ចាប់តាំងពីថ្ងៃអាទិត្យទី១០ខែឧសភាមក ពួកជនទេសន្តរប្រវេសន៍ជាង២ពាន់នាក់បានធ្វើដំណើរតាមទូកឡើងគោកនៅក្នុងប្រទេសឥណ្ឌូនេស៊ីនិងប្រទេសម៉ាឡេស៊ីឬបានត្រូវជួយសង្គ្រោះនៅក្នុងលំហរសមុទ្រទល់មុខនឹងឆ្នេរសមុទ្រនៃប្រទេសទាំងពីរនេះ។ មានមនុស្សរាប់ពាន់នាក់ទៀតអាចធ្វើដូច្នេះដែរ។ ការមកដល់នៃពួកជនទាំងនេះមានឡើងនៅក្រោយការបង្ក្រាបនៃប្រទេសថៃលើបណ្តាញពួកឧក្រិដ្ឋជនដែលបានជួញដូរពួកជនភៀសខ្លួនអំបូរ Rohingya មកពីប្រទេសភូមានៅជិតខាង។
ពួកមន្ត្រីបាននិយាយថា ពួកទេសន្តរប្រវេសន៍ Rohingya ជាង១ពាន់៤រយនាក់បានត្រូវជួយសង្គ្រោះកាលពីថ្ងៃចន្ទទី១១ខែឧសភាពីទូកបួនគ្រឿងនៅក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរសមុទ្រនៃប្រទេស ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ ការមកដល់នៃពួកជនទាំងនេះ មានឡើងនៅក្រោយការមកដល់ឆ្នេរសមុទ្រនៃខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី នៃទូកឈើយ៉ាងតិចណាស់ពីរមានមនុស្សជិះណែនក្តន់កាលពីមួយថ្ងៃមុននោះដោយមានមនុស្សប្រមាណ៦០០នាក់នៅក្នុងទូកទាំងនោះ។
មន្ត្រីឥណ្ឌូនេស៊ីម្នាក់បាននិយាយថា ពួកជនប្តូរលំនៅដ្ឋានទាំងនេះ ដែលមានរូមបញ្ចូលទាំងស្ត្រីនិងកុមារផងនោះ បានត្រូវបោកបញ្ឆោតនិងបានត្រូវនិយាយប្រាប់ថាពួកគេបានទៅដល់ជិតឆ្នេរសមុទ្រនៃប្រទេសម៉ាឡេស៊ី ហើយ។ បន្ទាប់មក ពួកគេបានត្រូវនិយាយប្រាប់ឱ្យហែលទឹកទៅកាន់ឆ្នេរសមុទ្រ។
ពួកអ្នកនៅរស់ខ្លះមានជំងឺហើយខ្សោយដោយមានការស្រេកឃ្លានហើយបានត្រូវនាំខ្លួនទៅកាន់គ្លីនិកក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទទួលការព្យាបាល។
នៅក្នុងព្រះវិហារអ៊ីស្លាម មួយក្នុងផ្នែកខាងជើងនៃខេត្ត Aceh ជនទេសន្តរប្រវេសន៍ Muhammad Juned ពន្យល់ប្រាប់ពួកអ្នកកាសែតថា ក្រុមរបស់លោកបានឋិតនៅក្នុងសមុទ្រពីរខែ។
បុរសនេះនិយាយថា មានមនុស្សជាង៥០០នាក់នៅក្នុងទូកបីគ្រឿង។ នៅពេលត្រូវសួរថាតើពួកគេធ្វើដំណើរទៅទីណានិងព្រោះហេតុអ្វី គាត់ឆ្លើយថា«យើងចង់ចូលក្នុងប្រទេសម៉ាឡេស៊ី ដើម្បីឱ្យបានប្រាក់កាស»។
ពួកប៉ូលិសម៉ាឡេស៊ី និយាយថា ពួកគេកំពុងធ្វើក្រដាសស្នាមឱ្យពួកជនទេសន្តរប្រវេសន៍ជាង១ពាន់នាក់នៅលើកោះសម្រាកកាយ Langkawi។
លោក Joe Lowry អ្នកនាំពាក្យរបស់ការិយាល័យក្នុងតំបន់នៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិនៅក្នុងក្រុងបាងកកនិយាយប្រាប់វីអូអេថា ពួកបុគ្គលិកនៃអង្គការ IOM បានទៅដល់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទដើម្បីជួយពួកជនទេសន្តរប្រវេសន៍ទាំងនេះ។
