អតីតមន្ត្រីជាន់ខ្ពសគណបក្សសង្គ្រោះជាតិ២នាក់ទៀត ដែលមានលោក ប៉ុល ហំម ផងដែរ បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលជាជំហានមួយដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមលិខិតស្នើសុំនីតិសម្បទានយោបាយផ្លូវការផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៧ ខែឧសភា។
បើតាមលិខិតសុំសិទ្ធិធ្វើនយោបាយ អតីតសមាជិកគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានស្នើសុំនីតិសម្បទានយោបាយឡើងវិញ ដោយផ្អែកតាមមាត្រា៤៥ថ្មី(ស្ទួនមួយ)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ។
ពួកគេទាំង២នាក់ គឺជាបុគ្គលក្នុងចំណោមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ១១៨នាក់ ដែលត្រូវបានកាត់សិទ្ធិមិនឲ្យធ្វើនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពេលដែលគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយដោយតុលាការកំពូល។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ក្រសួងមហាផ្ទៃ បានទទួលលិខិតស្នើសុំនីតិសម្បទានយោបាយពីសំណាក់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ និងបានបញ្ជូនទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីអនុម័តបន្ត។
លោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ VOA ថា លោកបានដាក់ពាក្យសុំថ្ងៃទី១៧ ខែឧសភា ក្នុងគោលបំណងបន្តអាជីពផ្នែកនយោបាយរបស់លោក។
លោកមានប្រសាសន៍ថា៖ «ខ្ញុំដាក់ក្នុងគោលបំណង ដើម្បីបន្តអាជីពនយោបាយរបស់ខ្ញុំក្នុងលម្ហប្រជាធិបតេយ្យមួយតទៅទៀត ដើម្បីកុំឲ្យគេយកសិទ្ធិនយោបាយរបស់ខ្ញុំទៅចងទុកចោលរយៈពេលជាង៣ឆ្នាំហើយ ដោយឃើញថាខាតពេលខាតវេលាច្រើន»។
លោកបន្ថែមថា លោកមានផែនការចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា ដែលបង្កើតឡើងដោយលោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីពេលកន្លងទៅ។ លោកបានបន្តថា លោកនឹងចូលរួមការបោះឆ្នោតឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាការបោះឆ្នោតមួយ ដើម្បីកសាងការគាំទ្រនៅថ្នាក់មូលដ្ឋាន។
លោក ផាន់ ច័ន្ទសាក់ ក៏សង្ឃឹមថា សមាជិកផ្សេងទៀតនឹងចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា ដើម្បីប្រកួតប្រជែងគ្នានៅការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។
VOA មិនអាចទាក់ទងសុំយោបល់ពីលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានទេនៅថ្ងៃអង្គារនេះ។
គិតមកត្រឹមពេលនេះ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន២២រូបហើយ ដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយមានការស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សកែទម្រង់កម្ពុជា ដែលទើបនឹងបង្កើតឡើងនាពេលថ្មីៗនេះ ក្រោយពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ស្វាគមន៍ការចូលរួមរបស់របស់លោក ផាន់ ច័ន្ទសាក់ និងថាការចូលរួមពីសំណាក់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ នឹងជួយជ្រោមជ្រែងតុល្យភាពនៃការប្រកួតប្រជែងក្នុងលម្ហប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា៖ «ប្រកួតប្រជែងនេះ យើងគិតថា មិនមែនស៊ីសាច់ ហុតឈាមអីទេ។ ប៉ុន្តែយើងចង់ធ្វើម៉េចឲ្យមានតុល្យភាពអំណាចនៅក្នុងប្រទេស។ រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងហ្នឹង។ ហើយបើសិនជាយើងនៅរាយប៉ាយ យើងមិនធ្វើអីទេ ខ្ញុំជឿថាគណបក្សកាន់អំណាច លោកនឹងកាន់អំណាចបន្តដោយរបៀបជិះសេះលែងដៃហ្នឹង រាប់សិបឆ្នាំតទៅទៀតហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន បដិសេធសុំមិនបញ្ចេញយោបល់ថាតើលោក ប៉ុល ហំម នឹងចូលរួមជាមួយគណបក្សកែទម្រង់ របស់លោកឬយ៉ាងណា។ លោកទុកឲ្យលោក ប៉ុល ហំម ប្រកាសផ្ទាល់ពីផែនការនយោបាយរបស់លោក ក្រោយទទួលបានសិទ្ធិធ្វើនយោបាយ។
លោក មាស នី អ្នកវិភាគសង្គមនិងនយោបាយមួយរូប មានប្រសាសន៍ថា នេះជាសិទ្ធិរបស់បុគ្គលក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយ និងស្របតាមច្បាប់អនុញ្ញាតសម្រាប់មន្ត្រីណាដែលសុំសិទ្ធិធ្វើនយោបាយ។ យ៉ាងណាក្តី លោកបានបង្ហាញមន្ទិលអំពីការបង្កើតគណបក្សថ្មី។
លោកថ្លែងថា៖ «សំខាន់ត្រង់ថាការបង្កើតគណបក្សនេះ គឺជាការបង្កើតគណបក្ស គ្រាន់តែបំបែកអ្នកប្រជាធិបតេយ្យ ឲ្យទៅជារួមតូចល្អិតៗទៀត ឬក៏គេបង្កើតឡើង ក៏ប៉ុន្តែគេនៅតែត្រៀមលក្ខណៈ ក្នុងការចូលរួមក្នុងចលនាប្រជាធិបតេយ្យណាមួយនៅពេលខាងមុខ។ នោះគឺជាទិសដៅសំខាន់ដែលយើងមិនទាន់បានមើលឃើញនៅពេលឥឡូវទៅ»។
លោក មាស នី បន្ថែមថាការបង្កើតគណបក្សតូចៗ អាចមានផលអវិជ្ជមានទៅវិញ ប្រសិនបើគោលបំណងចម្បង គឺដើម្បីដណ្តើមអំណាចរវាងគ្នា ជាជាងប្រជែងនឹងគណបក្សកាន់អំណាច ឬរួមសាមគ្គីគ្នាឡើងវិញនៅពេលណាមួយខាងមុខ។
លោកបន្ថែមថា៖ «ដោយគ្រាន់តែគណបក្សតូចៗនីមួយៗចេញមកហើយ ដណ្តើមគ្នាធ្វើការដណ្តើមគ្នាយកកន្លែង ដើម្បីយកប្រជាប្រិយភាពរៀងខ្លួន អាហ្នឹងជាទិដ្ឋភាពទូទៅគឺ គណបក្សកាន់អំណាចគឺតែមានឱកាសឈ្នះអាណត្តិតទៅទៀតបាទ។ ក៏ប៉ុន្តែបើសិនជាគាត់យល់ឃើញថាការទាមទារ ឬការតស៊ូដើម្បីប្រជាធិបតេយ្យតែម្នាក់ឯងទៅមិនរួចទេ ត្រូវការទាមទារកម្លាំងធំថែមទៀត ការរួមសាមគ្គីគ្នាវិញ អាហ្នឹងជាដំណោះស្រាយមួយទៀត»។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញចុងក្រោយបង្អស់ កាលពីពាក់កណ្តាលខែឧសភា រួមមានលោក យ៉ែម បុញ្ញឬទ្ធិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិង លោកមុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា រួមទាំងមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន៥រូបផ្សេងទៀត៕