ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ទទួល​​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​​ប្រឈម​បណ្តឹង​តុលាការ


រូបឯកសារ៖ លោក​ ថាច់​ សេដ្ឋា​ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ ផ្តល់បទសម្ភាសន៍នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់ ​VOA អំពី​ប្រវត្តិ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ និង​ការ​ព្យាយាម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​ដែល​កំពុង​ស្ថិត​នៅ​ក្រោម។
រូបឯកសារ៖ លោក​ ថាច់​ សេដ្ឋា​ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ ផ្តល់បទសម្ភាសន៍នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់ ​VOA អំពី​ប្រវត្តិ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ និង​ការ​ព្យាយាម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​ដែល​កំពុង​ស្ថិត​នៅ​ក្រោម។

លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​ផ្តល់​នីតិ​សម្បទា​ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​លោក​កំពុង​បន្ត​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​រួម​គំនិត​ក្បត់​និង​ញុះញង់​ឲ្យ​មាន​ចលាចល។

លោក ថាច់ សេដ្ឋា មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​បក្ស​ប្រឆាំង​និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១១៨​នាក់ ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គ្រា​ដែល​គណបក្ស​ប្រឆាំងត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល។

ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​១២ ខែ​មេសា​ ឲ្យ​ដឹង​ពីការ​ផ្តល់សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​លោក ថាច់ សេដ្ឋា។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​VOA​ថា​លោក ថាច់ សេដ្ឋា បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ ដែល​ទទួល​បាន​ការ​យល់​ព្រមពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ​ព្រះមហាក្សត្រ​បាន​ព្រះ​រាជ​ទាន​ផ្តល់នីតិ​សម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​ដល់លោក តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក ថាច់ សេដ្ឋា ប្រាប់​VOA នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​លោក​មិន​ទាន់​ទទួល​បាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ដោយ​ឃើញ​តែ​តាម​ព័ត៌មាន។ លោក​បាន​បដិសេធ​មិន​អធិប្បាយ​នា​ពេល​នេះ​ទាក់ទង​នឹង​សំណួរ​ថា​តើ​លោក​មាន​គម្រោង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ និង​បណ្តឹង​ប្រឆាំង​រូប​លោក​ ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​រាជធានី​ភ្នំពេញ។

លោក​បាន​ថ្លែង​ថា៖ «ដូចខ្ញុំ​បាន​ជម្រាប​អញ្ចឹង ខ្ញុំ​សូម​អត់​ទាន់​ឆ្លើយ​អី​ទាំង​អស់​នៅ​ពេល​មិន​ទាន់​បាន​ព្រះ​រាជក្រឹត្យ​មក​ ខ្ញុំ​សូម​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អី​ទេ។ ខ្ញុំ​ថា​មិន​យូរ​ទេ បើ​សិន​ជា​មាន​រាជក្រឹត្យ​អី​ច្បាស់​លាស់​ ខ្ញុំ​នឹង​ជម្រាប​ជូន»។

កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​ថាច់ សេដ្ឋា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​លោក​មិន​ដឹង​ពី​ហេតុ​ផល​ជាក់​លាក់​ណា​មួយ​ដែល​នាំឲ្យ​លោក​ស្ថិត​នៅ​ក្រោម​បទ​ចោទ​ប្រកាន់​ញុះញង់និង​សម​គំនិត​ក្បត់​នោះ​ទេ។ ការ​ចោទ​ប្រកាន់​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី មេដឹកនាំបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស កាល​ពី​ឆ្នាំ​២០១៩។ សំណុំ​រឿង​របស់​លោក​កំពុង​បន្ត​ក្នុង​នីតិវិធី​របស់​តុលាការ ខណៈ​ជំងឺ​កូវីដ​១៩ បាន​បង្ក​ជា​ឧបសគ្គ​នៃ​ដំណើរ​ការ​សំណុំ​រឿង​នេះ។

លោក​មាន​ប្រសាសន៍​កាល​នោះ​ថា៖ «ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​យើង មិន​មែន​ជា​មនុស្ស​សម​គំនិត។ សម​គំនិត​ក្បត់​ហ្នឹង​ មិន​ដឹង​សម​គំនិត​ក្បត់​នរណា​ទៀត។ អត់​ដឹង​ក្បត់​នរណា។ រួម​គំនិត​ក្បត់​ជាតិសាសន៍​ឯង? អញ្ចឹង​យើង​អត់​ដឹង​យើង​សមគំនិត​ជាមួយ​នរណា​គេ។ មក​នេះ​ មក​ទាំង​អត់​ដឹង​ថា ខ្ញុំ​មាន​ទោស​អី​ ខុស​អី​ទៅ​ទៀត»។