«គេបាននាំពួកជនទាំងនេះមក គេចុះឈ្មោះពួកជនទាំងនេះ ផ្តល់កន្លែងរស់នៅ ម្ហូបអាហារ ទឹក ការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រប្រសិនបើពួកគេត្រូវការដោយមានការរួមផ្សំរវាងពួកបុគ្គលិកអង្គការ IOM និងអាជ្ញាធរ អាស្រ័យលើអ្វីដែលអាជ្ញាធរត្រូវការនិងអ្វីដែលពួកគេចង់ឱ្យយើងផ្តល់ឱ្យ»។
ប្រទេសថៃ ដែលឋិតនៅក្រោមការត្រួតត្រារបស់ពួកយោធា នៅខែនេះបានបើកការបង្ក្រាបមួយលើការជួញដូរពួកជនអំបូរ Rohingya កាន់សាសនាអ៊ីស្លាមទៅកាន់ប្រទេសជិតខាងនៅក្រោយការរកឃើញសាកសពមនុស្សរាប់សិបនាក់នៅក្នុងផ្នូរសពរួមនៅកន្លែងដែលហៅថា«ជំរុំទាសករ»នៅក្នុងផ្នែកខាងត្បូងនៃប្រទេសថៃ។
បើតាមលោក Lowry អ្នកនាំពាក្យអង្គការ IOM ថាការបង្ក្រាបនេះបានធ្វើឱ្យរារែកដល់ពួកអ្នកជួញដូរមនុស្សមិនឱ្យនាំពួក Rohingya មកកាន់ឆ្នេរសមុទ្រនៃប្រទេសថៃ។
«ដោយការយកចិត្តទុកដាក់ទាំងអស់លើស្ថានការណ៍ក្នុងជំរុំទាំងនេះក្នុងប្រទេសថៃកាលពីពីរបីថ្ងៃនិងពីរបីអាទិត្យមុននេះ វាហាក់ដូចជានៅពេលនេះប្រទេសថៃបានបិទទ្វារហើយសម្រាប់ពួកអ្នកជួញដូរមនុស្ស»។
កាលពីថ្ងៃចន្ទ អគ្គមេបញ្ជាការនៃកងទ័ពជើងគោកថៃបាននិយាយប្រាប់ពួកអ្នកសារព័ត៌មានថាការស្វែងរកកំពុងមានធ្វើតទៅទៀតនៅក្នុងតំបន់មានផ្ទៃដីរដឹបរដុបដើម្បីរកជំរុំថែមទៀតដែលនៅទីនោះពួកជនទេសន្តរប្រវេសន៍ខុសច្បាប់បានត្រូវឃុំឃាំង។
បើតាមអភិបាលនៃខេត្តថៃមួយថាការជួញដូរពួកជនអំបូរ Rohingya កាត់តាមប្រទេសថៃបានត្រូវជឿថាមានយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ១៩៩៨មក។
ក្រុមការពារសិទ្ធិមនុស្សខ្លះបាននិយាយថា ការជួញដូរពួកជន Rohingya ទាំងនេះមានទាក់ទិននឹងការឃុបឃិតគ្នារវាងពួកអ្នកជួញដូរនិងពួកអ្នកនយោបាយថៃនិងអាជ្ញាធរឯទៀតៗ ដោយមានរួមបញ្ចូលទាំងពួកសមាជិកនៃកងទ័ពជើងគោកនិងកងទ័ពជើងទឹកថៃផងដែរ។
លោកឧត្តមសេនីយ Udomdej Sitabutra អគ្គមេបញ្ជាការនៃកងទ័ពជើងគោកថៃបានបដិសេធថាគ្មាននាយទាហានកងទ័ពជើងគោកថៃទាក់ទិនជាមួយការជួញដូរពួកជនអំបូរ Rohingya ទេ។
កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរថៃបានចាប់ខ្លួនពួកអ្នកនយោបាយមួយចំនួនដែលបានត្រូវចោទប្រកាន់ថាបានទាក់ទិនជាមួយការជួញដូរមនុស្ស។
គេមានជំនឿថាផ្នូរសពច្រើនថែមទៀតនៃពួកជន Rohingya ដែលបានត្រូវសម្លាប់ឬបានស្លាប់ដោយសារការធ្វើបាបនៅពេលជាប់ឃុំឃាំងនឹងត្រូវរកឃើញនៅក្នុងជំរុំដែលបានត្រូវបោះបង់ចោលនៅក្នុងជំរុំក្នុងព្រៃ។
