ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក​សព​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ជំរុំ​ជួញ​ដូរ​មនុស្ស​មួយ​នៅភាគ​ខាង​ត្បូង​ប្រទេស​ថៃ


ប៉ូលិស​ថៃ​ធ្វើការ​វាស់វែង​រណ្តៅសព​ជម្រៅរាក់​មួយ​នៅ​ខេត្ត​ Songkhla ភាគខាង​ជើង​ប្រទេស​ថៃ នា​ថ្ងៃ​ទី០២ ខែ​ឧសភា ឆ្នាំ​២០១៥។
ប៉ូលិស​ថៃ​ធ្វើការ​វាស់វែង​រណ្តៅសព​ជម្រៅរាក់​មួយ​នៅ​ខេត្ត​ Songkhla ភាគខាង​ជើង​ប្រទេស​ថៃ នា​ថ្ងៃ​ទី០២ ខែ​ឧសភា ឆ្នាំ​២០១៥។

ប៉ូលិស​ និង​ទាហាន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​បាន​ជីក​យក​ចេញ​នូវ​សាកសព​ជាង​៣០ ពី​រណ្តៅ​រាក់​នៅ​ក្នុង​ជំរុំ​ដាច់​ស្រយ៉ាល​ក្នុង​ព្រៃ​មួយ​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​ជួញដូរ និង​លួច​នាំ​ចូលមនុស្ស។ ការ​រក​ឃើញ​ជំរុំ​នោះ​បាន​កើត​មាន​ឡើង​ នៅ​ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​បាន​ពង្រឹង​កិច្ចប្រឹងប្រែង​នៅ​ក្នុង​ការ​បញ្ឈប់​ប្រតិបត្តិការ​នៃ​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ។

មន្រ្តី​យោធា និង​ប៉ូលិស​ប្រមាណ​២០០​នាក់ បាន​ជីក​យក​ចេញ​នូវ​សាកសព​ពី​រណ្តៅ​នៅ​ក្នុង​ព្រៃ​តំបន់​ភ្នំ​នៅ​ជិត​ព្រំដែន​ម៉ាឡេស៊ី។ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ជន​រងគ្រោះ​ភាគ​ច្រើន​ត្រូវ​បាន​ជឿ​ថា ជា​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា (Rohingya) ដែល​ធ្វើ​ដំណើរ​តាម​ទូក​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដេស។

បុរសម្នាក់​ ដែល​មាន​សញ្ជាតិ​បង់ក្លាដេស ត្រូវ​បាន​រក​ឃើញ​នៅ​រស់​នៅ​ឡើយ ប៉ុន្តែ​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង​ពី​ដំណើរ​ដ៏​លំបាក​របស់​ខ្លួន បន្ទាប់​ពី​ជំរុំ​នោះ​ត្រូវ​បាន​បោះបង់​ចោល​ដោយ​ក្រុម​លួច​នាំ​ចូល​មនុស្ស។

ជំរុំ​នោះ​ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​នឹង​ម៉ាឡេស៊ី គឺ​ជា​ជំរុំ​មួយ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​លួច​នាំ​ចូល​មនុស្ស​ជា​កន្លែង​ទុកដាក់​មួយ មុន​ពេល​ដែល​មនុស្ស​ត្រូវ​បាន​នាំ​ឆ្លង​ព្រំដែន។

អ្នកស្រី Chris Lewa អ្នក​សម្របសម្រួល​នៃ​គម្រោង​ Arakan ដែល​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​លួច​នាំ​ចូល​មនុស្ស​ពី​ភាគ​ខាង​លិច​មីយ៉ាន់ម៉ា និង​បង់ក្លាដេស បាន​និយាយ​ថា ការ​ស្លាប់​ទាំង​នោះ​បាន​សង្កត់​ធ្ងន់​ពី​ ទុក​លំបាក​ដែល​កំពុង​បន្ត​កើត​មាន​ឡើង ​ប្រឈម​មុខ​ដោយ​ជន​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ជួញដូរ និង​លួច​នាំ​ចូល​មនុស្ស។