លោក អ៊ូ ច័ន្ទរ័ត្ន អតី​តមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប និង​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​បង្កើត​គណបក្ស​មួយ មាន​ប្រសាសន៍​ថា​ការ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ​ពី​សំណាក់​អតីត​សមាជិក​គណ​បក្ស​សង្រ្គោះជាតិ ​គឺ ​ដោយ​សារ​តែ​ការ​ពុំ​មានជម្រើស​អ្វី​ដែល​ប្រសើរ​ជាង​នេះ ស្រប​ពេល​មិន​ទាន់​មាន​គោល​ជំហរ​ជជែក​ពិភាក្សា​ដើម្បី​ស្តា​លម្ហប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ស្វាគមន៍ ពីព្រោះ​មិន​មាន​ជម្រើស​អ្វី​ ព្រោះ​យើង​ដើរ​ដល់​ផ្លូវ​មួយ​ដែល​ទ័ល​ហើយ​។ ក្រៅ​ពី​ស្នើ​សិទ្ធិ​ធ្វើ​នយោបាយ​ហ្នឹង​ មិនមាន​សិទ្ធិ​អី​ទេ។ បើ​យើង​ចង់​ធ្វើ​នយោបាយ​ត​ទៅ​ទៀត​ ចង់​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ មាន​តែ​ជម្រើស​មួយ​ហ្នឹង​ទេ»។

លោក​បន្ត​ថា​លោក​មាន​ជំនឿ​ថា​នៅ​ពេល​បុគ្គល​ណា​ម្នាក់​ទទួល​បាន​នីតិ​សម្បទា​ធ្វើ​សកម្មភាព​នយោ​បាយ​ឡើង​វិញ បទ​ចោទប្រកាន់​ដទៃ​ទៀត​ប្រឆាំង​នឹង​បុគ្គល​នោះ​ ត្រូវ​តែ​ទម្លាក់​ចោល បើ​មិន​ដូច្នេះ​នឹង​បង្ក​ជា​ការ​ប៉ះពាល់​មក​លើ​សិទ្ធិ​ធ្វើ​នយោបាយ​ពេញ​លេញ។

លោក​ អ៊ូ ច័ន្ទ​រ័ត្ន​ ​បន្ថែម​ថាទាំង​អ្នក​ទទួល​បាន​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ​និង​អ្នក​មិន​ទាន់​ទទួល​បាន គួរ​ប្រកាន់​យក​នូវ​«ស្មារតី​រួបរួម​គ្នា» ដើម្បី​អាច​ប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច។

លោក មាស នី​ អ្នក​វិភាគ​សង្គម មាន​ប្រសាសន៍​ថា​ការ​កៀរ​គរ​យក​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ជា​រឿង​សំខាន់ ប្រសិន​បើ​បុគ្គល​នេះ​ឈាន​ចូល​ឆាក​នយោបាយ​ឡើង​វិញ​តាមរយៈ​ការ​បង្កើត​គណបក្ស​ថ្មី ឬ​ចូលរួម​ក្នុង​គណបក្ស​ណា​មួយ​។ ​លោក​យល់​ឃើញ​ថា​ការ​ផ្តល់​សិទ្ធិ​សេរីភាព​នយោ​បាយ​គឺ​ស្រប​នឹង​គោលការណ៍​ចែង​នៅ​ក្នុង​ច្បាប់​កម្ពុជា ប៉ុន្តែ​លោក​បារម្ភ​អំពី​ការ​បន្ត​តាម​ដាន​លើ​សកម្មភាព​របស់​ពួកគេ។

លោក​បញ្ជាក់​ថា៖ «វា​មិន​សំខាន់​អ្វី​ពី​រឿង​លម្ហ​នយោបាយ​មាន​ឬ​មិន​មាន​ទេ ពីព្រោះ​បើ​សិន​ជា​ការ​ចាក​ចេញ​មក​ហើ​យ​ ប៉ុន្តែ​ការរឹតត្បិត ការ​តាមដាន​ ការ​តាម​ពិនិត្យ​សកម្មភាព​របស់​បុគ្គល​ នៅ​តែ​មាន​បន្ត​ទៅ​នោះ អាហ្នឹង​លម្ហ​ក៏​មិន​អាច​នឹង​មាន​ត​ទៅ​ទៀត​ដែរ​បាទ»។

អ្នក​វិភាគ​សង្គម​រូប​នេះ​បាន​លើក​ឡើង​បន្តថា​ការ​ដោះស្រាយ​ពី​បទ​ចោទ​ប្រកាន់​ដទៃ​ទៀត​ជា​រឿង​សំខាន់​ផង​ដែរ ប្រសិន​បើ​បុគ្គល​ទើប​ទទួល​បាន​នីតិ​សម្បទា សម្រេច​ចិត្ត​ចូល​ធ្វើ​នយោបាយ​ឡើងវិញ។

រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​មេសា​នេះ លោក ថាច់ សេដ្ឋា ជា​អ្នក​នយោបាយទី​១៥ ដែល​ទទួល​បាន​នីតិ​សម្បទា​ដើម្បី​ធ្វើ​នយោ​បាយ​ឡើង​វិញ។ អ្នក​ផ្សេង​ទៀត រួម​មានលោក គង់ គាំ លោក​ គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក​ រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី ទេព សុទ្ធី លោក កង គឹមហាក់ លោក ជីវ កត្តា លោក​ ច័ន្ទ សិលា លោក សុន ឆ័យ លោក​ តាវ គឹមឈន លោក ​វ៉ា សាម៉ុន លោក ស៊ុន សុភ័ក្រ និង​លោកស្រី លី ស្រីវីណា​។ ពួកគេ​មួយ​ចំនួន​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី ក្រោយ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG