនកិច្ច​ ៤​ ប្រទេស​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា​ ទៅ​កាន់​តំបន់​នេះ​ ដែល​មាន​រួម​ទស្សនកិច្ច​នៅ​ប្រទេស​ កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ ២​ ទៀត​ ដែល​មាន​ជម្លោះ​ដែន​ទឺក​ជា​មួយ​ប្រទេស​ចិន​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ ហ្វ៊ីលីពីន​ និង​ម៉ាឡេស៊ី។​

កាល​ពី​ឆ្នាំ​មុន​ ការ​បិទទ្វារ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មួយ​លើក​ បាន​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី​ អូបាម៉ា​ លុប​ចោល​ការ​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​របស់​មេ​ដឹកនាំ​អង្គការ​ អេប៉េច​ (APEC)។​ លោក​ Cabestan​ និយាយ​ថា​ ទស្សនកិច្ច​ឆ្នាំ​នេះ​ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​ ដើម្បី​បន្ត​ដំណើរ​ពី​ទី​កន្លែង​ដែល​លោក​បាន​ឈប់​កាល​ពី​លើក​មុន៕​

«លោក​ អូបាម៉ា​ ចង់​ជួសជុល​ការ​មិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ និង​ការ​មិន​បាន​ទៅ​ចូលរួម​ក្នុង​សន្និសីទ​របស់​អង្គការ​ APEC​ នៅ​ប្រទេស​ ឥណ្ឌូនេស៊ី​នៅ​សរទៈ​រដូវ​ ឆ្នាំ​មុន។​ ខ្ញុំ​គិត​ថា​ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខក​ចិត្ត​និង​ភាព​រសាប់​រសល់​នៅ​ក្នុង​ទ្វីប​ អាស៊ី​ ជា​ពិសេស​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ ពីព្រោះ​វា​បាន​បើក​ឱកាស​ឲ្យ​ប្រទេស​ចិន​ធ្វើ​ជា​អ្នក​ដឹកនាំ​សន្និសីទ​នេះ​ ជំនួស​លោក​ អូបាម៉ា»។​

អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ Xie Tao​ និយាយ​ថា​ ក្រុង​ប៉េកាំង​ នឹង​តាម​មើល​យ៉ាង​ដិតដល់​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​លោក​ អូបាម៉ា​ ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធានា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ ថា​តើ​លោក​នឹង​ដើរ​តួ​ជា​អ្នក​រក្សា​សន្តិភាព​ ដោយ​ជំរុញ​ឲ្យ​មាន​ស្ថេរភាព​ក្នុង​តំបន់​ ឬ​មួយ​ក៏​ដំឡើង​ទស្សនៈ​អវិជ្ជមាន​ថែម​ទៀត​អំពី​ប្រទេស​ចិន។​

«ខ្ញុំ​សង្ឃឹម​ថា​ លោក​នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​សម្រាល​ការ​សង្ស័យ​របស់​ប្រទេស​ចិន​ ដែល​ថា​លោក​ពិត​ជា​អញ្ជើញ​មក​ទី​នេះ​មិន​មែន​ដើម្បី​ទប់ស្កាត់​ប្រទេស​ចិន​ទេ»។​

លោក​ Xie Tao​ បាន​បន្ថែម​ថា​ ការ​សាក​ពិសោធន៍​សំខាន់​មួយ​គឺ​នៅ​ពេល​លោក​ អូបាម៉ា​ ឈប់​នៅ​ប្រទេស​ ម៉ាឡេស៊ី។​ កន្លែង​ឈប់​របស់​លោក​ អូបាម៉ា​ នៅ​ ម៉ាឡេស៊ី​ ជា​កន្លែង​ឈប់​ទី​មួយ​របស់​ប្រធានាធិបតី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ពេល​ ជិត​ ៥​ ទសវត្សរ៍​កន្លង​ទៅ​នេះ​ ហើយ​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ចំ​ពេល​ដែល​ទំនាក់​ទំនង​រវាង​ក្រុង​ គូឡាលំពួរ​(Kuala Lumpur)​ និង​ក្រុង​ ប៉េកាំង​ កំពុង​មាន​ភាព​ដុនដាប​យ៉ាង​ខ្លាំង​ នៅ​ក្រោយ​ការ​បាត់ដាន​យន្តហោះ​ជើង​ MH370​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​ ម៉ាឡេស៊ី៕​

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន
XS
SM
MD
LG