នៅសល់ពេលមិនដល់មួយឆ្នាំផង មុននឹងការបោះឆ្នោតឃុំសង្កាត់ចូលមកដល់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានសម្រេចបង្កើតគណបក្សថ្មីមួយ ដែលលោកថាមិនមែនជា «សួនលម្អប្រជាធិបតេយ្យ» ឲ្យគណបក្សកាន់អំណាចឡើយ។
លោក អ៊ូ ច័ន្ទរ័ត្ន ដែលបានទទួលសិទ្ធិធ្វើនយោបាយ តាមរយៈការស្នើសុំទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ពាក្យស្នើសុំបង្កើតគណបក្សមួយឈ្មោះថា «កែទម្រង់កម្ពុជា» ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃច័ន្ទ។ ការដាក់ពាក្យស្នើសុំជាផ្លូវការនេះ ក្រោយលោកបានប្រកាសរង់ចាំការវិលត្រឡប់របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិផ្សេងទៀត ចូលប្រទេសវិញ ប៉ុន្តែគម្រោងនោះមិនបានសម្រេច។
ទោះប្រឈមការរិះគន់មួយចំនួន អតីតអ្នកនយោបាយគណបក្សសង្រ្គោះជាតិរូបនេះ លើកឡើងថាបក្សនយោបាយថ្មីនេះមិនមែនជា «សួនលម្អប្រជាធិបតេយ្យ» សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក «គណបក្សកែទម្រង់កម្ពុជា» មានប្រសាសន៍ថា គណបក្សរបស់លោកនឹងត្រៀមចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលរដ្ឋាភិបាលកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ នៅពេលត្រូវបានអនុញ្ញាតឲ្យបង្កើតដោយក្រសួងមហាផ្ទៃ។
លោកមានប្រសាសន៍ថា៖ «យើងនឹងរៀបចំរចនាសម្ព័ន្ធនៅមូលដ្ឋាននៅស្រុកខេត្តនិងថ្នាក់ជាតិ។ ហើយប្រាកដណាស់ យើងធ្វើនេះដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ២០២២ នេះ»។
ទោះជាយ៉ាងណា លោកថា ប្រសិនបើគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូល កាលពីឆ្នាំ ២០១៧ ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ គណបក្ស «កែទម្រង់កម្ពុជា» នឹងផ្អាកសកម្មភាពរបស់ខ្លួន ហើយលោកនឹងត្រឡប់មកចូលរួមជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលមានលោក សម រង្ស៊ី និងលោកកឹម សុខា វិញ។
លោក អ៊ូ ច័ន្ទរ័ត្ន បានការពារខ្លួនលោកថា ការបង្កើតគណបក្សនេះ មិនមែនសម្រាប់ប្រយោជន៍បុគ្គលនោះទេ ដោយលោកចាត់ទុកថាការលើកឡើងនេះ គ្រាន់តែជា «ការលាបពណ៌ មូលបង្កាច់» តែប៉ុណ្ណោះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងបានទទួលស្គាល់ការដាក់ពាក្យស្នើសុំបង្កើតគណបក្សនយោបាយរបស់លោក អ៊ូ ច័ន្ទរ័ត្ន។ ប៉ុន្តែលោកថា ពាក្យសុំបង្កើតគណបក្សមិនទាន់គ្រប់គ្រាន់តាមការកំណត់របស់ច្បាប់នោះទេ ដោយសារនៅខ្វះឯកសារបញ្ជាក់ស្នាមមេដៃសមាសភាពចំនួន ៨០ នាក់ ដែលជាអ្នកទ្រទ្រង់បង្កើតគណបក្សនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនោះ បញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន បានធ្វើកិច្ចសន្យាជាមួយក្រសួងថា នឹងប្រគល់ឯកសារបញ្ជាក់ស្នាមមេដៃសមាសភាព នៅមុនថ្ងៃទី១៥ ខែមីនា។
លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិម្នាក់ មានប្រសាសន៍ថា លោកសង្កេតឃើញអតីតមន្រ្តីគណបក្សប្រឆាំងដែលទទួលសិទ្ធិធ្វើនយោបាយឡើងវិញ បានបង្កើតគណបក្សនយោបាយថ្មី ក្នុងគោលបំណងស្រោចស្រង់គណបក្សសង្រ្គោះជាតិឡើងវិញ។
ទោះជាយ៉ាងណា លោកនៅមានមន្ទិលនៅឡើយជុំវិញការបង្កើតជាគណបក្សតូចៗរៀងខ្លួន ដែលលោកថា ពិបាកក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
