ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឥណ្ឌូនេស៊ី​ឃាត់​ទូក​មួយ​ទៀត​ដែល​ពេញ​ទៅ​ដោយ​ជនចំណាកស្រុក​ភូមា


រូបភាព​ឯកសារ៖​ ជន​ចំណាក​ស្រុក​ដែល​គេ​ជឿជាក់​ថា​ ជា​ជនភាគតិច​ រ៉ូហ៊ីងយ៉ា (Rohingya) សម្រាក​នៅ​ក្នុង​ជំរុំ​មួយ​ បន្ទាប់​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូក​នៅ​ Lhoksukon ក្នុង​ខេត្ត​ Aceh ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

អាជ្ញា​ធរ​ឥណ្ឌូនេស៊ី​បាន​ស្ទាក់​ទូក​មួយ​គ្រឿងទៀត​ ដែល​ផ្ទុក​ទៅ​ដោយជន​ចំណាក​ស្រុក​និង​ជន​ភៀស​ខ្លួន​មកពី​ប្រទេស​ភូមា​និង​បង់​ក្លា​ដែស ​នៅ​ពេល​ដែល​ក្រុម​មន្រ្តី​តំបន់​អាស៊ី​អាគ្នេយ៍​បន្ត​ខិត​ខំ​ដោះ​ស្រាយ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ (Rohingya) រាប់​ពាន់​នាក់​ដែល​ទំនង​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ក្រុម​អ្នក​រត់​ពន្ធ​មនុស្សនៅ​ឯ​សមុទ្រ។

អ្នក​នាំពាក្យកង​នាវា​បាន​និយាយ​ថា​ កងទ័ព​ជើង​ទឹក​របស់​ឥណ្ឌូនេស៊ី​បាន​បញ្ឈប់​ទូក​នោះ​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ខេត្ត​ Aceh ហើយ​បាន​ផ្តល់​ម្ហូប​អាហារ​ ទឹក​និង​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​អ្នក​ដែល​ស្ថិត​នៅ​លើ​ទូក​នោះ​ ​មុន​ពេល​បញ្ជូន​ពួកគេ​ទៅ​តាម​ផ្លូវ​ដែល​ពួកគេ​ត្រូវ​ទៅ។​ អ្នក​នាំ​ពាក្យ​នោះ​និយាយ​ទៀត​ថា ​ជន​ចំណាក​ស្រុក​ទាំងនោះ​មិន​ព្យាយាម​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ទេ។ ទិសដៅ​របស់​ពួកគេ​មិន​ច្បាស់​លាស់​ទេ។

ជន​ភៀស​ខ្លួន​ជាង​២​០០០​នាក់មក​ពី​ប្រទេស​ភូមា និង​ជន​ចំណាក​ស្រុក​បង់ក្លាដែស​ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​សមុទ្រ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​ហើយ​ក្រុម​សកម្មជន​និង​មន្រ្តី​បាន​ព្រមាន​ថា ​មនុស្ស​រាប់​ពាន់​នាក់​ទៀត ​អាច​នៅ​ជាប់​នៅ​ក្នុង​ទូក​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស។ វិបត្តិ​នេះ​ត្រូវ​គេ​ជឿ​ជាក់​ថា ​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​ការ​បង្ក្រាប​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទៅ​លើ​ការ​ជួញ​ដូរ​មនុស្ស។

កាល​ពី​សប្តាហ៍​មុន ​នាយករដ្ឋ​មន្រ្តី​ថៃ​បាន​បញ្ជារ​ឲ្យបោស​សម្អាត​ជំរុំ​ដែល​សង្ស័យ​ថាជា​របស់​ក្រុម​ជួញ​ដូរ​មនុស្ស បន្ទាប់​ពី​សាកសព​មនុស្ស​រាប់​សិប​នាក់ ​បាន​ត្រូវ​គេ​ជឿ​ជាក់​ថា​មក​ពី​ប្រទេស​ភូមា​និង​បង់​ក្លាដែស ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រណ្តៅ​សាក​សពរាក់ៗ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ​មនុស្ស​រាប់​សិប​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ទាក់​ទិន​ទៅ​នឹង​ជំរុំ​ទាំង​នោះ ​រួម​មានមន្រ្តី​ក្នុង​មូលដ្ឋាន​និង​មន្ត្រី​ប៉ូលីស៕

XS
SM
MD
LG