ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក-កម្ពុជា​ធ្វើ​លំហាត់​សមយុទ្ធ​លើក​ទី​៥

  • គង់ សុឋានរិទ្ធ

ទាហាន​កម្ពុជា​មួយ​រូប​ពាក់​មួយ​អ.ស.ប.​ខណៈ​ពេល​ដែល​ឈរ​យាម ក្នុង​អំឡុង​លំហាត់​យោធា​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ឈ្មោះ «ឆ្មាំ​អង្គរ​២០១៤» នៅ​សាលា​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ពហុជាតិ ​ខេត្ត​កំពង់ស្ពឺ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ ខាង​លិច​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។
កងទ័ព​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើ​លំហាត់​យោធា​រួម​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែល​ជា​ផ្នែក​មួយ​នៃការ​ពង្រឹង​សន្តិ​សុខ​ក្នុង​តំបន់។

​លំហាត់​យោធា​ដែល​មាន​ឈ្មោះ​ថា «ឆ្មាំ​អង្គរ​២០១៤» ​ចូល​រួមដោយ​យោធា​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និង​កងទ័ព​កម្ពុជា​សរុបចំនួន​៤៧០​នាក់​ហើយ​លំហាត់​យោធា​នេះ​ធ្វើ​ឡើង​នៅ សាលា​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ពហុជាតិ ​ខេត្ត​កំពង់ស្ពឺ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ ខាង​លិច​រាជធានី​ភ្នំពេញ។

​ផ្អែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ក្នុង​សមយុទ្ធ​យោធា​រយៈពេល​១០​ថ្ងៃ​នេះ​ កងទ័ព​នៃ​ប្រទេស​ទាំងពីរ​នឹង​ចូល​រួម​ផ្តល់​ជំនួយ​មនុស្សធម៌​និ​ង​ជំនួយ​ សង្គ្រោះ​មហន្តរាយ ​ការ​ផ្លាស់ប្តូរ​គ្នា​ផ្នែក​វិស្វកម្ម ​ការ​ហ្វឹកហ្វឺន​ផ្នែក​ពេទ្យ​និង ​សកម្មភាព ​ដើម្បី​រៀបចំ​ កងទ័ព​កម្ពុជា​សម្រាប់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ។

លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ដែល​ជា​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​លំហាត់​យោធា​នេះ។

​លោក​មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កង​ទ័ព​កម្ពុជានិង​កងទ័ព​កម្ពុជា​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​និង​ក្នុង​ពិភព​លោក​តាម​រយៈ​ក្រប​ខណ្ឌ​នៃបេសកម្ម​អង្គការ​សហ​ប្រជាជាតិ។

​«ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ចូល​ក្នុង​សហគមន៍​អន្តរជាតិ​និង​ក្រប​ខណ្ឌ​អន្តរជាតិ​នានា​ទាំង​នៅ​ក្នុង​តំបន់​និង​នៅ​លើ​សកល​លោក ​ការ​បញ្ជូន​កងទ័ព​ទៅ​ចូល​រួម​ដោះមីន ​ថែរក្សា​សន្តិភាព ​ការងារ​វិស្វកម្ម​និង​ការងារ​មនុស្ស​ធម៌​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួនក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជាជាតិ​ពិត​ជា​បាន​លើក​ស្ទួយ​កិត្តិយស​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​មាន​ភាព​ស្មើមុខ​ស្មើមាត់​ជាមួយ​ប្រទេស​នានា​ក្នុង​ពិភព​លោក»។

លោក​ឧត្តមសេនីយ៍​ត្រី​ចន ហ្គោដែល ​(John Goodale)​ តំណាង​កងទ័ព​សហរដ្ឋ​អាមេរិក ​ប្រចាំ​តំបន់​ ប៉ាស៊ីហ្វិក​ជឿ​ថា ​លំ​ហាត់​យោធានេះ ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ពង្រឹង​មិត្តភាព​«និង​ភាព​ជា​ដៃគូ» សម្រាប់​ផ្តល់​ជំនួយ​សង្គ្រោះ​មហន្តរាយ ​និង​មនុស្សធម៌។​

សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​សំខាន់ៗ​ដែល​បាន​ផ្តល់​ជំនួយ​យោធា​ដល់​ប្រទេស​កម្ពុជា​ទាំង​ផ្នែក​បច្ចេកទេស​និង​សម្ភារៈ។​ នេះ​គឺ​ជា​ឆ្នាំទី​៥​ហើយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ឧបត្ថម្ភ​ដល់​លំហាត់​យោធា​នៃ​ប្រទេស​ទាំងពីរ៕
XS
SM
MD
LG