លោកមានប្រសាសន៍ថា៖ «អតីតអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិហ្នឹងគាត់ថា គាត់ចង់ជ្រោងបក្សសង្រ្គោះជាតិ ដោយសារសុំសិទ្ធិនយោបាយ ដោយរកវិធីណាឲ្យគេដោះឪពុកម្តាយ មានន័យថា ដោះមេ ឬដោះវិបត្តិនយោបាយជាប់គាំង។ ប៉ុន្តែកន្លងមក អ្នកនយោបាយសុំសិទ្ធិជាងមួយឆ្នាំហ្នឹង គឺថាគាត់មិនបានធ្វើអីសោះ»។
លោក មាជ សុវណ្ណារ៉ា ឲ្យដឹងទៀតថា អតីតមន្រ្តីបក្សសង្រ្គោះជាតិផ្សេងទៀត បានបង្កើតគណបក្សផ្សេងៗគ្នា ដូចជាគណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សអភិរក្សនិយម និងគណបក្សឆន្ទៈខ្មែរជាដើម។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងពួកគាត់សុទ្ធតែអះអាងថា នឹងជ្រោងដួងព្រលឹងសង្រ្គោះជាតិ ចុះថា ហេតុអីបានជាយើងមិនរួមគ្នា ដើម្បីបង្កើតជាកម្លាំងធំនៃគណបក្សនយោបាយ។ តើជាឆន្ទៈយើង ឬក៏យើងដើរនៅក្នុងអ្វីដែលបក្សគាត់អំណាចហ្នឹង គេចង់បាន?»។
លោកបន្ថែមថា៖ «ពួកគាត់មិនអាចអូសទាញបេះដូងប្រជាជនបោះឆ្នោតបានទេ។ ខ្ញុំហ៊ាននិយាយអ៊ីចឹង ដោយសារតែខុសកាលៈទេសៈ។ កាលៈទេសៈនេះ គេកំពុងមើលឃើញ សម រង្ស៊ី និងកឹម សុខា អញ្ចឹងក្នុងសារនេះអន្តរជាតិ ក៏គេកំពុងមើលវិបត្តិនយោបាយ អន្តរជាតិកំពុងតែរកដំណោះស្រាយ។ ហើយដល់ពេលយើងឆក់ឱកាសដើម្បីទៅយកឈ្មោះ ដួងព្រលឹងសង្គ្រោះជាតិយើងមកប្រាប់ប្រជាពលរដ្ឋក៏គេអត់ជឿជាក់ដែរ»។
នៅពេលសួរទាក់ទងនឹងលទ្ធភាពដែលលោក កឹម សុខា ឬលោក សម រង្ស៊ី មកធ្វើជាថ្នាក់ដឹកនាំគណបក្ស «កែទម្រង់កម្ពុជា» នេះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលបង្កើតគណបក្សថ្មី ថ្លែងថា លោកព្រមទទួលអ្នកទាំងពីរឲ្យធ្វើជាថ្នាក់ដឹកនាំគណបក្សមួយនេះ។
លោកមានប្រសាសន៍ថា៖ «ប្រាកដណាស់យើងអាចអញ្ជើញមកធ្វើជាប្រធាន ប្រសិនបើលោកទទួលយល់ព្រម។ ហើយមកដល់ពេលនេះ ខ្ញុំមិនចង់ពាក់ព័ន្ធទេ ព្រោះមានការធ្វើសេចក្តីថ្លែងការណ៍ពីសំណាក់មេធាវីលោកកឹម សុខា ហើយៗថា មិនអាចយកឈ្មោះលោកមកពាក់ព័ន្ធ ឬកេងចំណេញនយោបាយទេ»។
ទោះជាយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងថា លោកមិនទាន់មើលឃើញលទ្ធភាពដែលមេដឹកនាំទាំងពីរអាចត្រឡប់មកឆាកនយោបាយវិញនោះទេ ខណៈម្នាក់ៗកំពុងជាប់ក្នុងសំណុំរឿងរបស់តុលាការ។
លោកមានប្រសាសន៍ថា៖ «ម្យ៉ាងទៀត ឥឡូវនេះ លោកប្រធាន សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញហ្នឹងកាត់ទោសលោកថា មានទោស។ ដូច្នេះការពាក់ព័ន្ធជាមួយនឹងឈ្មោះលោក គឺមិនអាចយកមកប្រើប្រាស់ទេ»។
លោក មាស នី អ្នកវិភាគនយោបាយនៅកម្ពុជា មានប្រសាសន៍ថា ការទាញបានការគាំទ្រពីប្រជាពលរដ្ឋ អាស្រ័យលើគោលនយោបាយរបស់គណបក្ស «កែទម្រង់កម្ពុជា»។
លោកមានប្រសាសន៍ថា៖ «ការគ្រប់គ្រងរបស់បក្ស ឬកំណែទម្រង់នៅក្នុងការលើកកម្ពស់គោលនយោបាយណាមួយ កំណែទម្រង់គោលនយោបាយណាមួយ ដែលវាអាចធ្វើឲ្យមានការប្រកួតប្រជែងគ្នាទៅនឹងការរៀបចំគោលនយោបាយសម្រាប់សង្គមជាតិ សម្រាប់ប្រទេសជាតិអាហ្នឹង វាជារឿងសំខាន់សម្រាប់គណបក្សហ្នឹងបាទ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់លើកឡើងថា បក្សកាន់អំណាចស្វាគមន៍ការបង្កើតគណបក្សនយោបាយថ្មី។ លោកលើកឡើងថា គណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលដោយការប្រព្រឹត្តបទល្មើស មិនមែនដោយសារគណបក្សកាន់អំណាចមានចេតនារំលាយចោលទេ៕