ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឥណ្ឌូនេស៊ី​នឹង​ស៊ើបអង្កេត​ទៅ​លើ​ឧស្សាហកម្ម​នេសាទ​បន្ទាប់​ពី​រក​ឃើញ​ទាសករ​នៅ​លើ​កោះ

  • Ron Corben

អ្នក​នេសាទ​ជនជាតិ​ភូមា​រងចាំ​ការ​ចេញ​ដំណើរ​របស់​ពួកគេ​ពី​បរិវេណ​ ក្រុមហ៊ុន​នេសាទ​ Pusaka Bengina Resources ក្នុង​ព្រលាន​យន្ត​ហោះ​ Benjina កោះ​ Aru ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០១៥។

អាជ្ញាធរ​ឥណ្ឌូនេស៊ី​កំពុង​បង្កើន​ការ​ស៊ើបអង្កេត​អំពី​ឧស្សាហកម្ម​នេសាទត្រី​ក្រោយ​ពី​អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​នេសាទ​ត្រី​ជិត​៥៥០​នាក់​ជាប់​ជា​ទាសករ​នៅ​លើ​កោះ​ដាច់​ស្រយាល​មួយ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។​ អង្គការ​ទេសន្តប្រវេសន៍​អន្តរជាតិ​ហៅ​កាត់​ថា​ IOM ​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ​និង​ស្ថានទូត​នានា​ដើម្បី​គាំទ្រ​ខាង​ផ្លូវច្បាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេសាទត្រី​ដែល​រង​ការ​ចោទប្រកាន់។​

ភូមិ​មួយ​នៅ​លើ​កោះ​ Benjina ​ក្នុង​សមុទ្រ​ Arafura ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ជា​កន្លែង​នៃ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​ការ​ស៊ើបអង្កេត​ពិសេស​មួយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Associated​ Press ​ដែល​បាន​រាយការណ៍​ថា​បុរស​រាប់​រយ​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ភូមា​បាន​ជាប់​ឃុំ​នៅ​លើ​កោះ​នោះ។​

កាល​ពី​ថ្ងៃ​សុក្រ​ទី​១០​មេសា ​របាយការណ៍​នេះ​បាន​ចែង​ថា​ចំនួន​ពួក​អ្នក​នេសាទ​ត្រី​មាន​ភាព​ជា​ទាសករ​បាន​ទ្បើង​ដល់​ជិត​៥៥០​នាក់​នៅ​ក្រោយ​មាន​បេសកកម្ម​ស្វែង​រក​ការ​ពិត​មួយ​ដែល​មាន​រូម​បញ្ចូល​ក្រុម​សមាជិក​នៃ​អង្គការ​ទេសន្តប្រវេសន៍​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ IOM។​

លោក​ Steve​ Hamilton ​ជា​នាយករង​នៃ​បេសកកម្ម​ IOM​ ក្នុង​ក្រុង​ហ្សាការតា។ ​លោក​បាន​និយាយ​ថា​នៅ​ពេល​ដែល​ជនជាតិ​ភូមា​២១០​នាក់​ចង់​ចាកចេញ​ពី​កោះ​នោះ​មាន​ជន​ឯ​ទៀតៗ​បាន​ប្រកែក​មិនព្រម​ទៅ​ទេ​ ដោយ​ព្រួយបារម្ភ​ថា​បាត់បង់​ប្រាក់​ខែ​ពី​ពេល​មុន​ដែល​មិន​ទាន់​បើក​ ប្រសិន​បើ​ពួកគេ​ចាកចេញ។​ លោក Hamilton​ និយាយ​ថា​កំពុង​មាន​ចំណាត់ការ​ខាង​ផ្លូវ​ច្បាប់​ដើម្បី​ជួយ​ក្រុម​បុរស​ទាំងនេះ​ដែល​មាន​ជា​ច្រើន​នាក់​ជា​ជនជាតិ​ខ្មែរ។​

«យើង​បាន​ទាក់ទង​ជាមួយ​ស្ថានទូត​និង​ក្រុម​ជន​រងគ្រោះ​ដើម្បី​ខិតខំ​ព្យាយាម​ឱ្យ​មាន​សំណង។​ ខ្ញុំ​យល់​ថា​នេះ​ជា​វិធី​មួយ​ទៀត​ដើម្បី​ទាក់ទង​នឹង​ក្រុម​បុរស​ទាំង​នេះ​ដែល​មិន​ហ៊ាន​ចាកចេញ​ពី​ព្រោះ​ពួក​គេ​ខ្លាច​បាត់បង់​ប្រាក់ខែ​ជា​ច្រើន​ឆ្នាំ​កាល​ពី​ពេល​មុន​ដែល​ក្រុមហ៊ុន​មិន​ទាន់​បើក​ឲ្យ​ ប្រសិន​បើ​ពួក​គេ​ដើរចេញ​ ហើយ​ថា​យ៉ាង​ហោច​ណាស់​ពួក​គេ​ឃើញ​មាន​នរណា​ម្នាក់​កំពុង​ជួយ​សង្គ្រោះ​ពួក​គេ​ដែរ‍»។​