ពួកជនអំបូរ Rohingya ដែលបានត្រូវចាត់ទុកដោយអ.ស.ប.ថាជាពួកជនអំបូរភាគតិចមួយដែលបានត្រូវធ្វើទុក្ខបុកម្នេញខ្លាំងជាងគេនៅក្នុងពិភពលោក មកពីប្រទេសបង់ក្លាដេស និងប្រទេសភូមា។
ប្រទេសភូមាដែលជាប្រទេសមួយមានប្រជារាស្ត្រច្រើនបំផុតជាអ្នកកាន់ព្រះពុទ្ធសសានាចាត់ទុកពួក Rohingya កាន់សាសនាអ៊ីស្លាម ថាជាពួកជនទេសន្តរប្រវេសន៍ខុសច្បាប់មកពីប្រទេសបង់ក្លាដេស ទោះណាជាពួក Rohingya ច្រើននាក់បានរស់នៅក្នុងប៉ែកខាងជើងនៃប្រទេសភូមាជាច្រើនជំនាន់មកហើយក៏ដោយ។ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេបានប្រឈមមុខនឹងអំពើហិង្សាខាងនិកាយសាសនាដែលបានបណ្តាលឱ្យមានការចាកចេញយ៉ាងច្រើនប្រកបដោយគ្រោះថ្នាក់តាមសមុទ្រ។
ប្រទេសថៃជាស្ថានីយ៍ឆ្លងកាត់សម្រាប់ពួកជនដែលបានរត់គេចខ្លួនជាដំបូងចេញពីខេត្ត Sittwe នៅក្នុងប្រទេសភូមាដោយមានសេចក្តីសង្ឃឹមថានឹងបានទៅដល់ប្រទេសឥណ្ឌូនេស៊ី និងប្រទេស ម៉ាឡេស៊ីដែលជាប្រទេសមានប្រជារាស្តភាគច្រើនជាអ្នកគោរពសាសនាអ៊ីស្លាម។
ក៏ប៉ុន្តែពួកអ្នកជួញដូរមនុស្សក្នុងប្រទេសថៃបានយកចំណេញពីពួកជនអំបូរ Rohingya ដោយទាមទារប្រាក់បន្ថែមសម្រាប់សេរីភាពពួកគេហើយបានលក់ជនទាំងនេះច្រើននាក់ឱ្យជំពាក់ប្រាក់សេវភាពនៅក្នុងប្រទេសម៉ាឡេស៊ី។
បើតាមអ្នកស្រី Chris Lewa ដែលចាត់ចែងកិច្ចការរបស់អង្គការ The Arakan Project ដែលជាក្រុមការពារសិទ្ធិមនុស្សរបស់ពួកជនអំបូរ Rohingya ថាជាលទ្ធផលនៃការបង្ក្រាបនៅក្នុងប្រទេសថៃ មានពួក Rohingya រាប់ពាន់នាក់ទៀតប្រាកដជាកំពុងឋិតនៅក្នុងសមុទ្រនៅលើទូកមានភាពទ្រុឌទ្រោម។
«ខ្ញុំយកចិត្តទុកដាក់ចង់ឃើញថាតើមានពួក Rohingya ប៉ុន្មាននាក់នឹងចាប់ផ្តើមឡើងគោក។ ខ្ញុំយល់ថា យ៉ាងតិចណាស់ក៏មាន៧ពាន់នាក់ដែរ នេះបើតាមមតិរបស់ខ្ញុំ។ ក៏ប៉ុន្តែប្រហែលមិនមែនជនទាំងអស់នឹងឡើងគោកទេ ប្រហែលមានជនខ្លះនឹងវិលត្រឡប់ទៅប្រទេសភូមាឬប្រទេសបង់ក្លាដេស វិញ។ក៏ប៉ុន្តែខ្ញុំគ្រាន់តែខិតខំព្យាយាមឃ្លាំមើលស្ថានការណ៍នេះ»។
ទីភ្នាក់ងារអ.ស.ប.ខាងជនភៀសខ្លួនហៅកាត់ថា UNHCR ស្ទង់ប្រមាណថា មានពួក Rohingya និងជនជាតិបង់ក្លាដេស ២ម៉ឺន៥ពាន់នាក់បានជិះទូករបស់ពួកជួញដូរមនុស្សនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលមានចំនួនពីរដងច្រើនជាងចំនួនកាលពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