ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ៊ុយក្រែន ស្នើ​សុំ​ការជួយ​កាន់តែច្រើន​នៅពេល​ដែល​មេដឹកនាំ​អង្គការ​អូតង់​ជួប​ប្រជុំគ្នា​ក្នុង​ទីក្រុង​ប៊្រុចសែល


ទាហាន​អ៊ុយក្រែន​ម្នាក់ ឈរ​នៅ​កន្លែង​ត្រួត​ពិនិត្យ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

មេដឹកនាំ​អង្គការ​អូតង់ កំពុង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​បែលហ្សិក​ ដើម្បី​ពិភាក្សា​ការឆ្លើយតប​រយៈពេល​ខ្លី​ និង​យូរអង្វែង​ដល់​ការឈ្លានពានរបស់​រុស្ស៊ី ​ទៅ​លើ​អ៊ុយក្រែន​ដែល​មាន​រយៈពេល​មួយ​ខែ​ហើយ​នោះ។ ពួកគេមាន​គម្រោង​ស្តាប់​ការអំពាវនាវ​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដើម្បី​សុំ​ការជួយ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត។

មុន​ជំនួប​នោះ លោក Zelenskyy បាន​ប្រើ​សារ​តាម​វីដេអូ​ថ្លែង​ជា​ភាសា​អង់គ្លេស​សុំ​ឲ្យសមាជិក​អង្គការ​អូតង់​ផ្តល់​ការគាំទ្រដែល​មាន «ប្រសិទ្ធិភាព ​និង​គ្មាន​កំណត់» រួម​ទាំង​អាវុធ​ដល់​កងទ័ព​អ៊ុយក្រែន​ផង​ដែរ។

លោក Zelenskyy ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋនៅ​ជុំវិញ​ពិភពលោក​ឲ្យ​ធ្វើ​ការតវ៉ា​ជា​សាធារណ: ​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​របស់​រុស្ស៊ី។

ក្រៅ​ពី​ការចរចា​ជាមួយ​អង្គការ​អូតង់ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ជួប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​មេដឹកនាំ​ក្រុម​ប្រទេស​៧ ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​ ឬ G-7 និង​ក្រុម​ប្រឹក្សា​អឺរ៉ុប។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan បាន​និយាយ​ថា គោលដៅ​ទាំង​មូល​ គឺ​ស្តាប់ «ដោះស្រាយ​និង​ការសាមគ្គីគ្នា​ដែល​យើង​បាន​ឃើញ​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ នឹង​ឋិតឋេរ​យូរ​អង្វែង»។

លោក Biden មាន​គម្រោង​ប្រកាស​ការដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​ដៅលើ​ឥស្សរជន​នយោបាយ ពួក​អភិជន ​និង​អង្គភាព​ផ្សេង​ៗ​ទៀត​របស់​រុស្ស៊ី។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សម្ព័ន្ធមិត្ត​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ការដាក់​ពង្រាយ​កងទ័ព​ថ្មី​ចំនួន៤ កង​អនុសេនាធំ​នៅ​តំបន់​ភាគ​ខាង​កើត​ដែល​ជា​សមាជិក​អង្គការ​អូតង់​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​បន្ថែម​របស់​ខ្លួន​ចាប់តាំង​ពីការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​មក។

លោក Stoltenberg បាន​ថ្លែង​ទៀត​ថា អង្គភាព​កងទ័ព​ប្រយុទ្ធ​នេះ មាន​គម្រោង​ដាក់​ពង្រាយ​នៅ​ប្រទេស​ប៊ុលហ្គារី ហុងហ្គារី រ៉ូម៉ានី​ និង​ស្លូវ៉ាគី ដែល​ធ្វើ​ឲ្យ​ចំនួន​កងទ័ព​សរុប​ទាំងអស់​របស់​អង្គការ​អូតង់​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​មាន៨អនុសេនាធំ។ កង​អនុសេនាធំ​របស់​អង្គការ​អូតង់​ផ្សេង​ទៀត បាន​ប្រតិបត្តិការ​នៅ​បណ្តា​រដ្ឋ​ក្នុង​តំបន់​បាល់ទិក​ និង​ប្រទេស​ប៉ូឡូញ​ ចាប់តាំង​ពី​ឆ្នាំ២០១៧មក។

លោក Stoltenberg បាន​និយាយ​ទៀត​ថា «ខ្ញុំ​រំពឹង​ថា ពួក​មេដឹកនាំ នឹង​ព្រមព្រៀង​គ្នា​ដើម្បី​ពង្រឹង​តំបន់​ត្រួតត្រា​ទាំង​អស់​របស់​អង្គការ​អូតង់ ដោយ​ការបង្កើន​កងកម្លាំង​នៅ​ផ្នែក​ខាង​កើត​របស់​សម្ព័ន្ធមិត្ត​នៅ​តាម​ដីគោក អាកាស​ និង​សមុទ្រ»។ លោកបាន​ថ្លែង​ទៀត​ថា ការឈ្លានពាន​របស់​រុស្ស៊ី​ កំពុង​ធ្វើ​ឲ្យ​មាន«ច្បាប់​ថ្មី​មួយ»​សម្រាប់​សន្តិសុខ​របស់​អង្គការ​អូតង់។

ប្រធាន​អង្គការ​អូតង់ បាន​និយាយ​ថា ពួក​មេដឹកនាំ​អង្គការ​អូតង់ ក៏​មាន​គម្រោង​ប្រកាស​កិច្ចព្រមព្រៀងដើម្បី​ដោះស្រាយ​ការគំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ គីមី​និង​អាវុធ​ផ្សេង​ទៀត​ពី​ប្រទេស​រុស្ស៊ី​ផងដែរ៕

អ្នក​យកព័ត៌មាន​ផ្នែក​សន្តិសុខ​ជាតិ​របស់​វីអូអេ​លោក Jeff Seldin និង​អ្នក​យកព័ត៌មាន​វីអូអេប្រចាំនៅ​អង្គការ​សហប្រជាជាតិ​អ្នក​ស្រី Margaret Besheer រួមចំណែក​នៅក្នុងសេចក្តីរាយការណ៍​នេះ ហើយ​ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP AFP និង Reuters។

XS
SM
MD
LG