ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ប្រដូច​សកម្មភាព​នាវិក​កប៉ាល់​លិច​ទៅ​នឹង​ឃាតកម្ម

  • Daniel Schearf

លោកស្រី​ប្រធានាធិបតី​ Park Geun-hye របស់​កូរ៉េ​ខាង​ត្បូង​​ស្ថិត​នៅ​លើ​នាវា​កង​ឆ្មាំ​សមុទ្រ​​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មេសា ឆ្នាំ​២០១៤ ដើម្បី​ពិនិត្យ​មើល​ចំណុច​ដែល​នាវា Sewol បាន​លិច​​​​។
លោកស្រី​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូងPark Geun-Hye បាន​រិះគន់​នាវិក​នា​យក​និង​នាវិករបស់​កប៉ាល់​ដឹក​អ្នក​ដំណើរពី​ការ​បោះបង់​ចោល​កប៉ាល់​នោះ​ខណៈ​ដែល​លិច​ដោយ​មាន​អ្នក​ដំណើរ​រាប់​រយ​នាក់​នៅ​លើ​នោះ​ ដោយ​ប្រៀប​ប្រដូច​សកម្មភាពរបស់​ពួកគេ​ទៅ​នឹង​ឃាតុកម្ម។ ​នាវិក​នាយកនិងនាវិក​យ៉ាង​ហោច​ណាស់​ក៏​៦​នាក់​ទៀត​ដែរ បាន​ត្រូវ​ចាប់​ខ្លួន។ ក្រុម​រុករក​ ​បាន​រក​ឃើញ​សាកសព​មនុស្ស​១៥០​នាក់​រហូត​មក​ទល់​ពេល​នេះ​ ខណៈ​ដែល​មនុស្ស​ប្រហែល១៥០​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ។ ​ (រូបភាព​ពិធី​កាន់​ទុក​ចុច​ត្រង់​នេះ)

ចំនួន​មនុស្ស​ស្លាប់ពី​កប៉ាល់​ដឹក​អ្នក​ដំណើរ Sewol ​ដែល​បាន​លិច ​បាន​កើន​ឡើង​យ៉ាង​រហ័ស​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ពេល​ដែល​ពួក​អ្នក​មុជ​ទឹក ​អាច​ចូល​កាន់​តែ​ជ្រៅក្នុង​កប៉ាល់​ដែល​លិច​ហើយ ​បាន​រក​ឃើញ​សាក​សព​មនុស្ស​កាន់​តែ​ច្រើន​ឡើង។

លោកស្រី​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Park Geun-hye នៅ​ឯ​ជំនួប​កាល​ពី​ពេល​ព្រឹក​ថ្ងៃ​ច័ន្ទ ​បាន​ប្រើ​ប្រាស់ពាក្យ​ពេជន៍​ខ្លាំង​ៗចំពោះ​អ្នក​ទទួល​ខុសត្រូវ​កប៉ាល់​ដឹក​អ្នក​ដំណើរ​នេះ។

«លោកស្រី​ប្រធានាធិបតី ​និយាយ​ថា ​សកម្មភាព​របស់​នាវិក​នាយកនិង​សមាជិក​នាវិកខ្លះ​ ជា​ការ​ពិបាក​យល់​ ហើយ​ប្រៀប​ដូច​ជា​ឃាតកម្មដែល​មិន​អាចនិង​មិន​គួរ​អត់ឱន​ឲ្យ​បាន។ ​នាវិក​នាយក​ ​ខក​ខានមិន​បាន​ធ្វើ​តាម​ការ​បញ្ជា​ឲ្យ​ជម្លៀសមក​ពីមជ្ឈមណ្ឌល​សេវាកម្ម​ចរាចរណ៍​កប៉ាល់​ក្រុង Jindo ​ភ្លាម​ៗ​បន្ទាប់​ពី​ឧបត្តិហេតុ​។ សមាជិកក្រុម​នាវិក​ ​បាន​ប្រាប់​ពួក​អ្នក​ដំណើរឲ្យ​ស្ថិត​នៅ​មួយ​កន្លែង ក៏ប៉ុន្តែ ​បន្ទាប់​មកពួកគេ ​បាន​លួចគេច​ចេញ​ខ្លួនឯង​។ លោកស្រី ​ប្រធានា​ធិបតី ​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា នេះ​ ជា​ការ​មិន​នឹក​ស្រមៃ​ដល់​ខាង​ផ្លូវ​ច្បាប់​និង​ខាង​សីលធ៌ម»។

​នាវិក​នាយក Lee Joon-seok ​និងសមាជិក​នាវិក​មួយ​ចំនួន ​បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​ហើយ​កំពុង​ប្រឈមុខ​ការ​ចោទ​ប្រកាន់​ពី​ធ្វេស​ប្រហែស​ហើយ​នឹង​ការ​រំលោភ​ច្បាប់​នាវាចរណ៍។