«បញ្ហា​នេះ​បាន​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​រយៈពេល​វែង​មួយ​ទៅ​ហើយ។ នៅ​ពេល​ដែល​មនុស្ស​ទាំង​នោះ​មិន​អាច​បង់​ប្រាក់​បាន ពួកគេ​ត្រូវ​បាន​ដាក់​នៅ​មួយ​កន្លែង​អស់​រយៈពេល​រាប់​ខែ ហើយ​មនុស្ស​មួយ​ចំនួន​បាន​រងគ្រោះ​ពី​កង្វះ​ខាត​វីតាមីន B-1 ដោយ​ពួកគេ​មិន​អាច​ធ្វើ​ចលនា​បាន និង​បាន​ស្លាប់​ភាគ​ច្រើន​ដោយ​សារ​ជំងឺ​ ហើយ​នា​ពេល​ខ្លះ​ដោយ​ការ​សម្លាប់ ប្រសិន​បើ​ពួកគេ​បាន​ព្យាយាម​ធ្វើ​ការ​រត់​ចេញ។ ប៉ុន្តែ​ជា​ទូទៅ​ គឺ​ដោយសារ​រយៈពេល​ដែល​ពួកគេ​ត្រូវ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ស្ថានភាព​ដូចនេះ»។

ក្រុម​មន្រ្តី​បាន​និយាយ​ថា ការ​ផ្តល់​ព័ត៌មាន​មួយ​ពី​សំណាក់​មន្រ្តី​ប៉ូលិស​ក្នុង​ស្រុក​មួយ​រូប​បាន​នាំ​ពួកគេ​មក​ដល់​ជំរុំ​ទាំង​នោះ។ រូបភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បង្ហាញ​ពី សំណង់​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​ដែល​អាច​ផ្ទុក​មនុស្ស​រហូត​ដល់​ ៣០០​នាក់។ អ្នកស្រី Lewa បាន​មាន​ប្រសាសន៍​ថា ជន​ធ្វើ​ដំណើរ​តាម​ទូក​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ​អ្នក​ដែល​មិន​អាច​បង់​ប្រាក់​ប្រមាណ ២.០០០​ដុល្លារ​ត្រូវ​រង​ការ​វាយ​ដំ។

«នៅ​ត្រឹម​ពេល​ដែល​ពួកគេ​មក​ដល់​ប្រទេស​ថៃ ដែល​ពួកគេ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ព្រៃ ហើយ​ពួកគេ​ត្រូវ​បង់​ថ្លៃ​ពេញលេញ​ ដែល​មាន​ប្រមាណ​ ៦០.០០០ បាត (១.៨០៩ដុល្លារ)។ នា​ពេល​ខ្លះ តម្លៃ​មាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ជា​មធ្យម​គឺ ៦០.០០០ បាត។ មនុស្ស​ដែល​មាន​បញ្ហា​ជាប់​គាំង​ ដោយ​មិន​មាន​បង់ប្រាក់ត្រូវ​រង​ការ​វាយ​ដំ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ក្រុម​ឈ្មួញ​កណ្តាល​ជឿ​ថា នេះ​ជា​វិធី​មួយ​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​ពួកគេ ក៏​ដូច​ជា​គ្រួសារ​របស់​ពួកគេ»។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ ជន​មូស្លីម​ដែល​មិន​មាន​ប្រទេស​ស្នាក់​នៅ​ជាក់លាក់​ជាង​មួយ​សែន​នាក់ បាន​ធ្វើ​ដំណើរ​ដ៏​ប្រឈម​មួយ​តាម​ទូក ដោយ​សង្ឃឹម​ថា​ នឹង​ទៅ​ដល់​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ដើម្បី​ឲ្យ​រួច​ផុត​ពី​អំពើ​ហិង្សា និង​ភាព​ក្រីក្រ​នៅ​មីយ៉ាន់ម៉ា។ ការ​វាយ​ប្រហារ​នានា​ទៅ​លើ​ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​ Arakan នៅ​មីយ៉ាន់ម៉ា បាន​កើន​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​នាំ​ឲ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​បង្ខំ​ចិត្ត​មក​ស្នាក់​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន។