លោក​ Hamilton ​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ឥណ្ឌូនេស៊ី​គ្រោង​នឹង​ស៊ើបអង្កេត​អំពី​ឧស្សាហកម្ម​នេសាទ​ត្រី​នៅ​ទូទាំង​ប្រជុំកោះ​ឥណ្ឌូនេស៊ី។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី៩​ ខែ​មេសា​ អ្នក​នេសាទត្រី​ថៃ​ជាង​៦០​នាក់​បាន​វិល​ត្រទ្បប់​ទៅ​កាន់​ក្រុង​បាងកក​វិញ​តាម​យន្តហោះ​ធុន​ C-130 ​មួយ​គ្រឿង​នៃ​កងទ័ព​អាកាស​ថៃ​ ក្រោយ​ពី​បាន​ត្រូវ​ជួយ​សង្គ្រោះ​ពី​កោះ​ Ambon​ ដែល​នៅ​ទីនោះ​ជនជាតិ​ថៃ​ច្រើន​នាក់​បាន​រស់​នៅ​ដោយ​លាក់ខ្លួន​ឬ​ត្រូវ​ជាប់​ឃុំឃាំង​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី។​

ជនជាតិ​ថៃ​វ័យ​ក្មេង​បំផុត​ដែល​បាន​ត្រូវ​ជួយសង្គ្រោះ​មាន​អាយុ​១៩ឆ្នាំ​ហើយ​បាន​រស់​នៅ​លើ​នាវា​នេសាទ​ត្រី​៦ឆ្នាំ​ដោយ​ធ្វើការ​ឥត​ឈប់​ជា​ច្រើន​ថ្ងៃ​មិន​បាន​ទទួលទាន​ដំណេក​នៅ​ក្នុង​ស្ថានភាព​ដ៏​សែន​អាក្រក់។​

សេចក្តី​រាយការណ៍​នេះ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Associated​ Press​ ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​មីនា​បាន​ជម្រុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​ចំនួន​នៅ​ទូទាំង​តំបន់​នោះ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រទេស​ថៃ​និង​ផ្សារ​សំខាន់ៗ​ដែល​មាន​ការ​ដឹកជញ្ជូន​ម្ហូប​អាហារ​សមុទ្រ​ទៅ​លក់​ មាន​ដូចជា​ស.រ.អា.​និង​ទ្វីប​អឺរ៉ុប​ជា​ដើម។​

កាល​ពី​បី​បួន​ឆ្នាំ​មុន​នេះ​ បណ្តាញ​ផ្សាយ​ព័ត៌មាន​នៃ​ប្រទេស​ថៃ​បាន​លើក​សំណួរ​អំពី​ការ​ប្រើ​ក្រុម​ពលករ​អន្តោប្រវេសន៍​នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ​ត្រី​ជា​ទូទៅ។​

ក្រុម​អ្នក​នេសាទត្រី​ដែល​បាន​ត្រូវ​ជួយ​សង្គ្រោះ​បាន​និយាយ​ថា​ពួក​គេ​បាន​ត្រូវ​បោកបញ្ឆោត​ឬ​បាន​ត្រូវ​ចាប់​ពង្រត់​យក​ទៅ​ឱ្យ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេសាទ​ ជួន​កាល​ប្រឈមមុខ​នឹង​អំពើ​ហិង្សា​និង​ការ​គំរាម​កំហែង​ពី​ក្រុម​នាវិក​ចាស់ៗ។​

អ្នកស្រី​ Roisa​ Wongsuban​ អ្នក​នាំពាក្យ​នៃ​ក្រុម​ធ្វើការ​ខាង​ទេសន្តប្រវេសន៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា​តំបន់​នោះ​ត្រូវការ​កែ​លម្អ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្រុម​ពលករ​ដែល​បាន​ត្រូវ​ជួញ​ដូរ​ក្នុង​ឧស្សាហកម្ម​នេសាទ​ត្រី។​

«ពេល​នេះ​ជា​ពេល​វេលា​សម្រាប់​ធ្វើ​ការ​សន្ទនា​គ្នា​ក្នុង​តំបន់​ជាជាង​ការ​ឆ្លើយតប​របស់​តំបន់​ដល់​បញ្ហា​នេះ។​ នេះ​ជា​អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ​ហើយ​យើង​មិន​ឃើញ​ថា​ការ​អនុវត្តន៍​នេះ​បាន​កែប្រែ​ច្រើន​ដល់​វិធី​ដែល​ពួក​គេ​បាន​ជួយ​សង្គ្រោះ​ក្រុម​មនុស្ស​ដែល​បាន​ត្រូវ​ជួញ​ដូរ​ទេ។​ ពួក​គេ​បាន​ប្រើ​ប្រទេស​ថៃ​ជា​កន្លែង​សម្រាប់​ជ្រើសរើស​ក្រុម​ពលករ​ដោយ​រៀបចំ​ឯកសារ​ក្លែង​បន្លំ‍»។​

ក្រុម​អ្នកវិភាគ​និយាយ​ថា​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ដឹង​ហើយ​អំពី​បញ្ហា​ប្រើ​ក្រុម​ពលករ​ដោយ​ខុស​ច្បាប់​ក្នុង​ឧស្សាហកម្ម​នេសាទ​ត្រី។​ ពួក​គេ​និយាយ​ថា​ ក៏​ប៉ុន្តែ​របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​បាន​ផ្តល់​សន្ទុះ​សម្រាប់​ឱ្យ​រដ្ឋាភិបាល​បើក​ធ្វើការ​ស៊ើបអង្កេត​នៅ​ពេល​មាន​ការ​អំពាវ​នាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ធំ​ជាង​មុន​ដើម្បី​បញ្ឈប់​ការ​អនុវត្តន៍​ដោយ​ខុសច្បាប់​ក្នុង​វិស័យ​ពលកម្ម៕​

ប្រែ​សម្រួល​ដោយ​ ឈឹម សុមេធ

XS
SM
MD
LG