កប៉ាល់​បាន​លិចកាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដោយ​មាន​មនុស្ស​៤៧៦​នាក់នៅ​លើ​នោះ ​ភាគ​ច្រើន​ជា​សិស្ស​វិទ្យាល័យ​ដែលធ្វើ​ដំណើរ​កំសាន្តរបស់​សាលា​រៀន។ ​កប៉ាល់​ជួយ​សង្គ្រោះ ​បាន​ជួយ​សង្គ្រោះមនុស្ស​១៧៩​នាក់នៅពេល​ដែល​កប៉ាល់​លិច ក៏ប៉ុន្តែ ថ្វី​បើ ​មាន​ការ​ប៉ុន​ប៉ង​ជួយ​សង្គ្រោះយ៉ាង​ខ្លាំង​ក្លាយ៉ាង​ណាក៏ដោយ ​គ្មាន​មនុស្ស​ណាម្នាក់ បាន​ត្រូវ​ជួយ​សង្គ្រោះ​ចាប់​តាំងពី​ពេល​នោះ​មក។

កិច្ចប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ ​បាន​រារាំង​ដោយចរន្ត​ទឹក​ខ្លាំង​និង​ល្អក់​។ កំទិច​បាក់​បែក ក៏​បាន​រារាំង​ពួក​អ្នក​មុជ​ទឹក​មិន​ឲ្យ​ចូល​ក្នុងទីកន្លែង​របស់​ពួក​អ្នកដំណើរ​នៅ​លើ​កប៉ាល់​រហូត​ដល់យប់​ថ្ងៃ​សៅរ៍។

​ការ​អន្ទះ​អន្ទែងក្នុង​ចិត្តអស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃកំពុង​ក្លាយ​ទៅ​ជាទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​សម្រាប់សាច់​ញាតិ​ជន​រងគ្រោះរាប់​រយ​នាក់​ដែល​បាន​បោះ​ជំរុំនៅ​កន្លែង​ហាត់​ប្រាណ​របស់​ទីក្រុង Jindo ​។

ប្អូន​ប្រុសរបស់​នាង Kim Ha-na ស្ថិត​នៅ​លើ​កប៉ាល់នោះ ​ជា​សិស្សម្នាក់​ក្នុង​ចំណោម​សិស្សនិង​គ្រូបង្រៀន៣៣៩​នាក់មកពីវិទ្យាល័យ Danwon ​ក្នុង​ក្រុង​Ansan ​ខាងត្បូង​រដ្ឋ​ធានី​សេអ៊ូល។

«នាង​និយាយ​ថា ​នាង ​មាន​ក្តី​សង្ឃឹម​ ក៏ប៉ុន្តែ ឥឡូវនេះ ​នាង ​មាន​អារម្មណ៍ស្មុគ្រស្មាញហើយ​នឹង​កើត​ទុក្ខ​។ ទោះ​បី ខ្យល់ ត្រូវ​បាន​គេបូម​បញ្ចូល​កប៉ាល់​ក៏ដោយ ​នា​ង​ និយាយ​ថា ​តើ​អ្នក​ណា​នៅ​រស់​រាន​មាន​ជីវិត​ដោយ​គ្មានអាហារ​និងទឹក​អស់​រយៈ​ពេល​៦​ថ្ងៃ​នោះ។ ​នាង មិនដឹង​ថា ​តើ​ប្អូន​ប្រុស​របស់​នាង​ ​អាចនៅ​រស់​រាន​ជីវិត​ដែរ​ឬទេ»។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​តើ​មូលហេតុ​អ្វី​ដែល​បាន​ជាកប៉ាល់​ទម្ងន់​៦​ពាន់​៣រយ​តោននោះលិច​ទេ។ ​ពួក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​បាន​រាយការណ៍​ពី​ការ​ឮ​សំឡេងយ៉ាង​ខ្លាំងមុន​ពេល​កប៉ាល់​នោះ ​បាន​ចាប់​ផ្តើម​ផ្អៀង ​ដែល​បណ្តាល​ឲ្យ​មាន​ការ​និយាយ​ស្មាន​ថា​កប៉ាល់​នោះ ​បានបុក​ថ្ម​នៅ​ក្នុង​ទឹក​។ ក៏ប៉ុន្តែ ​ពួក​អ្នក​ស៊ើប​អង្កេត​ ក៏កំពុង​ពិនិត្យមើលពីលទ្ធ​ភាព​ថា កប៉ាល់ ​ដែល​មាន​រថយន្ត​ជា​ច្រើន​គ្រឿងនៅលើនោះ បាន​រអិល​ទៅ​ម្ខាងក្នុង​អំឡុង​ពេល​នៃការ​បត់​យ៉ាង​ខ្លាំងហើយ​នឹង​ធ្វើ​ឲ្យ​កប៉ាល់​នោះផ្អៀង​យ៉ាង​ខ្លាំង។ សេចក្តី​រាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មានកូរ៉េខាង​ត្បូង​ ​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​អ្នក​ស៊ើប​អង្កេត ​ក៏​កំពុង​ពិចារណា​ពីការ​ជួស​ជុល​កប៉ាល់​នោះ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ហើយ​នឹង​ទ្រង់​ទ្រាយ​របស់​វា។

កាល​ពី​ថ្ងៃ​អាទិត្យ លោកស្រី​ប្រធានា​ធិបតី Park ​ក៏​បាន​ប្រកាស​តំបន់​មហន្តរាយពិសេស​របស់​ក្រុង Jindo ​និង​ Ansan​ ​ដើម្បីតាមដាន​ការគាំទ្រ​ក្នុង​គ្រាហ៍​មាន​អាសន្ន៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន
XS
SM
MD
LG