ប្រទេស​ថៃ និង​ម៉ាឡេស៊ី​បាន​ទទួល​រង​សម្ពាធ​ពី​សំណាក់​អន្តរជាតិ​ក្នុង​ការ​ទប់​ស្កាត់ប្រតិបត្តិការ​ជួញដូរ​ និង​លួច​នាំ​ចូល​មនុស្ស។

នៅ​ប្រទេស​ថៃ ច្បាប់​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន​ត្រូវ​បាន​ពង្រឹង ដែល​នាំ​ឲ្យ​មាន​ការចាប់ខ្លួនជនជាតិ​ថៃ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​នេះ។ នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុម​អាជ្ញាធរ​មាន​ចាប់​ខ្លួន​ក្រុម​មេដឹកនាំ​ក្រុម​លួច​នាំ​ចូល​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា។ អ្នកស្រី​ Lewa បាន​បន្ត​ថា ជា​លទ្ធផល​នៃ​ការ​បង្រ្កាប​ ក្រុម​ជួញដូរ​មនុស្ស​កំពុង​តែ​រក្សា​ទុក​ជន​ធ្វើ​ដំណើរ​តាម​ទូកនៅ​តាម​ដែន​សមុទ្រ​ ជា​ជាង​នៅ​ក្នុង​ជំរុំ​ក្នុង​ព្រៃ។

«ខ្ញុំ​គិត​ថា មនុស្ស​រវាង​ប្រាំពីរ ទៅ​ប្រាំបី​ពាន់​នាក់​បាន​ជាប់គាំង​នៅ​ដែន​សមុទ្រ។ ពួកគេ​បាន​ជាប់​នៅ​លើ​ទូក ហើយ​ទូក​ទាំង​នោះ​នា​ពេល​ឥឡូវ​នេះ​ត្រូវ​បាន​ប្រើ​ជា​ ជំរុំ​ ប៉ុន្តែ​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ។ នៅ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ ហាក់​ដូច​ជា​មាន​ការ​លួច​នាំ​ចូល​ស្ងាត់ៗ។ ហើយ​មាន​មួយ​ចំនួន​អាច​ចូល​មក​ដល់​ប្រទេស​ថៃ ប៉ុន្តែ​មួយ​ចំនួន​តាមរយៈ​ប្រទេស​ម៉ាឡេស៊ី​ដោយ​ផ្ទាល់ ហើយ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ជំរុំ»។

នៅ​ក្នុង​របាយការណ៍​មួយ​នា​ពេល​ថ្មីៗ​នេះ ការិយាល័យ​អ.ស.ប​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) បាន​ធ្វើ​ការ​ប៉ាន​ប្រមាណ​ថា ការ​លួច​នាំ​ចូល​ជន​អន្តោប្រវេសន៍​នៅ​អាស៊ី​អាច​រក​ចំណូល​បាន​រហូត​ដល់​ទៅ​ពីរ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ ដែល​មានជាប់​ពាក់​ព័ន្ធនឹង​ការ​ស្លាប់​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន។ អង្គការ​ UNODC បាន​និយាយ​ថា ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​បាន​បង្ក​ «ការ​គំរាម​កំហែង​យ៉ាង​ធំ​មួយ» ​នៅ​ក្នុង​តំបន់។

អង្គការ​ UNODC ក៏​បាន​អំពាវនាវឲ្យ​មាន​ចូល​ការ​ពង្រឹង​ទិន្នន័យ​ ​ច្បាប់​ជាតិ​ និង​ការ​កំណត់​មុខសញ្ញាបណ្តាញ​ក្រុម​លួច​នាំ​ចូល​មនុស្ស​ ក៏​ដូច​ជា​ការ​ការពារ​ប្រសើរ​ជាង​មុន​ទៅ​លើ​សិទ្ធិ​ជន​អន្តោប្រវេសន៍ និង​ជន​រង​គ្រោះ៕

ប្រែ​សម្រួល​ដោយ៖ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG